CamNews

ព័ត៌មានជាតិ 

តុលាការ សម្រេចឃុំខ្លួន បណ្តោះអាសន្ន ទៅលើថៅកែ ក្លឹបអាម៉ាហ្សូន និងសន្តិសុខ ក្រោយ រកឃើញ ថាមានទោស

ស្ទឹងត្រែង៖ តុលាការខេត្តស្ទឹងត្រែង បានសម្រេចឃុំខ្លួន បុរសពីរនាក់ ម្នាក់ជាថៅកែ ក្លឹបនិងម្នាក់ទៀត ជាសន្តិសុខ ការពារក្លឹប នៅថ្ងៃទី២៨ខែវិច្ឆកានេះ ក្រោយពីរកឃើញថាមានទោស ក្រោមការចោទ ប្រកាន់ពីសំណាក់ លោកស្រីស៊ុន យ៉ឺត ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត ពីបទផ្តើមគំនិត និងប្រើអំពើរហឹង្សា ដោយចេតនា និងមានស្ថានទម្ងន់ទោស ដោយយសារ សន្តិសុខរបស់ក្លឹបអាម៉ាហ្សូន បានវាយភ្ញៀវ ដែលទៅរាំកម្សាន្តក្នុងក្លឹបនោះ កាលពីថ្ងៃទី២៣ វិច្ឆិកា កន្លងទៅនេះ ។

ប្រភព ចេញពីក្នុងបញ្ជាការដ្ឋានអាវុធហត្ថខេត្តស្ទឹងត្រែង បានឲ្យដឹងថា ក្នុងការចុះ ទៅឃាត់ខ្លួនជនទាំងពីរខាងលើ ក្រោយពីទទួលពាក្យបណ្តឹងរបស់ជនរងគ្រោះ ហើយអាវុធហត្ថក៏បានសុំគោលការណ៍ភ្លាមៗ ពីព្រះរាជអាជ្ញាផងដែរ រួចក៏ធ្វើការនាំខ្លួនថៅកែក្លឹប និងសន្តិសុខយកមកសាកសួរ ។ ក្រោយពីធ្វើការសួរនាំរួចរាល់អស់ហើយនោះក៏បញ្ជូនទៅ កាន់តុលាការ ជាបន្តទៀត ។

ក្រោយការចោទប្រកាន់របស់លោកស្រីស៊ុន យ៉ឺត ព្រះរាជអាជ្ញារងអមសាលាដំបូងទៅលើជនទាំងពីរ ពីបទផ្តើមគំនិត និងប្រើអំពើរហឹង្សា ដោយចេតនានិងមានស្ថានទម្ងន់ទោស តុលាការខេត្តស្ទឹងត្រែង ក៏សម្រេចបញ្ជូន ខ្លួនបន្តទៅកាន់ ពន្ធនាគារឃុំខ្លួន នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៤ នេះតែម្តង ។

ក្នុងប្រព័ន្ធច្បាប់ ត្រូវគេនិយាយថា នៅក្នុងក្រមព្រហ្មទណ្ឌថ្មី នៃមាត្រា២១៨ ស្តីពីការផ្តើមគំនិត និងការប្រើអំពើរហឹង្សា ដោយចេតនា បើត្រូវគេរកឃើញថា ជនសង្ស័យបានប្រព្រឹត្ត ដូចពាក្យបណ្តឹងរបស់ជនរងគ្រោះ ពិតមែននោះ គឺត្រូវបាន ចោទប្រកាន់ ឲ្យមានទោស និងត្រូវជាប់ពន្ធនាគារ ពី២ឆ្នាំរហូតដល់៥ឆ្នាំ ហើយត្រូវ ពិន័យជាទឹកប្រាក់ ចាប់ពី៤លានរៀល រហូតទៅដល់១០លានរៀល ផងដែរ ៕

        បច្ចុប្បន្ន ទាំងថៅកែក្លឹបនិងសន្តិសុខ ស្ថិតនៅក្នុងពន្ធនាគារខេត្តស្ទឹងត្រែង ៕


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh