អង្គការលើកលែងទោសអន្ដរជាតិ បានចេញរបាយការណ៍មួយកាលពីថ្ងៃចន្ទ ដោយជំរុញឱ្យរដ្ឋាភិបាលរុស្ស៊ីត្រូវការពារមេធាវីជនជាតិរុស្ស៊ីឈ្មោះ Irina Biryukova ដែលបានភេសខ្លួនចេញពីប្រទេស បន្ទាប់ពីរងការគំរាមកំហែង ក្រោយពីទម្លាយវីដេអូមួយ ដែលបង្ហាញពីកូនក្ដីជាប់ឃុំរបស់ខ្លួន ត្រូវបានគេធ្វើទារុណកម្ម។ នៅក្នុងគ្លីបវីដេអូ ឆ្មាំគុកជាច្រើននាក់ បានប្រព្រឹត្ដអំពើអមនុស្សធម៌ ហើយបាននិយាយថា ពួកខ្លួននឹងរៀបគម្រោងសងសឹកនឹងមេធាវី Biryukova ប្រសិនបើមេធាវីរូបនេះ ទម្លាយគ្លីបវីដេអូនេះ។
ការសម្រេចចិត្ដដ៏ក្លាហានរបស់មេធាវី Irina Biryukova ក្នុងការលាតត្រដាងនូវការរំលោភបំពានដ៏គួរឱ្យតក់ស្លុតនេះ គឺជាគំរូវីរភាពចុងក្រោយ នៃការពលិកម្មរបស់អ្នកស្រីដើម្បីការពារអ្នកដទៃពីការធ្វើទារុណកម្ម និងការប្រព្រឹត្ដអំពើអមនុស្សធម៌ដាក់។ វាក៏ជាសញ្ញាមួយផងដែរថា ទង្វើដ៏ក្លាហាននេះ បានបង្ខំចិត្ដអ្នកស្រីមេធាវី ត្រូវភេសខ្លួនចេញពីប្រទេសទាំងការភ័យខ្លាច។
នៅក្នុងគ្លីបវីដេអូនោះ ឆ្មាំចំនួន ១៨ នាក់បានបង្ហាញខ្លួន ដោយអ្នកទាំងអស់នោះ ពុំត្រូវបានគេស្គាល់អត្តសញ្ញាណទេ។
យោងតាមគណកម្មការស៊ើបអង្កេតសហព័ន្ធរុស្ស៊ីបានឱ្យដឹងថា មកទល់នឹងពេលនេះ ឆ្មាំ ៦ នាក់ ត្រូវបានចាប់ឃុំខ្លួន៕
ប្រែសម្រួល៖ សារ៉ាត
ប្រភព៖ Jurist