CamNews

ព័ត៌មានអន្តរជាតិ 

New York Times៖ លោកត្រាំ បង់ពន្ធចូលរដ្ឋតែ $ 750 ប៉ុណ្ណោះ នៅក្នុងឆ្នាំ 2016 និង 2017

កាសែត New York Times បាននិយាយថា លោក ដូណាល់ត្រាំ បង់ពន្ធតែ ៧៥០ ដុល្លារប៉ុណ្ណោះ ចូលទៅក្នុងចំណូលពន្ធរដ្ឋសហព័ន្ធទាំងនៅក្នុងឆ្នាំ ២០១៦ ជាឆ្នាំដែលលោកឈរឈ្មោះជាបេក្ខភាពប្រធានាធិបតី និងនៅក្នុងឆ្នាំទី១ ដែលលោកចូលកាន់តំណែង នៅក្នុងសេតវិមាន ។  

កាសែតខាងលើ ដែលនិយាយថា ខ្លួនទទួលបានរបាយការណ៍ពន្ធអាករ សម្រាប់លោកត្រាំ និងក្រុមហ៊ុនរបស់លោកជាង ២ ទសវត្សរ៍មកនេះ ក៏បាននិយាយផងដែរថា លោកពុំបានបង់ពន្ធទាល់តែសោះ នៅក្នុងរយៈពេល ១០ ឆ្នាំ នៃរយៈពេល ១៥ ឆ្នាំកន្លងទៅ ។ កាសែតនេះ បន្ថែមថា  របាយការណ៍បញ្ចេញឱ្យដឹងពីការបាត់បង់ចំណូលពន្ធដ៏ច្រើន និងឆ្នាំគេចវេះពន្ធ។



តែផ្ទុយទៅវិញ លោកត្រាំ បានហៅរបាយការណ៍នោះថា ជា”ព័ត៌មានក្លែងក្លាយ” ។ លោកបាននិយាយប្រាប់អ្នកកាសែតក្រោយពីព័ត៌មានមិនបង់ពន្ធ ចុះផ្សាយកាលពីថ្ងៃអាទិត្យថា ៖”ខ្ញុំពិតជាបានបង់ពន្ធ ។ ហើយអ្នកនឹងបានឃើញ នៅពេលរបាយការណ៍ពន្ធដាររបស់ខ្ញុំបញ្ជូនមកវិញ ។ វាកំពុងស្ថិតក្រោមការត្រួតពិនិត្យ(audit) ។ ឯកសារពន្ធដារទាំងនោះ បានស្ថិតក្រោមការត្រួតពិនិត្យយូរមកហើយ” ។ លោកបន្ថែមថា ៖” ស្ថាប័នសេវាកម្មចំណូលផ្ទៃក្នុង [Internal Revenue Service]  ធ្វើមិនគប្បីចំពោះខ្ញុំទាល់តែសោះ...........ពួកគេពិតជាធ្វើអាក្រក់ចំពោះខ្ញុំមែន”។

លោកត្រាំប្រឈមនឹងឧបសគ្គផ្នែកច្បាប់ ចំពោះការបដិសេធមិនផ្ដល់ឯកសារពាក់ព័ន្ធនឹងទ្រព្យសម្បត្ដិ និងអាជីវកម្មរបស់លោក ។ លោកជាប្រធានាធិបតីទី១ ចាប់តាំងពីទសវត្សរ៍ឆ្នាំ ១៩៧០ ដែលមិនប្រកាសពីរបាយការណ៍ពន្ធអាករជាសាធារណៈ បើទោះជាចំណុចនេះ ពុំមានច្បាប់តម្រូវក៏ដោយ ។

កាសែតដដែល បាននិយាយថា ព័ត៌មាននៅក្នុងរបាយការណ៍របស់ខ្លួន ត្រូវបានផ្ដល់ជូនដោយប្រភពជាច្រើន ដែលមានការអនុញ្ញាតពីផ្នែកយុត្ដាធិការ ក្នុងការទទួលបាន ។

របាយការណ៍នេះ ត្រូវបានបញ្ចេញរយៈពេលប៉ុន្មានថ្ងៃប៉ុណ្ណោះ នៅមុនការពិភាក្សាបេក្ខភាពប្រធានាធិបតី ជាមួយបក្សប្រឆាំងប្រជាធិបតេយ្យលោក Joe Biden និងរយៈពេលប៉ុន្មានសប្ដាហ៍មុនការបោះឆ្នោតថ្ងៃទី ៣ វិច្ឆិកា ៕

ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ BBC