CamNews

តារា 

សារាយ សក្ខណា អវត្តមាន ក្នុង​ការ​សម្ពោធ​រឿង​ជា​ស្នាដៃ ចុងក្រោយ

ភ្នំពេញៈ ថ្ងៃសម្ពោធខ្សែភាពយន្ត បែបខ្មោចព្រាយ បិសាច របស់ផលិតកម្ម LD Picture មានចំណងជើងថា "ក្រឡអីហ្នឹង?" ដែលជា វណ្ណកម្មថ្មីលើកទី៦ ដោយចាយទុនជិត ៥ម៉ឺនដុល្លារនោះ គេសង្កេតឃើញថា មានវត្តមានតារា សម្តែងក្នុងរឿងនេះ ជាច្រើនដួង បានបង្ហាញវត្តមាន ទៅចូលរួមអបអរសាទរ លើកលែងតែ អ្នកនាង សារាយ សក្ខណា បានអវត្តមានក្នុង ការសម្ពោធរឿង ដែលជាស្នាដៃ ចុងក្រោយរបស់នាង ដោយសារតែ នាងកំពុងរស់នៅ លើទឹកដីអាមេរិក និងកំពុងរៀបមង្គលការ ជាលើកទី២ ក្នុងរដ្ឋវ៉ាស៊ីនស្តេត ក្រោមវត្តមានភ្ញៀវ ចូលរួមប្រហែលជាង៥០តុ នៅថ្ងៃទី២៩ខែមីនា ឆ្នាំ ២០១៤នេះ។

ក្នុងឱកាសបើកសម្ពោធ ចាក់បញ្ចាំង ជាផ្លូវការ រឿង"ក្រឡអីហ្នឹង?" ឯរោងភាពយន្ត លុច្ស នៅពេលនេះ មានការអញ្ជើញចូលរួម ផ្ដល់កិត្តិយសពី សំណាក់លោក ស៊ិន ចាន់សាយ៉ា ប្រធាននាយកដ្ឋានភាពយន្ត និងទស្សនីយភាព នៃក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ លោក លៀក លីដា ចាងហ្វាងផលិតកម្ម LD Picture និងតួសម្ដែងជា ច្រើនដូងជា អ្នកនាង សុខ សោម៉ាវត្តី នាង ខ្ញុង នាយគ្រឿន លោក ជា សុវណ្ណនរាហ៍ នាង អ៊ីត នាយក្រូច អ្នកដឹងនាំសម្ដែង លោក ឌៀប សុវណ្ណតារា ព្រមទាំង ទស្សនិកជន ចូលរួមទស្សនា យ៉ាងច្រើនកុះករ ។ ដោយឡែកតារាស្រីសម្តែងជាតួខ្មោច ដែលមានភាពលេចធ្លោមួយរូប ក្នុងរឿងនេះ អ្នកនាង សារាយ សក្ខណា បែរជាអាក់ខាន មិនបានចូលរួមក្នុងរឿង ជាស្នាដៃចុងក្រោយ មុនបញ្ចប់សិល្បៈ ។

ជួបជាមួយអ្នកសារព័ត៌មាន នៅក្នុងពិធីសម្ពោធរឿង “ក្រឡអីហ្នឹង?” នៅមុខរោងកុនលុច្ស អ្នកស្រី ចាប ផាន់សម្ផស្ស ម្តាយរបស់ អ្នកនាង សារាយ សក្ខណា បានប្រាប់ឲ្យដឹងថា សម្រាប់រឿងចុងក្រោយនេះ កូនស្រីអ្នកស្រី មិនបានចូលរួមទេ គឺអ្នកស្រីមកជំនួស ដោយសារពេលនេះកូនស្រី កំពុងតែស្ថិតនៅអាមេរិក។ "សម្រាប់កូនស្រីខ្ញុំ ពិតជាមានការសោកស្តាយខ្លាំង ព្រោះតែមិនបាន ចូលរួមសម្ពោធរឿង ដែលជាស្នាដៃចុងក្រោយ ។ តែទោះជាយ៉ាងណា ខ្ញុំសង្ឃឹមថាទស្សនិកជន និងគាំទ្រចំពោះរឿងថ្មីនេះ ឲ្យបានកាន់តែច្រើនបន្ថែមទៀត ។ អ្នកស្រី ចាប ផាន់សម្ផស្ស បញ្ជាក់បន្ថែម។

បើទោះជាពេលនេះ សារាយ សក្ខណា មិនបានមកចូលរួម ក្នុងការសម្ពោធរឿងនេះ ក៏ដោយតែម្តាយ របស់នាង បានបង្ហើបឲ្យដឹងបន្ថែមទៀតថា នៅក្នុងរយៈពេល ប្រមាណជាង២ខែទៀត កូនរបស់អ្នកស្រី នឹងមកលេងស្រុកហើយ ។ សម្រាប់ការមកលេងស្រុកនេះ គឺមកលេងជាលក្ខណៈគ្រួសារ មិនបានត្រឡប់មក ចាប់ផ្តើមការងារ ឡើងវិញនោះទេ ហើយការមកលេងនេះ អ្នកស្រីនៅមិន ទាន់ដឹងនៅឡើយទេ ថាកូនស្រីមកលេង ប៉ុន្មានខែច្បាស់ទេនោះទេ ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news Khmer stars Cambodia Ent news