CamNews

តារា 

សឿ សុធារ៉ា បញ្ចេញប្រតិកម្ម នឹងមតិរិះគន់លើស្វាមី ក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរ

ភ្នំពេញ៖ បន្ទាប់ពីតារាចម្រៀង ល្បីឈ្មោះ ក្នុងផលិតកម្មហង្សមាស លោក សាពូន មីដាដា និងតារាសម្ដែង រាងសង្ហា លោក សុវណ្ណ មករា បានជួបរឿងស៊យធំមួយ កាលពីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៥ តាមផ្លូវ១៨២ ក្នុងខណ្ឌ៧មករា ដោយលោកទាំងពីរ បានជួបគ្រោះថ្នាក់ចរាចរណ៍ បុកជាមួយកូនមន្ត្រី ទាហានជាន់ ខ្ពស់មួយរូបរួចមក គេឃើញនៅលើបណ្តាទំនាក់ទំនង សង្គម Facebook បាននាំគ្នាធ្វើការវាយប្រហារ ទៅលើ លោក សាពូន មីដាដា ថា បានពាក់អាវរបស់គណបក្សប្រជាជនកម្ពុជា មកសម្ញែងបង្ហាញរិទ្ធិអំណាច ដើម្បីឲ្យភាគីម្ខាងទៀត ខ្លបខ្លាច ។

នៅពេលថ្មីៗនេះ មានការរិះគន់យ៉ាងចាស់ដៃ ពីទស្សនិកជន ដែលបានសរសេរជាភាសាខ្មែរ វាយប្រហារ លោក សាពូន មីដាដា ពាក់អាវគណបក្សប្រជាជនកម្ពុជា សម្ញែងពីរិទ្ធិអំណាច ពេលជួបគ្រោះថ្នាក់ចរាចរណ៍ ដោយពួកគេ បានសរសេរបញ្ចើចបញ្ចើរថា «ឯងកុំចង់ខ្លាំងជាមួយអញ អញមានអាវទេវតា មានរិទ្ធិស្មើមេឃ ជិះបុកឯងហើយមិនខ្ចី ចុះពីឡាន....» ។ ក្រៅពីសារខ្លីនេះ នៅមានការរិះគន់ផ្សេងៗទៀត នៅលើបណ្តាញ ទំនាក់ទំនងសង្គមFacebook ។

ក្រោយពីមានការបង្ហោះសាររិះគន់ លោក សាពូន មីដាដា ភ្លាម តារាចម្រៀង និងសម្តែង អ្នកនាង សឿ សុធារ៉ា ដែល ជាភរិយា បានបង្ហាញសារ ឆ្លើយតបនឹងការរិះគន់នោះ ក្នុងន័យការពារស្វាមីថា «ចំពោះរឿងអាវគ្នាមិនដឹងអីទេតែ មនុស្សព្យាយាមនិយាយរឿងនេះ ដើម្បីក្នុងភាពឱកាសនិយម លាបពណ៌វាយប្រហារសា្វមីរបស់ខ្ញុំវាជារឿងចៃដន្យ » ។

នៅក្នុងនោះ សឿ សុធារ៉ា បានរៀបរាប់ទៀតថា «សម្រាប់ការផ្សាយអត្ថបទ តើមានខ្លាចបាបដែលឬទេ ? នៅពេលដែល ព្យាយាម និយាយខុសព្យាយាម គិតខុសទៅលើបុរសម្នាក់ ដែលមានបេះដូង គាត់ពោរពេញទៅដោយសន្តិភាព និងការ សណ្តោសប្រណី…»។

សូមជម្រាបថា កាលពីយប់ថ្ងៃទី៧ ខែតុលា កន្លងទៅនេះ តារាចម្រៀងប្រចាំ ផលិតកម្មហង្សមាស លោក សាពូន មីដាដា និងតារាសម្តែង លោក សុវណ្ណ មករា បានជួបគ្រោះថ្នាក់ចរាចរណ៍ ដោយសារតែមានរថយន្ត Escalade ពណ៌ខ្មៅមួយគ្រឿង អត់ស្លាកលេខ បើកបរដោយបុរសស្រវឹងមួយក្រុម មានគ្នាប្រមាណ៥ ទៅ ៦នាក់ និងមានម្នាក់ ជាតៃកុងរថយន្ត ដែលគេស្គាល់ថា ជាកូនមន្រ្តីទាហានជាន់ខ្ពស់មួយរូប បានបើកក្នុងទិសដៅពីជើងទៅត្បូង ក៏ទៅបុក នឹងរថយន្ត Lexus 470 ពណ៌ខ្មៅ ដែលមានស្លាកលេខ ភ្នំពេញ 2C-9594 របស់តារាភាពយន្ត លោក សុវណ្ណ មករា ហើយរួមដំណើរជាមួយ តារាចម្រៀងមួយរូប គឺលោក សាពួន មីដាដា បើកក្នុងទិសដៅពីកើតទៅលិច ត្រង់ផ្លូវ បែកជាបួន៕


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: Ser sotheara Star news local news