ស្វាយរៀង ៖ អគ្គនាយកក្រុមហ៊ុនហួត សំរិត ត្រូវបានសមត្ថកិច្ចខេត្ដស្វាយរៀងធ្វើ ការឃាត់ខ្លួនយកទៅ សួរនាំ បន្ទាប់ពីមានប្រជាពលរដ្ឋរាប់រយនាក់ នាំគ្នាដាក់ពាក្យ បណ្ដឹង ដោយប្ដឹងចោទប្រកាន់ក្នុងបទឆ បោកប្រាក់ដែលមានចំនួនរហូតដល់ជាង ៤០ម៉ឺនដុល្លារ ។
ប្រភពព័ត៌មានបានធ្វើការអះអាងឱ្យដឹង ថា ការឃាត់ខ្លួនអគ្គនាយកក្រុមហ៊ុន ហួត សំរិត ខាងលើនេះ បានធ្វើឡើង កាលពី រសៀលថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៤ ម្សិល មិញនេះនៅក្នុងខេត្ដស្វាយរៀង ។ ក្នុងនោះ ជនសង្ស័យដែលត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនយកទៅសួរនាំខាងលើ ត្រូវបានគេអះអាង ថា មានឈ្មោះ ហួត សំរិត ភេទ ប្រុស អាយុ ៣១ឆ្នាំ មានទីលំនៅ នៅក្នុង ខេត្ដស្វាយរៀង ។
ពាក់ព័ន្ធទៅនឹងការឃាត់ខ្លួននេះ ត្រូវ បានគេអះអាងថា ធ្វើឡើងបន្ទាប់ពីមាន ប្រជាពលរដ្ឋចំនួន ៦២១ គ្រួសារ ដែលរស់ នៅក្នុងស្រុកចំនួន២ ដែលរួមមាន ស្រុកមេ សាង ខេត្ដព្រៃវែង និងស្រុករមាសហែក ខេត្ដស្វាយរៀង ដែលបានដាក់ពាក្យបណ្ដឹង ទៅសមត្ថកិច្ច ប្ដឹងឈ្មោះ ហួត សំរិត នេះ ពីបទ ឆបោក ប្រាក់របស់ពួកគាត់ ដែលមាន ទំហំរហូតដល់ជាង ៤០ម៉ឺនដុល្លារសហរដ្ឋ អាម៉េរិកឯណោះ ។
ប្រភពព័ត៌មានបានឱ្យដឹងបន្ថែមថា កាលពីពេលកន្លងទៅ ក្រុមហ៊ុនហួត សំរិត ខាងលើនេះ បានទៅ បញ្ចុះបញ្ចូលប្រជាពល រដ្ឋនៅក្នុងស្រុកមេសាង និងស្រុករមាសហែក ឱ្យចូលរួមជាមួយក្រុមហ៊ុនខ្លួនក្នុង ការទិញភាគហ៊ុនរដ្ឋាករទឹក ។ ប៉ុន្ដែ តាំងពី ប្រជាពលរដ្ឋជឿទៅតាមការឃោសនា នាំគ្នាចំណាយលុយ ទិញភាគហ៊ុនរដ្ឋាករទឹក ជាមួយក្រុមហ៊ុនខាងលើនេះ ដែលអ្នកខ្លះបាន ចំណាយលុយទិញចាប់តាំងពី ៤ម៉ឺនរៀល រហូតដល់អ្នកខ្លះរាប់ពាន់ដុល្លារទៀតនោះ គឺមិនទទួលបានការប្រាក់ ផលចំណេញ ឬកម្រៃ ជើងសារអ្វីពីក្រុមហ៊ុននោះឡើយ ក្រោយមកប្រជាពលរដ្ឋចេះតែនាំគ្នាទៅសួរនាំ ហើយក្រុមហ៊ុន ចេះតែ ដោះសារម្ដង អញ្ចេះ ម្ដងអញ្ចុះ រហូតចុងក្រោយទើប ប្រជាពលរដ្ឋអស់ជំនឿ ហើយចាត់ទុកទង្វើរបស់ ក្រុមហ៊ុនខាងលើ គឺជាការបោកប្រាស់ នោះ ទើបពួកគាត់នាំគ្នាដាក់ពាក្យបណ្ដឹង ទៅសមត្ថកិច្ចដើម្បីប្ដឹង ឱ្យចាត់ការតាមផ្លូវច្បាប់តែម្ដងទៅ ។
សូមបញ្ជាក់ថា មុនឈានដល់ការចាប់ ខ្លួនខាងលើនេះ កាលពីថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៤ កន្លងទៅ នេះ ឈ្មោះ ហួត សំរិត ដែលជាអគ្គនាយកក្រុមហ៊ុន ហួត សំរិត ក៏ បានចេញមុខធ្វើសន្និសីទកាសែត ដោយ ទទួលស្គាល់ថា ក្រុមហ៊ុនពិតជាបានប្រមូល លុយពីប្រជាពលរដ្ឋ មានចំនួនទឹកប្រាក់ខ្ទង់ ជាង ៤០ម៉ឺនដុល្លារពិតប្រាកដមែន។ក្នុងនោះ លោក ហួត សំរិត បានរៀបរាប់ឱ្យដឹងថា កាលពីជាង១ឆ្នាំមុន ក្រុមហ៊ុនបានទៅឃោស នាឱ្យប្រជាពលរដ្ឋចំនួន ២ស្រុក ដែលរួម មានស្រុកមេសាង ខេត្ដព្រៃវែង និង ស្រុករមាសហែក ខេត្ដស្វាយរៀង ដើម្បីឱ្យពួក គាត់ចូលហ៊ុនទិញភាគហ៊ុនរដ្ឋាករទឹក ជាមួយនឹងក្រុម ហ៊ុន តែក្រោយមកក្រុមហ៊ុន មានបញ្ហា ក៏សម្រេចចិត្ដនឹងប្រគល់ប្រាក់ ជូនទៅប្រជាពលរដ្ឋវិញ។ ក្នុង នោះទឹកប្រាក់ ដែលក្រុមហ៊ុនប្រមូលបានពីប្រជាពលរដ្ឋគឺមានចំនួនរហូតដល់ទៅ ៤៥៧.៩៩២,៥០ ដុល្លារសហរដ្ឋអាម៉េរិកឯណោះ ហើយចំនួន ប្រជាពលរដ្ឋដែលបានចូលហ៊ុនជាមួយក្រុម ហ៊ុន គឺមាន ចំនួនជាង ៦០០គ្រួសារ ដែល អ្នកខ្លះបានចូលហ៊ុនទិញមានចាប់ពី ៤ម៉ឺន រៀល ១០ម៉ឺនរៀល ១០០ ដុល្លារ រហូតអ្នក ខ្លះទិញរហូតដល់ ៣ពាន់ដុល្លារក៏មានដែរ។ នៅក្នុងការធ្វើសន្និសីទកាសែតពេលនោះ អគ្គនាយកក្រុមហ៊ុនខាងលើបានធ្វើការ សន្យាថា នឹងរកប្រាក់សងទៅប្រជាពលរដ្ឋវិញ រហូតដល់គ្រប់ ចំនួន តែមិនបានកំណត់ ពេលវេលាជាក់លាក់ណាមួយនោះឡើយ ទើបធ្វើឱ្យប្រជាពលរដ្ឋ ដែលគ្មាន ជំនឿទុកចិត្ដថា ក្រុមហ៊ុននឹងសងប្រាក់វិញនោះ ក៏ សម្រេចនាំគ្នាដាក់ពាក្យបណ្ដឹងទៅសមត្ថកិច្ចតែម្ដង ទៅ ។
ពាក់ព័ន្ធទៅនឹងការឃាត់ខ្លួនអគ្គនាយក ក្រុមហ៊ុន ហួត សំរិត ខាងលើនេះ កាលពី រសៀលថ្ងៃទី១៥ ខែ តុលា ឆ្នាំ២០១៤ ដើម អម្ពិលបានទូរស័ព្ទសាកសួរព័ត៌មានពីលោកឧត្ដមសេនីយ៍ កឹង ឃន ស្នងការ នគរបាលខេត្ដស្វាយរៀងតែត្រូវបានលោកធ្វើការអះអាងថា លោកមិនបានដឹងនោះទេ។ប៉ុន្ដែ បើយោង តាមព័ត៌មានពីភ្នាក់ងារដើមអម្ពិល ដែលតាមទៅយកព័ត៌មានដល់ទីនោះ បាន ធ្វើការអះអាងថា សមត្ថ កិច្ចពិតជាបាន ឃាត់ខ្លួនឈ្មោះ ហួត សំរិត អគ្គនាយក ក្រុមហ៊ុន ហួត សំរិត ពិតប្រាកដមែន ៕
ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល