CamNews

ព័ត៌មានអន្តរជាតិ 

ស្ថានទូតចិន ព្រមានអំពីជំងឺសួត ដ៏ប្រល័យម្យ៉ាង

ក្ដីបារម្ភ បានកើតមាន ចំពោះមរណភាពនៃមនុស្សជាច្រើន ដោយសារជំងឺសួតម្យ៉ាងឈ្មោះ pneumonia នៅក្នុងប្រទេសកាហ្សាក់ស្ថាន ហើយក្រុមអ្នកយកព័ត៌មានរបស់ BBC រិះរកមូលហេតុ ដែលនាំឱ្យកើតជំងឺនេះ ។



ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន បានរាយការណ៍ថា ស្ថានទូតចិនប្រចាំ នៅកាហ្សាក់ស្ថាន បានក្រើនរំលឹកប្រជាជនរបស់ខ្លួនអំពីជំងឺសួត pneumonia ដែលត្រូវបានគេបង្ហាញឱ្យដឹងថា វាកាចសាហាវជាងជំងឺ ខូវីដ ១៩ ទៅទៀត។

ជំងឺសួត pneumonia បានបណ្ដាលឱ្យមនុស្សស្លាប់ ១,៧៧២ នាក់ ត្រឹមរយៈពេល ៦ ខែនៃឆ្នាំ ២០២០ នេះ ដោយរួមបញ្ចូលទាំងមនុស្ស ៦២៨ នាក់ ត្រឹមតែ ១ ខែមិថុនា ។ នេះ បើយោងតាមតួលេខរបស់រដ្ឋាភិបាលកាហ្សាក់ ដែលបានចុះផ្សាយ កាលពីលើកមុន ។ តួលេខនោះ បានបង្ហាញថា អត្រាមរណភាពដោយជំងឺសួតនេះ ខ្ពស់ជាងជំងឺខូវីដ ១៩ ទៅទៀត ។

ស្ថានទូតខាងលើ បាននិយាយថា អាជ្ញាធរ កាហ្សាក់ បាននិងកំពុងព្យាយាមកំណត់អត្ដសញ្ញាណនៃមូលហេតុ តែទោះយ៉ាងណា ជំងឺនេះ កាលពីមុនត្រូវបានគេចាត់ចំណាត់ថា ជាជំងឺសួតធម្មតា ។

ប្រទេសកាហ្សាក់ស្ថាន បានបញ្ជាក់អំពីករណីឆ្លងជំងឺខូវីដ ១៩ ចំនួន ៥៤,០០០ ករណី និងស្លាប់ចំនួន ២៦៤ នាក់ ៕

ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ BBC