(ភ្នំពេញ)៖ តារាសម្ដែង អ្នកនាង សឿ សុធារ៉ា ត្រូវបានមហាជនមើលឃើញថា រយៈកាលប៉ុន្មានឆ្នាំចុងក្រោយនេះ ហាក់មិនសូវមានទីផ្សារ ក្នុងសិល្បៈដូចមុននោះទេ ព្រោះវ័យក៏ច្រើន តារាថ្មីៗ ក៏បានប្រជែងយកទីផ្សារ ស្ទើរតែទាំងអស់ទៅហើយ។ យ៉ាងណាមិញ ថ្វីត្បិតតែ សឿ សុធារ៉ា មានវ័យជ្រេបន្តិច និងបានរៀបការរួចមានកូនទៅហើយក្ដី ប៉ុន្តែនាងកាន់តែស្រស់ស្អាត ក្រោយពីបានកែសម្ផស្ស ហើយនៅតែរក្សារូបរាងដើមបានដដែល។ ថ្មីៗនេះ សម្រាប់តារាសម្ដែង ធ្លាប់មានទីផ្សារ អ្នកនាង សឿ សុធារ៉ា បានជួបប្រទះ នូវរឿងរ៉ាវ គួរឲ្យកត់សម្គាល់មួយ ខណៈដែលម្ចាស់ហាងអនឡាញមួយ បានរិះគន់នាងចំៗ ក្នុងន័យបញ្ចើចបញ្ចើថា ជាតារាស៊ីមិនថ្លៃ ដូចតារាបរទេស។
អ្នកនាង សឿ សុធារ៉ា ត្រូវគេកត់សម្គាល់ថា កាន់តែឡូយឆាយ ក្នុងមួយរយៈពេលចុងក្រោយ ពោលនាងតែងតែដើរលេង ក្រៅប្រទេសញឹកញាប់ ទិញទំនិញថ្លៃៗ កប់ពពក កាបូបដៃ១ មានតម្លៃរាប់ពាន់ដុល្លារ ក៏នាងបានទិញប្រើដែរ ពិសេសសម្លៀកបំពាក់ ស្លៀកសុទ្ធតែម៉ាកល្បីៗ ពីក្រៅប្រទេស ក្នុងនោះរ៉ូបនីមួយៗ មានតម្លៃរាប់រយដុល្លារ ឯណោះ។
ថ្មីៗនេះ មានហាងលក់សម្លៀកបំពាក់អនឡាញមួយ បានបង្ហោះរូបនាង ភ្ជាប់ជាមួយនឹងរ៉ូបមួយ ដែលក្នុងហាងបាននាំចូលមកលក់ ។ ប៉ុន្តែអ្នកគាំទ្រ សឿ សុធារ៉ា មិនអស់ចិត្តបានបង្ហោះថា «អ្នកនាង សឿ សុធារ៉ា មិនបានទិញរ៉ូប នៅក្នុងហាងនោះឡើយ គឺទិញពីក្រៅប្រទេស»។ ក្រោយពីការបង្ហោះសារ របស់អ្នកគាំទ្រ ពួកគេក៏មានការឆ្លើយឆ្លងសារ ជាមួយម្ចាស់ហាងអនឡាញនោះផងដែរ។
បន្ទាប់ពីមានការឆ្លងឆ្លើយគ្នា ជាមួយអ្នកគាំទ្រ របស់តារាសម្ដែង សឿ សុធារ៉ា រួចមក ម្ចាស់ហាងនោះបានដៀមដាមឲ្យ សឿ សុធារ៉ាថា «តារាស្រុកខ្មែរស៊ីមិនថ្លៃ ដូចតារាស្រុកគេទេ!»។ ជារៀងរាល់ថ្ងៃ ម្ចាស់ហាងមួយនេះ តែងតែបង្ហោះរូបតារារាល់ថ្ងៃ តែគ្មាននរណា មកតវ៉ាអី ដូចនាង សឿ សុធារ៉ា ទេ ព្រោះគេយល់យោគច្រើន។ ស្របពេលនឹងម្ចាស់ហាងអនឡាញនេះ ក៏មានអ្នកមហាជន បាននិយាយថា គ្រាន់តែរូបថតសោះ ក៏ចិត្តកំណាញ់ម្ល៉េះ? ដោយសារតែបែបនេះ បានជាតារាស្រុកខ្មែរមិនរីកចំរើន ដូចស្រុកគេ។ ប្រិយមិត្តមួយទៀត បាននិយាយថា «នរណាហ៊ានឲ្យតម្លៃ បើគ្រាន់តែផុសរូបប៉ុណ្ណឹង ខឹងគេបាត់ទៅហើយនោះ ?»។
ទោះបីយ៉ាងណា តារាសម្ដែង អ្នកនាង សឿ សុធារ៉ា មិនបានបញ្ចេញប្រតិកម្មអ្វី តបតនោះឡើយ ពោលនាងនៅតែស្ងៀម គឺមានតែអ្នកគាំទ្រទេ ដែលក្លាយជាអ្នកឈឺឆ្អាល ខឹងឆេះដុំ ជំនួសនាង៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង