(ភ្នំពេញ)៖ តារាសម្ដែងល្បីឈ្មោះ មានរូបសម្រស់ស្រស់សោភា អ្នកនាង សឿ សុធារ៉ា ត្រូវបានគេមើលឃើញថា អ្នកនាងហាក់បាត់ទីផ្សារសម្ដែងសូន្យឈឹង ខណៈដែលតារាថ្មីៗ រះព្រោងព្រាត មានការងារធ្វើស្ទើរតែរកពេលសំរាកគ្មាន ប៉ុន្តែនាងមិនមានអ្វីសម្ដែងជាដុំកំភួនឡើយ ព្រោះតារាសម្ដែងថ្មី សម្ដែងរឿងច្រើនគគោក ឯរូបសម្រស់ក៏ស្រស់សោភាជាងនាង។ ថ្មីៗនេះ អ្នកនាង សឿ សុធារ៉ា បាននាំកូនស្រីបណ្ដូលចិត្ត ដើរលេងនៅក្រៅប្រទេស និងបានទិញសម្ភារប្រើប្រាស់ មានតម្លៃរាប់ពាន់ដុល្លារ។
តារាសម្ដែង អ្នកនាង សឿ សុធារ៉ា ហាក់បង្កប់ភាពមិនសូវសប្បាយចិត្តជាច្រើន ព្រោះបើក្រឡេកមើលពីសង្គមការងារ និងមុខរបររបស់នាង ជាពិសេសសំអាងការ ក៏មិនសូវមានប្រជាប្រិយភាពដូចមុនដូចគ្នា ខណៈកេរ្តិ៍៍ឈ្មោះក៏ដាំក្បាលចុះ ស្ទើរតែហៅលែងឮទៅហើយ។ រយៈកាលប៉ុន្មានឆ្នាំចុងក្រោយនេះ អ្នកនាង សឿ សុធារ៉ា ថ្វីត្បិតតែមើលទៅ រកប្រាក់ចំណូលមិនសូវបានច្រើនក្ដី ប៉ុន្តែអ្នកនាងមិនបានធ្លាក់ខ្លួន ដុនដាបអ្វីឡើយ ពោលកម្រិតជីវភាពរបស់នាង និងគ្រួសារនៅតែមានលក្ខណៈធូរធាដដែល ជាក់ស្ដែងថ្មីៗនេះ អ្នកនាងបាននាំកូនស្រី គឺកុមារី តារា ពិមាន ដើរកំសាន្តក្រៅប្រទេស ទោះបីអវត្តមានសា្វមី គឺលោក សាពូន មីដាដា ក៏ដោយ។
អ្នកនាង សឿ សុធារ៉ា ក្រៅពីនាំកូនស្រីដើរលេងក្រៅប្រទេស នាងក៏បានបង្អួតកាបូបថ្មីម៉ាក «អិលវី» ដែលបានទិញពីប្រទេសថៃ តម្លៃជាង២ពាន់ដុល្លារ ហាក់ប្រាប់ទស្សនិកជនថា អ្នកនាងក៏ជាតារាប្រើសម្ភារៈម៉ាកល្បីៗនឹងគេដែរ។ សឿ សុធារ៉ា មិនត្រឹមតែបានទិញរបស់របរទាំងនោះទេ ថែមទាំងបានថតហាង និង សកម្មភាពទាំងស្រុង ពេលនាងទិញកាបូបតម្លៃថ្លៃទាំងនោះផងដែរ ព្រោះក្នុងសង្គមសិល្បៈបច្ចុប្បន្ន ច្រើនតែផ្ចាញ់ផ្ចាលគ្នា ថាទិញរបស់កូពី គ្មានគុណភាព៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង