ភ្នំពេញ ៖ បុរសម្នាក់ត្រូវបងនិងពូ របស់នារីជាសង្សារ ព្រួតគ្នាវាយ ហើយគប់នឹងដុំថ្ម បណ្តាលឱ្យរងរបួសត្រង់ចង្ការ និងសៀតផ្កាខាងឆ្វេង ខណៈបុរសរូបនេះ មកទទួលនារីជាសង្សារទៅលេងផ្ទះ និងក្រុមគ្រួសាររបស់ខ្លួន ។ ហេតុការណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើល នៅវេលាម៉ោង៩និង៥០នាទី យប់នៅចំណុចផ្ទះជួលក្រោយវត្តសន្សំកុសល ស្ថិតក្នុងភូមិសន្សំកុសល២ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ ។
បុរសរងគ្រោះមានឈ្មោះ អ៊ូ សំបាន ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅក្នុងភូមិ-សង្កាត់ កើតហេតុ ។
ប្រភព័ត៌មាន បានឱ្យដឹងថា បុរសរងគ្រោះ និងនារីជាសង្សារស្រលាញ់គ្នា និងបានរស់នៅជាមួយគ្នាម្តងម្កាលដូចជាប្តីប្រពន្ធទៅហើយ គ្រាន់តែអ្នកទាំងពីរមិន បានរៀបការតាមផ្លូវច្បាប់ ហើយបងប្អូនសាច់ញាតិខាងនារីជាសង្សារមិនពេញចិត្តបុរសរងគ្រោះ នោះទេ ។
ប្រភពបន្តព័ត៌មាន នៅកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុ នារីជាសង្សារបានទូរស័ព្ទឱ្យបុរសរងគ្រោះ យកម៉ូតូមកឌុបនាងទៅលេងក្រុមគ្រួសារ បុរសរងគ្រោះដែលរស់នៅក្នុង ភូមិ-សង្កាត់ជាមួយគ្នា បន្ទាបពីទទួលទូរស័ព្ទនារីជាសង្សារប្រាប់ថា ឱ្យមកទទួលយកមកលេង ផ្ទះរបស់ខ្លួននោះ បុរសរងគ្រោះក៏បានទាញម៉ូតូជិះទៅឌុបនារីជាសង្សារភ្លាមៗតែម្តង ។ ខណៈបុរសរងគ្រោះជិះមកដល់មុខផ្ទះជួលដែលនារីជាសង្សារជួលស្នាក់ ជាមួយក្រុមគ្រួសាររបស់នាងនោះ ក៏ស្រាប់តែត្រូវបងប្រុស រួមជាមួយ ពូរបស់នារីជាសង្សារ ដែលមិនពេញចិត្តបុរសរងគ្រោះផងនោះ បានចេញមកមកវាយ និងយកដុំថ្ម គប់បុរសរងគ្រោះ បណ្តាលឱ្យរងរបួសចំចង្ការ និង សៀតផ្កាខាងឆ្វេង ។ ឃើញដូច្នេះយាយរបស់នារីរងគ្រោះបានចេញមកឃាត់កុំឱ្យវាយ តប់គ្នា ក៏បណ្តាលឱ្យរងរបួសដៃ ផងដែរ ។
ក្រោយពេលកើតហេតុ លោកយាយរបស់នារីជាសង្សារត្រូវ ក្រុមគ្រួសារបញ្ជូនទៅព្យាបាលរបួស បន្ទាប់មកគេឃើញសមត្ថកិច្ចមូលដ្ឋាន បានចុះមកពិនិត្យកន្លែងកើតហេតុ និងបានសួរនាំទើបដឹងថា ជារឿងទំនាស់ក្នុងគ្រួសារ ហើយសមត្ថកិច្ចក៏បានប្រាប់ ទៅបុរសរងគ្រោះចាំមកដាក់ពាក្យបណ្តឹងនៅ ព្រឹកស្អែក ក្នុងនោះនារីជាសង្សារថា នាងនិងសហការ ជាមួយបុរសជា សង្សារដោយមិន ឱ្យរឿងនេះជាប់ដោយគ្មានដំណោះស្រាយនោះទេ ៕
ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល