CamNews

ព័ត៌មានអន្តរជាតិ 

អ្នកទោសនយោបាយចិនម្នាក់ធ្លាប់ទទួលបានពានរង្វាន់ណូបែលសន្តិភាព ត្រូវបានដោះលែង ក្រោយមានជំងឺមហារីក

មេធាវីរបស់លោក Liu និងមន្ត្រីពន្ធនាគារ បានថ្លែងកាលពីថ្ងៃចន្ទថា អ្នកឈ្នះពានរង្វាន់ណូបែលសន្តិភាពលោក Liu Xiaobo ត្រូវបានតុលាការដោះលែង ដោយលក្ខខណ្ឌវេជ្ជសាស្រ្ដ ខណៈដែលលោក ត្រូវបានក្រុមវេជ្ជបណ្ឌិត ធ្វើរោគវិនិច្ឆ័យរកឃើញជំងឺមហារីកថ្លើមដំណាក់កាលចុងក្រោយ។


មេធាវីរបស់លោក Liu គឺលោក Mo Shaoping បានចេញសេចក្តីថ្លែងការណ៍មួយ ស្របពេលអាជ្ញាធរពន្ធនាគារ បានបន្ថែមផងដែរថា លោក Liu កំពុងទទួលការព្យាបាលរោគ ដោយវេជ្ជបណ្ឌិតឯកទេសដុំសាច់មហារីកជនជាតិចិនចំនួន ៨ នាក់។ គណៈកម្មាធិការពានរង្វាន់ណូបែលសន្ដិភាពប្រទេសន័រវេស្សបានថ្លែងថា៖  "ខ្លួន រីករាយចិត្ដណាស់ ដែលបានដឹងថា លោក Liu Xiaobo ត្រូវបានដោះលែងពីពន្ធនាគាររយៈពេលយូរដើម្បីព្យាបាលជំងឺ។ ក្នុងពេលជាមួយគ្នានេះ គណៈកម្មាធិការផ្ទាល់ ពិតជាមានការសោកស្តាយជាពន់ពេក ដែលជំងឺរបស់លោក វិវត្ដរ៍ទៅដល់ស្ថានភាពធ្ងន់ធ្ងរ មុនពេលអាជ្ញាធរចិន សម្រេចចិត្ដដោះលែងលោកពីពន្ធនាគារ" ។

លោក Liu គឺជាសកម្មជនប្រឆាំងដ៏លេចធ្លោបំផុតម្នាក់របស់ប្រទេសចិន។ លោក បានជាប់ពន្ធនាគារអស់រយៈពេល ២ ឆ្នាំមកហើយ បន្ទាប់ពីការបះបោរ នៅទីលានធៀនអានម៉េន ដែលបានប្រឆាំងនឹងរបបគ្រប់គ្រងអំណាចប្រមូលផ្ដុំរបស់គណបក្សមួយរបស់ចិន និងសហការនិពន្ធកតិការសញ្ញាលេខ ០៨ ជាបដ្ឋនាលិខិតមួយ ដែលអំពាវនាវឱ្យមានការធ្វើកំណែទម្រង់នយោបាយ នៅក្នុងប្រទេសនេះ។ អង្គការអន្តរជាតិ បានជំរុញឱ្យមានការដោះលែងលោក Liu ចាប់តាំងពីលោក ត្រូវបានគណៈកម្មការធិការពាន់រង្វាន់ណូបែល បានប្រកាសថា លោកជាអ្នកទទួលពានរង្វាន់ណូបែលសន្តិភាព នៅក្នុងខែវិច្ឆិកា ឆ្នាំ ២០១០ ។

នៅខែធ្នូឆ្នាំ ២០១០ លោក Liu ត្រូវបានផ្ដល់ជូនពានរង្វាន់ណូបែលសន្តិភាពឆ្នាំ ២០១០  ដោយអវត្តមាន នៅឯពិធីមួយ នៅទីក្រុងអូស្លូ ប្រទេសន័រវែស។ រដ្ឋាភិបាលចិន បានថ្កោលទោស ចំពោះការសម្រេចរបស់គណៈកម្មាធិការនោះ ដោយហៅការសម្រេចនោះថា មានលក្ខណៈ "ផ្ទុយនឹងគោលបំណងនៃរង្វាន់ណូបែល"  ហើយបានដកសេចក្ដីប្រកាសនោះចេញ ពីប្រព័ន្ធផ្សព្វផ្សាយ ប្លុកការស្វែងរកតាមអ៊ីនធឺណែត និងការផ្សាយជាអន្តរជាតិអំពីសេចក្ដីប្រកាសនោះ ហើយថែមទាំងបិទទូរស័ព្ទរបស់មហាជន ដែលផ្ញើសារឆ្លើយឆ្លង អំពីដំណឹងនោះទៀតផង៕

 

 

ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ Jurist