សាកសពបុរសម្នាក់ ត្រូវបានគេរកឃើញ នៅក្នុងការស្វែងរកអាកាសយានិកម្នាក់ ដែលបានធ្លាក់ចេញពីឧទ្ធម្ភាគចក្រយោធា អំឡុងពេលថតវីដអូឯកសារលើអាកាសមួយ នៅភាគខាងកើតប្រទេសបែលហ្ស៊ិក។ ប៉ូលីសបានរកឃើញសាកសព នៅជិតនឹងជ្រលងភ្នំ Amay នៅក្បែរទីក្រុង Liège។
ទាហានបីនាក់ បានលោតជាមួយនឹងឆ័ត្រយោងចេញពីឧទ្ធម្ភាគចក្រធុន Agusta A-109 ប៉ុន្តែអ្នកបើកយន្ដហោះម្នាក់នោះ បានលោតចេញដោយគ្មានឆ័ត្រយោងនោះទេ។
ក្រុមអ្នកជំនាញផ្នែកកោសល្យវិច្ច័យ ត្រូវបានបញ្ជូនទៅកាន់តំបន់នោះ ដែលជាតំបន់ព្រៃមួយក្បែរទីក្រុង Huy។ បើតាមការពិនិត្យ ក្រុមអ្នកស៊ើបអង្កេតជឿជាក់ថា ការលោតនេះ អាចជាចេតនាប៉ុនប៉ងធ្វើអត្តឃាត។
យោងតាមរបាយការណ៍ បានឱ្យដឹងថា សហអាកាសយានិក បានជួយបំពាក់ឆត្រយោងឱ្យទាហានចំនួន ៣ នាក់ដើម្បីឱ្យអាចលោតចេញពីឧទ្ធម្ភាគចក្រដោយសុវត្ថិភាព ប៉ុន្តែក្រោយមកបន្ដិច អាកាសយានិករូបនេះ បានងាកទៅមើលកៅអីរបស់អ្នកបើកបរម្នាក់ទៀត ប៉ុន្ដែគ្មានឃើញមនុស្សសោះ ហើយទ្វាររបស់គាត់ទៀតសោត ក៏បើកចំហ។ បន្ទាប់មកគាត់បានគ្រប់គ្រងការបញ្ជាឧទ្ធម្ភាគចក្រ ហើយក៏បានចុះចតដោយសុវត្ថិភាព។
ការស្វែងរកអ្នកបើកបរយន្តហោះ ដែលបានធ្លាក់ពីឧទ្ធម្ភាគចក្ររាប់រយម៉ែត្រ កាលពីថ្ងៃអាទិត្យកន្លងទៅនេះ ត្រូវបានចាប់ផ្តើមធ្វើឡើងម្ដងទៀតនៅថ្ងៃចន្ទ បន្ទាប់ពីក្រុមប៉ូលីស និងកងទ័ពត្រូវបង្ខំចិត្ដបោះបង់ចោលកិច្ចប្រឹងប្រែងរបស់ពួកគេ នៅពេលយប់។ មូលហេតុនៃការធ្លាក់យន្តហោះនេះ នៅតែជារឿងអាថ៌កំបាំងនៅឡើយ។
របាយការណ៏ Nieuwsblad របស់បែលហ្ស៊ិក បានរាយការណ៍ថា ទ្វារ និងកៅអីឧទ្ធម្ភាគចក្រត្រូវបានបើកចំហ ហើយការតភ្ជាប់វិទ្យុទាក់ទងរវាងអ្នកបើកបរ និងសមាជិកនាវិកដទៃទៀត ត្រូវបានកាត់ ផ្ដាច់។ ប៉ូលីសកំពុងតែស៊ើបអង្កេត ចូលទៅក្នុងឧបទ្ទវហេតុនេះ៕
ប្រែសម្រួល៖ សារ៉ាត
ប្រភព៖ BBC