ភ្នំពេញៈ ពីកម្មករសំណង់ វិវត្តន៍ខ្លួនមកជាតារាកំប្លែង ល្បីឈ្មោះ នាយ ពែកមី ត្រូវបានគេចាត់ទុកថា ជា តារាមួយរូបដែលមានប្រជាប្រិយភាព ក្នុងការនិយាយកំប្លុកកំប្លែង នៅលើឆាក ធ្វើឲ្យទស្សនិកជន ដកកចំហរមាត់សើចស្ទើររឹងថ្គាម ពេលនេះតារាកំប្លែង ពែកមី បានផ្លាស់ប្តូរ ស្ទីលថ្មីស្វាគមន៍ ឆ្នាំ២០១៤ ដោយលោកបាននាំគ្នា ទៅឈរកាច់រាងបញ្ចេញស្ទីល នៅកណ្តាលវាលស្រែ ទាមទារការចាប់អារម្មណ៍ជាថ្មី ។
ថ្មីៗនេះ តារាកំប្លែង និងជាតារាចម្រៀង នាយ ពែកមី បានរំលេចស្ទីលថ្មីរបស់ខ្លួន ដោយពាក់អ៊ាវពណ៌សរ ខោពណ៌ទឹកក្រូច មានបង់ក្រមាឈរកាច់រាង នៅកណ្តាលវាលស្រែក្តៅ ហួតហែង មានអមដោយទេសភាព បែបស្រុកស្រែមានដើមត្នោតដុះច្រូងច្រាង ពីក្រោយខ្នងបែបធម្មជាតិ យ៉ាងស្រស់ស្អាត នារដូវប្រាំង។
តាមរយៈរូបថតមួយសន្លឹកនេះ ត្រូវបានទស្សនិកជនគិតថា ទំនងជាការត្រៀមថតបទចម្រៀងថ្មី របស់លោកហើយមើលទៅ បានជាត្រូវចំណាយទុន ទៅឈរនៅកណ្តាលថ្ងៃទាមទារ ការចាប់អារម្មណ៍ដល់កម្រិតនេះ៕
ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល