CamNews

ព័ត៌មានជាតិ 

អង្គភាពជំនាញ បញ្ជាក់ថា ទឹកសមុទ្រប្រែពណ៌ នៅខេត្តកែប បណ្តាលមកពីប្លង់តុង មួយប្រភេទ

(ភ្នំពេញ)៖ ខណ្ឌរដ្ឋបាលជលផលខេត្តកែប បានអះអាងថា ទឹកសមុទ្រប្រែពណ៌បៃតង នៅខេត្តកែប កន្លងមក មិនមែនបណ្តាលមកពីការចិញ្ចឹមខ្យងហូលនោះទេ ប៉ុន្តែបណ្តាលមកពីប្លង់តុងមួយប្រភេទ ដែលបានកកើតមានឡើង ក្នុងទឹកសមុទ្រ នៅតំបន់ដេលមានទឹករាក់មួយចំនួន។

ការចេញសេចក្តីបំភ្លឺរបស់ខណ្ឌរដ្ឋបាលជលផលខេត្តកែប បានធ្វើឡើងបន្ទាប់ពីមាន ប្រព័ន្ធផ្សាយក្នុងស្រុកបានផ្សព្វផ្សាយថា ទឹកសមុទ្រប្រែពណ៌បៃតង នៅខេត្តកែប កន្លងមក បណ្តាលមកពីការចិញ្ចឹមខ្យងហូល។

សេចក្តីបំភ្លឺរបស់ ខណ្ឌរដ្ឋបាលជលផលខេត្តកែប ដែល Fresh News ទើបទទួលបាន នៅរសៀលថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៦នេះ បានបញ្ជាក់បន្ថែមថា ប្លង់តុង ទាំងនោះ បានវិវត្តខ្លួនទៅជាបណ្តុំសារាយពណ៌បៃតងខ្ចីអណ្តែតក្នុងសមុទ្រ ដែលបណ្តាលឱ្យមើលទៅឃើញទឹកសមុទ្រ ហាក់ដូចជាប្រែពណ៌ទៅជាបៃតង។

សូមជំរាបថា កាលពីដើមខែមេសា កន្លងទៅនេះ ទឹកសមុទ្រនៅខេត្តកែប បានប្រែពណ៌ខុសពីធម្មតា ដោយមានពណ៌ទឹកឡើងបៃតងខ្ចី ហើយបណ្តាលឱ្យសត្វសមុទ្រមួយចំនួន ដូចជាក្តាម បង្គារ រួមទាំងសត្វសមុទ្រផ្សេងទៀត ងាប់ជាបន្តបន្ទាប់។ ហេតុការណ៍នេះ បានបណ្តាលឱ្យប្រជាពលរដ្ឋមួយចំនួន ព្រួយបារម្ភអំពីផលប៉ះពាល់ផ្សេងៗ។

ប៉ុន្តែទោះជាយ៉ាងណា កាលពីថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៦នេះ ក្រសួងបរិស្ថានបានចេញសេចក្តីប្រកាសមួយ ដោយបានប្រកាសថា តំបន់ដែលមានទឹកសមុទ្រពណ៌បៃតងខ្ចី នៅខេត្តកែប និងតំបន់ជុំវិញនោះ មិនមានសារធាតុគ្រោះថ្នាក់នោះទេ៕



ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី



Tags: social news local news