CamNews

ព័ត៌មានជាតិ 

និពន្ធនាយក កាសែតរស្មីកម្ពុជា លោក ប៉ែន សមិទ្ធិ ទទួលមរណភាព ដោយរោគាពាធ

ភ្នំពេញ៖ និពន្ធនាយកកាសែតរស្មីកម្ពុជា និងជាប្រធានក្លឹប អ្នកកាសែតកម្ពុជា លោក ប៉ែន សមិទ្ធិ បានទទួល មរណភាពដោយរោគាពាធ នាព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៥នេះ នៅមន្ទីរពេទ្យកាល់ម៉ែត ក្នុងជន្មាយុ ៥៧ឆ្នាំ។

លោក ប៉ែន សមិទ្ធិ ត្រូវបានគេដឹងថា ជាអ្នកកាសែតជើងចាស់មួយរូប និងល្បាញល្បីផងដែរនៅកម្ពុជា។ លោក បានប្រឡូកអាជីពជាអ្នកព័ត៌មានតាំងពីទសវត្សរ៍ឆ្នាំ៨០។ ក្រៅពីជួយជ្រោមជ្រែងឲ្យកាសែតរស្មីកម្ពុជា ឲ្យមានភាព លេចធ្លោរនៅកម្ពុជាហើយនោះ លោក ប៉ែន សមិទ្ធិ ក៏បានបង្កើតក្លឹបអ្នកកាសែតកម្ពុជា នៅឆ្នាំ២០០០ ដើម្បីការ ពារ និង លើកកម្ពស់សិទ្ធិរបស់អ្នកព័ត៌មាន។

លោក ប៉ែន ប៉ូណា សមាជិកគណៈកម្មាធិការនាយករបស់ក្លឹបអ្នកកាសែតកម្ពុជា និងជាប្រធានស្តីទីក្លឹបអ្នកកាសែត កម្ពុជាផងដែរ បានសម្តែងអារម្មណ៍សោកស្តាយ និងបានហៅមរភាពរបស់លោក ប៉ែន សមិទ្ធិ គឺជាការបាត់បង់ មួយ ដ៏ធំធេងសម្រាប់វិស័យព័ត៌មាននៅកម្ពុជា។

លោក ប៉ែន ប៉ូណា បានមានប្រសាសន៍ថា « ខ្ញុំមានការសោកស្តាយយ៉ាងខ្លាំង នេះគឺជាការបាត់បង់មួយដ៏ធំធេង។ បង ប៉ែន សមិទ្ធិ គឺជាអ្នកកាសែតជើងចាស់មួយរូប ក្នុងចំណោមអ្នកកាសែតជើងចាស់ជាច្រើនរូបទៀត»។

លោក ប៉ែន ប៉ូណា បានបញ្ជាក់ទៀតថា លោក ប៉ែន សមិទ្ធិ ជានិពន្ធកាសែតរស្មីកម្ពុជា ដែលបានជួយឲ្យកាសែត រស្មីកម្ពុជា ឲ្យមានភាពលេចធ្លោរ ហើយលោក ក៏ជាប្រធានក្លឹបអ្នកកាសែតកម្ពុជា ទទួលបានការគោរពស្រឡាញ់ ជាច្រើនពីអ្នកកាសែតនៅកម្ពុជា។

សពរបស់លោក ប៉ែន សមិទ្ធិ នឹងត្រូវតម្កល់ធ្វើបុណ្យតាមប្រពៃណី នៅគេហរដ្ឋានរបស់លោកក្បែររង្វង់មូលផ្សារដើម ថ្កូវ ខណ្ឌចំការមន៕


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh