តុលាការបាននិយាយ នៅថ្ងៃអង្គារនេះថា មហាសេដ្ឋីចិន ដែលបានរិះគន់ប្រធានាធិបតីលោក Xi Jinping រឿងដោះស្រាយបញ្ហារាលដាលវីរុសខូរ៉ូណា ត្រូវបានតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារ ១៨ ឆ្នាំលើបទចោទប្រកាន់ពុករលួយ ។
លោក Ren Zhiqiang មហាសេដ្ឋីផ្នែកអចលនទ្រព្យចូលនិវត្ដន៍ ដែលមានខ្សែបណ្ដាញទាក់ទងជាមួយមន្រ្ដីជាន់ខ្ពស់ចិន បានគេចខ្លួនបាត់ស្រមោលកាលពីខែមីនា ក្រោយពីរងការសង្ស័យថា បានសរសេរអត្ថបទរិះគន់ចំពោះការឆ្លើយតបរបស់លោក Xi ចំពោះការរីករាលដាលវីរុសខូរ៉ូណា កាលពីខែនោះ ។ តែក្រោយមក សេដ្ឋីរូបនេះ បែររងការចោទប្រកាន់ពីបទល្មើសពុករលួយទៅវិញ ។
នៅថ្ងៃអង្គារនេះ តុលាការក្រុងប៉េកាំង បានរកឃើញពិរុទ្ធភាពលើការចោទប្រកាន់ជាច្រើនករណីចំពោះលោក Ren រួមមាន៖ ការបន្លំលួចមូលនិធិរដ្ឋចំនួន ១៦.៣ លានដុល្លារអាមេរិក ទទួលប្រាក់សំណូក និងរំលោភអំណាច ដែលធ្វើឱ្យបាត់បង់ថវិកា ១៧.២ លានដុល្លារអាមេរិក របស់ក្រុមហ៊ុនអចលនទ្រព្យរបស់រដ្ឋ ដែលលោកធ្លាប់កាន់កាប់ដឹកនាំ ។
ចៅក្រម បានកាត់ទោសលោកឱ្យជាប់ពន្ធនាគារ ១៨ ឆ្នាំ និងពិន័យជាប្រាក់ $620,000 ។ តុលាការ បានឱ្យដឹងថា មហាសេដ្ឋីរូបនេះ យល់ព្រមសារភាពចំពោះបទល្មើសរបស់ខ្លួនទាំងអស់ និងព្រមទទួលយកដីកាសម្រេចរបស់តុលាការ ក្រោយពីផលសម្រេចខុសច្បាស់របស់លោកទាំងអស់ត្រូវបានដកហូតមកវិញ ៕
ប្រែសម្រួល៖ សារ៉ាត
ប្រភព៖ CNN