បាងកក - សណ្ឋាគារថៃ បានចាប់ផ្តើមប្រតិបត្តិការឡើងវិញបន្ទាប់ពីរដ្ឋាភិបាល បានបន្ធូរបន្ថយការបិទខ្ទប់ប្រទេសជាបណ្តើរៗ ដោយសារការរាតត្បាតពីវីរុសថ្មី Covid 19។ ប៉ុន្តែ ជើងហោះហើរអន្តរជាតិ នៅតែត្រូវបានហាមឃាត់ ដែលធ្វើអោយភ្ញៀវទេសចរបរទេស មិនអាចមកលេងបាន។ កត្តានេះ មិនអាចជួយឧស្សាហកម្មនេះ ឱ្យទទួលបានប្រាក់ចំណេញវិញ នៅឡើយទេ ពីព្រោះប្រាក់ចំណូលពីវិស័យនេះ ទទួលបានតែពីអ្នកទេសចរក្នុងស្រុក ប៉ុណ្ណោះ ។
សណ្ឋាគារនានា កំពុងចូលរួម ទាក់ទាញភ្ញៀវទេសចរក្នុងស្រុក តាមរយៈការបញ្ចុះតម្លៃទាបជូនពួកគេ ពោលគឺបញ្ចុះតម្លៃទាបបំផុត ដែលមិនធ្លាប់មានពីមុនមក។
គណៈរដ្ឋមន្រ្តីថៃ នៅថ្ងៃទី ១៦ ខែមិថុនាកន្លងទៅនេះ បានយល់ព្រមលើកញ្ចប់ថវិកាចំនួន ២២,៤ ពាន់លានបាត (៧២០ លានដុល្លារ) ដើម្បីជួយជំរុញឧស្សាហកម្មទេសចរណ៍ ដែលត្រូវបានប៉ាន់ប្រមាណថា បានរួមចំណែកប្រហែល ២០% នៃផលិតផលក្នុងស្រុកសរុបរបស់ប្រទេស នៅអាស៊ីអាគ្នេយ៍មួយនេះ។ កញ្ចប់នេះរួមបញ្ចូលទាំងការឧបត្ថម្ភធនសម្រាប់ការចំណាយលើការធ្វើដំណើរមានតម្លៃទាប។
ការយល់ព្រមលើកញ្ចប់ថវិកានេះ ក៏បានលើកទឹកចិត្តដល់ម្ចាស់សណ្ឋាគារថៃឱ្យចាប់ផ្តើមយុទ្ធនាការ និងជាការផ្សព្វផ្សាយដើម្បីផ្តល់អត្រាទាបបំផុត ដោយសង្ឃឹមថា នឹងទទួលបានប្រាក់ចំណូលខ្លះៗមកវិញ បន្ទាប់ពីត្រូវបានបិទអស់រយៈពេលជិតពីរខែ ដោយសារតែជំងឺរាតត្បាត ដែលបានសម្លាប់មនុស្សជិត ៦០ នាក់ នៅក្នុងប្រទេសនេះ៕
ប្រែសម្រួល៖ ផាន់ណា
ប្រភព៖ asia.nikkei