ភ្នំពេញ ៖ ហេតុការណ៍ភ្ញាក់ផ្អើល យ៉ាងកក្រើកមួយ បានកើតឡើង ក្នុងភូមិសាស្រ្តខណ្ឌដង្កោ
ក្នុងខណៈ ដែលសមត្ថកិច្ចនគរបាលចម្រុះ ក្នុងមូលដ្ឋានបានដេញចាប់ជនសង្ស័យម្នាក់ ជិះម៉ូតូ
អ៊ែប្លែក ដោយសង្ស័យ ពាក់ព័ន្ធទៅនឹងករណីបទល្មើសព្រហ្មទណ្ឌ ។ ហេតុការណ៍នេះបាន
កើតឡើង កាលពីវេលាម៉ោង ១១ និង ១០នាទីព្រឹក នៅតាមបណ្តោយផ្លូវលេខ២១៧ ទល់មុខ
បុរីប៉េងគង់ ក្នុងភូមម័រ សង្កាត់ដង្កោ ខណ្ឌដង្កោ។
លោកអធិការដ្ឋាននគរបាលខណ្ឌដង្កោ យឹមសារ៉ាន់ បានឲ្យដឹងថាមុននឹងឈានដល់ការឃាត់
ខ្លួន ជនសង្ស័យខាងលើនេះ គឺរូបលោកបានបញ្ជាឲ្យកូនចៅក្រោមឱវាទ ចុះល្បាតតាមមូល
ដ្ឋាន ក្នុងបំណងការពារសុវត្ថិភាព ប្រជាពលរដ្ឋឲ្យស្របទៅតាម គោលនយោបាយ ភូមិ
សង្កាត់ មានសុវត្ថិភាព ហើយខណៈ ដែលកម្លាំងរបស់លោក បានឃើញជនសង្ស័យម្នាក់ជិះ
ម៉ូតូ អ៊ែប្លែក ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខព្រះសីហនុ 1A-5530 ជិះធ្វើដំណើរតាមបណ្តោយ
ផ្លូវលេខ២១៧ ស្ថិតក្នុងការសង្ស័យ ទើបរូបលោកបញ្ជាឲ្យ កម្លាំងចម្រុះក្នុងខណ្ឌដង្កោ ចេញ
គ្រប់ច្រកល្ហក ពួនស្ទាក់ និងដេញចាប់ជនសង្ស័យនោះ យកមកធ្វើការ សាកសួរ ។
ក្នុងប្រតិបត្តិការដេញចាប់ជនសង្ស័យយ៉ាងប្រផាប់ប្រភីងខាងលើនេះ គឺកម្លាំងនគរបាលមូល
ដ្ឋានប៉ុស្តិ៍ដង្កោ ឃើញជនសង្ស័យជិះម៉ូតូម្នាក់ឯង ស្ថិតក្នុងសភាពភ័យខ្លាច ដូច្នេះកម្លាំងក៏បាន
ដេញចាប់ ព័ទ្ធជន សង្ស័យដើម្បីសាកសួរ ប៉ុន្តែជនសង្ស័យមិនបានឈប់ម៉ូតូ ក៏បានព្យាយាម
ជិះរត់គេចខ្លួន តាំងពីមុខវត្ត សំបួរមាស ទៅដល់គោលដៅនគរបាលកំពុងល្បាត ក្នុងសង្កាត់
ជើងឯក ដោយជនសង្ស័យឃើញ មាននគរ បាលកំពុងឈរពួនស្ទាក់រូបគេក៏បានត្រឡប់ម៉ូតូ
ជិះរត់គេចខ្លួនរហូតមកដល់ចំណុចកើតហេតុខាងលើទើបត្រូវនគរបាលដែលកំពុងដេញចាប់
បានហក់ធាក់បណ្តាលឲ្យដួលម៉ូតូទៅនឹងថ្នល់រួមកម្លាំងនគរ បាលចាប់វាយខ្នោះយកមកកាន់
នគរបាល អធិការដ្ឋាននគរបាលខណ្ឌដង្កោភ្លាមៗតែម្តង។
ទាក់ទិននឹងករណីនេះ សមត្ថកិច្ចនៅមិនទាន់បញ្ជាក់បានថា ជនសង្ស័យពាក់ព័ន្ធនឹងករណីអ្វី
មួយឲ្យ ប្រាកដនៅឡើយទេ ប៉ុន្តែជនសង្ស័យខាងលើនេះ ត្រូវបានគេសន្និដ្ឋានថា ពាក់ព័ន្ធ
នឹងបទល្មើស ជួញដូរ ម៉ូតូគេចពន្ធ (លួចពីគេមកលក់ឲ្យអ្នកដទៃ)។ ហើយជនសង្ស័យរូបនេះ
មានឈ្មោះ ធី វិរៈ ភេទប្រុស អាយុ ២៦ឆ្នាំ មានស្រុកកំណើត នៅភូមិពោធិ៍ ឃុំមេសថ្នក
ស្រុកចន្ទ្រា ខេត្តស្វាយរៀង។
គួរបញ្ជាក់ថា ជនសង្ស័យបច្ចុប្បន្នកំពុងឃុំខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌ
ដង្កោ រង់ចាំ ធ្វើការសាកសួរឲ្យបានច្បាស់និងកសាងសំណុំរឿងដើម្បីបញ្ជូនទៅសាលាដំបូង
រាជធានីភ្នំពេញ ផ្តន្ទា ទោសតាមផ្លូវច្បាប់ ៕







ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល