CamNews

ព័ត៌មានជាតិ 

មន្រ្តីអាវុធហត្ថ ដែលគំរាមបាញ់សម្លាប់អ្នកកាសែត ធ្វើរបាយការណ៍ភូតថ្នាក់លើជនរងគ្រោះតមផឹកស្រា​ ច្រើនឆ្នាំ

(ភ្នំពេញ)៖​ ករណីមន្រ្តីអាវុធហត្ថពាក់ស័ក្តិ៤ម្នាក់ ឈ្មោះ សរ ប៊ុនគីម តួនាទីជាអនុប្រធានសន្តិសុខ សេនាធិការដ្ឋានកងរាជអាវុធហត្ថលើ ផ្ទៃប្រទេស ដកកាំភ្លើងខ្លីគំរាមបាញ់ អ្នកកាសែតជើងចាស់ម្នាក់ តាំងពីយប់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៥ ស្ថិតនៅតាមផ្លូវព្រះមុនីវង្ស ទល់មុខសាលាក្រុងនោះ បានបន្តអូសបន្លាយ រហូតមកដល់ពេលនេះ ដោយមន្រ្តីអាវុធហត្ថរូបនេះ បានធ្វើរបាយការណ៏ជូនថ្នាក់លើ គឺនាយឧត្តមសេនីយ៏ សៅ សុខា ប៉ុន្តែខ្លឹមសារនៅក្នុងរបាយការណ៏នោះ ត្រូវបានអ្នកកាសែតចាត់ទុកថា ជាការភូតភរ និងបោកប្រាស់ថ្នាក់ដឹកនាំរបស់ខ្លួន។

ការអះអាងថា ជារបាយការណ៍ភូតកុហស់នោះ ដោយសារតែជនរងគ្រោះ​ បានតបផឹកស្រាជាច្រើនឆ្នាំមកហើយ ដោយសារជំងឺប្រចាំកាយ។

យោងតាមរបាយការណ៏របស់លោកវរសេនីយ៏ត្រី សរ ប៊ុនគីម ដាក់ជូននាយឧត្តមសេនីយ៍ សៅ សុខា នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៥ ដែលអង្គភាព Fresh News ទទួលបាននៅព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៥នេះ បានរៀបរាប់ថា នៅវេលាម៉ោង៨:១០នាទីយប់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៥ ខ្លួនបានបើករថយន្តជូនមិត្តភក្តិ ទៅម្តុំវត្តនាគវ័ន្ត ហើយធ្វើដំណើរត្រឡប់មកវិញ តាមផ្លូវសហព័ន្ធរុស្សីុ ដោយឆ្លងកាត់ផ្លូវព្រះមុនីវង្ស លុះមកដល់មុខក្រសួងព័ត៌មាន ស្រាប់តែមានរថយន្តមួយគ្រឿងម៉ាក រ៉េវហ្វេពណ៌ទឹកប្រាក់ មានគ្នា៥នាក់ មានស្ថានភាពស្រវឹង បានរេចង្កូតមកចង់បុករថយន្តរបស់ខ្លួន ហើយពេលនោះ អ្នកបើករថយន្ត រ៉េវហ្វរ បានចុចកញ្ចក់ ហើយស្រែកថា ហ្អែងស្តីហា! រួចហើយគាត់ ក៏បានទាញកាំភ្លើង K59 មកដាក់ជិតខ្លួន ដើម្បីការពារក្រែងមានរឿងអីកើតឡើងដោយសំអាងថា ភាគីរថយន្តរ៉េវហ្វរ មានគ្នាដល់ទៅ៥នាក់ ហើយមានភាពស្រវឹងទៀត។

ប៉ុន្តែចំពោះខ្លឹមសារទាំងនេះ ត្រូវបានលោក មុុ វណ្ណា ហៅរ៉ាមន អ្នកកាសែតរស្មីកម្ពុជា ប្រចាំសាលាក្រុង ចេញមកបដិសេធទាំងស្រុង ដោយអះអាងថា ខ្លួនតបផឹកស្រាជាច្រើនឆ្នាំមកហើយ។

លោក រ៉ា មន បានប្រាប់អង្គភាព Fresh News នៅព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៥នេះថា នៅវេលាម៉ោង ៨:៤០នាទីយប់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៥ នៅមុខសាលាក្រុង មិនមែនមុខក្រសួងព័ត៌មានទេ លោកបានបើករថយន្តរបស់ខ្លួនម៉ាករ៉េវហ្វរ ពណ៌ខ្មៅ មិនមែនពណ៌ទឹកប្រាក់ទេ ដឹកប្រពន្ធ កូន និងចៅ មកពីចូលរួមបុណ្យសពបងថ្លៃ គម្រប់៧ថ្ងៃ នៅខេត្តកំពង់ចាម។

ពេលបើកមកដល់មុខសាលាក្រុងនោះ​ ស្រាប់តែវ៉ាក់អើជាមួយម៉ូតូមួយគ្រឿងនៅពីមុខ ក៏កាច់ចង្កូតជ្រុលចូលចំណែកផ្លូវម្ខាង តម្រុងទៅរថយន្តមន្រ្តីអាវុធហត្ថនោះ តែមិនបានបុកទេដោយចាប់ហ្វ្រាំងទាន់។ ពេលនោះអ្នកបើករថយន្តក៏ស្រែកគំហកថា ហ្អែកបើករថយន្តយ៉ាងម៉េច! គាត់តបទៅវិញថា មកពីគេចម៉ូតូ តែអ្នកបើករថយន្តនោះនៅបន្តជេរម៉ែ ដូច្នេះគាត់ក៏ជេរតបទៅវិញ ធ្វើឲ្យរូបគេកាន់តែខឹង ក៏ដកកាំភ្លើងគំរាមបាញ់តែម្តង។

លោក រ៉ា ម៉ន បានរំលឹកថា ជាច្រើនឆ្នាំមុនលោកលើសឈាម ហើយដាច់សសៃឈាម៥ ដែលត្រូវទៅព្យាបាលនៅវៀតណាម ដូច្នេះគាត់បានតបផឹកស្រា ផឹកកូកា និងសូដា រហូតមកដល់ពេលនេះ ចុះហេតុអីថាគាត់ស្រវឹង ហើយមួយទៀត គាត់ និងក្រុមគ្រួសារទាំងមូល ទើបមកពីបុណ្យសព តើឲ្យគាត់ទៅផឹកសីុសប្បាយទៅវិញ! ប៉ុន្តែយ៉ាងណាក៏ដោយ លោកក៏មិនបានដាក់ពាក្យបណ្តឹង ទៅសមត្ថកិច្ចនោះទេ ចំពោះករណីនេះ ទុកឲ្យថ្នាក់ដឹកនាំពាក់ព័ន្ធ ចាត់ការតាមនីតិវិធីចុះ៕

ផ្ដល់សិទ្ធដោយ៖ ហ្វ្រេសញ៉ូវអាស៊ី


Tags: National news local news social news Cambodia Khmer Asia Phnom Penh