(អាហ្វ្រិក)៖ ពិតជាគួរឲ្យអាសូរណាស់ សម្រាប់ស្ត្រីម្នាក់ ដែលរង់ចាំពេលវេលា អស់រយៈពេលជាច្រើនឆ្នាំ ទម្រាំមានលុយរៀបការ ពេញបរិបូណ៌នឹងគេ តែទីបំផុតបែរជាត្រូវស្លាប់ ត្រឹមតែរយៈពេលប៉ុន្មានម៉ោងប៉ុណ្ណោះ មុនពេលប្រារព្ធពិធី។
នាង Nana Mkhize អាយុ៤២ឆ្នាំ និង Fana Maphumulo គូដណ្តឹងអាយុ៤៣ឆ្នាំ រស់នៅទីក្រុង Durban ទឹកដីអាហ្វ្រិកខាងត្បូង បានស្រឡាញ់ និងរួមរស់ជាមួយគ្នា អស់រយៈពេល២៤ឆ្នាំ ក្រោយពីបានភ្ជាប់ពាក្យ អស់រយៈពេល១៧ឆ្នាំ ដោយមានកូន ៤នាក់ហើយ។ ទោះបីមិនទាន់រៀបការក៏ដោយ ព្រោះពួកគេចង់មានលុយច្រើនគ្រប់គ្រាន់ ដើម្បីរៀបពិធីយ៉ាងអធឹកអធម។
ជាអកុសលនៅរាត្រី មុនថ្ងៃអាពាហ៍ពិពាហ៍ Mkhize ហាក់មានអារម្មណ៍ចុះខ្សោយ ហើយនាងក៏សម្រាកព្យាបាលខ្លួន នៅមន្ទីរពេទ្យ ចំណែកឯភ្ញៀវរាប់រយនាក់វិញ មិនបានដឹងក៏មកដល់កន្លែងប្រារព្ធពិធី នៅ Kloof Civic Centre ដើម្បីចូលរួមថ្ងៃដ៏វិសេស ដែលអ្នកទាំងពីរខំរង់ចាំ អស់រយៈពេលដ៏យូរនោះ។
ប៉ុន្តែម្នាក់ៗ បែរជាស្រងាកចិត្តពេលដឹងថា កូនក្រមុំចុះខ្សោយខ្លាំង រួចក៏បាត់បង់ជីវិត ធ្វើឲ្យកូនកំលោះមិនព្រម លុបចោលពិធីឡើយ គឺសុខចិត្តឲ្យអាចារ្យ ធ្វើពិធីបន្តហើយគេបានពាក់ចិញ្ចៀន ដល់សពកូនក្រមុំភរិយាជាទីស្រឡាញ់ ក្រោមក្រសែភ្នែកភ្ញៀវមើលមក ស្ទើរខ្លោចចិត្ត។ កូនស្រីច្បងរបស់ប្តីប្រពន្ធ ដែលទើបរៀបការនេះ មានអាយុ២៣ឆ្នាំ ហើយនាងនិយាយថា ម្តាយពិតជាគួរឲ្យស្រឡាញ់ណាស់ មិនស្មានថា គាត់លាចាកលោកនៅថ្ងៃ ដ៏វិសេសបែបនេះទេ៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង