(ភ្នំពេញ)៖ តារាចម្រៀងស្រីលេចធ្លោ ប្រចាំផលិតកម្មហង្សមាស និងជាអតីតបេក្ខនារី ដ៏លេចធ្លោក្នុងកម្មវិធី «I Am a singer Cambodia» កញ្ញា សួស វីហ្សា ថ្មីៗនេះ នាងបានជួបប្រទះ នូវរឿងរ៉ាវនឹកស្មានមិនដល់ ស៊យផ្ទួនៗគ្នា ក្នុងមួយប៉ប្រិចភ្នែក ជាពិសេសគឺក្នុងថ្ងៃខួបកំណើត របស់តារាចម្រៀង រួមទ្រនំ គឺលោក នៅ ស៊ីនឿន។
សួស វីហ្សា បច្ចុប្បន្នក៏ជាតារាស្រីលេចធ្លោ ជួរមុខម្នាក់ ខណៈបទចម្រៀងរបស់នាង នៅតែមានអ្នកគាំទ្រច្រើនលើសលប់ ជាពិសេសកំឡុងពេលប្រកួតក្នុងកម្មវិធី «I Am a singer Cambodia» ដែលជាបេក្ខនារី មានអ្នកផ្ញើរសារគាំទ្រច្រើន មិនចាញ់លោក ដួង វីរៈសិទ្ធ។ កញ្ញា សួស វីហ្សា ជាអតីតបេក្ខនារីដែលមានសមត្ថភាពច្រៀងបានល្អឥតខ្ចោះ លើគ្រប់វិញ្ញាសារ ដែលកម្មវិធីបានដាក់ឲ្យ។ នាងច្រៀងពីរោះបានគ្រប់ទំរង់ ក្រៅពីនេះអាចរាំរបាំបុរាណ យ៉ាងស្ទាត់ជំនាញ ថែមទាំងលេងឧបករណ៍ភ្លេងបុរាណបានល្អទៀតផង ធ្វើឲ្យនាងកាន់តែលេចធ្លោ។
ប៉ុន្តែមានរឿងស៊យមួយ បានកើតឡើង ក្រោយពីកញ្ញា សួស វីហ្សា បានចាកចេញខួបកំណើត របស់តារាចម្រៀង នៅ ស៊ីនឿន កាលពីពេលថ្មីៗនេះ ខណៈដែលប្រភពស្និទ្ធស្នាលនឹង សួស វិហ្សា បាននិយាយថា គ្រាន់តែចេញពីខួបកំណើត នៅ ស៊ីនឿនភ្លាម នាងបានបាត់ទូរស័ព្ទទំនើបដៃមួយគ្រឿង រកមិនឃើញ ហើយមិនដឹងថា ច្រឡំដៃដាក់ទៅទីណា ដែលទូរស័ព្ទក៏មានតម្លៃថ្លៃគួរសម ។
ក្រៅពីបាត់ទូរស័ព្ទអស់១គ្រឿង តារាចម្រៀង សួស វីហ្សា ជួបរឿងក្រពុលមុខមួយទៀត គឺធ្វើឲ្យបែកដបទឹកអប់ម៉ាកថ្លៃមួយដបទៀត ដោយចៃដន្យ ធ្វើឲ្យនាង មិនសូវសប្បាយចិត្តប៉ុន្មានឡើយ។ ថ្វីត្បិតតែបាត់ទូរស័ព្ទ និងបែកដបទឹកអប់ ប៉ុន្តែ សួស វីហ្សា នៅតែបន្តភាពសប្បាយរីករាយ ជាមួយក្រុមការងារនាងមិនឈប់ឡើយ ព្រោះពួកគេមិនងាយមានឱកាសបានជួបគ្នា យូរៗមានកម្មវិធីម្ដង បាត់របស់អត់បញ្ហា៕






ផ្តល់សិទ្ធិដោយ ៖ ខ្មែរថកឃីង