CamNews

ព័ត៌មានជាតិ 

តើឧកញ៉ា ថោង សារ៉ាត់ ជានរណា ?

ភ្នំពេញ ៖ ឧកញ៉ា ថោង សារ៉ាត់ មានឈ្មោះល្បីនៅកម្ពុជា នាទស្សវត្ស ៩០និង ២០០០ ខណ:ពេលលោកបង្កើតរោងចក្រផលិតសាច់ប៉ាត់តេ៩៩៩ និង សង់ផ្ទះល្វែងលក់ រហូតឈានទៅសង់បុរី៩៩៩លក់ថែមទៀត។

ជួបជាមួយអាជីវករជាច្រើននាក់ ដែលធ្លាប់រកស៊ីជាមួយ លោកឧកញ៉ា ថោង សារ៉ាត់ សុំមិនបញ្ចេញឈ្មោះបានរៀបរាប់ឲ្យដឹងថា លោក ថោង សារ៉ាត់ មានឈ្មោះដើម «អាទិន» មានស្រុកកំណើតនៅសង្កាត់ចាក់អង្រែ ក្រុងភ្នំពេញ នាឆ្នាំ១៩៧៩ ខណ:ពេលកងទ័ពវៀតណាមចូលលុកលុយប្រទេសកម្ពុជា ដើម្បីបណ្តេញពួកខ្មែរក្រហម។ គិតពីឆ្នាំ១៩៧៩ មកទល់ឆ្នាំ២០១៤ «អាទិន» មានអាយុ៣៥ឆ្នាំ។
«អាទិន» មានឳពុកឈ្មោះតាំង សុខ ហៅ ថោង ចំរើន អាយុ៦៥ឆ្នាំ  និង ម្តាយឈ្មោះកែវ សារី អាយុ៥៥ឆ្នាំ (មិនស្គាល់ឈ្មោះវៀតណាម) អ្នកទាំង២មានដើមកំណើត នៅប្រទេសវៀតណាម ។ ឆ្នាំ១៩៧៩ លោក តាំង សុខ ជាជំនាញការវៀតណាម ប្រចាំក្រសួងការពារជាតិ ។ ក្រោយពេលកងទ័ពវៀតណាមដកចេញពីកម្ពុជា ក្រុមគ្រួសារលោក តាំង សុខ មិនវិលត្រឡប់ទៅវៀតណាមវិញនោះទេ ។

ប្រភពបន្តថា នៅប្រមាណជាឆ្នាំ១៩៩០ នៅពេល «អាទិន» មានអាយុ២១ឆ្នាំ អាទិន និង ឪពុករបស់គាត់បានទិញកប៉ាល់ដ៏ធំមួយដែលឆេះខូចក្នុងសម័យសង្គ្រាម ហើយត្រូវបានគេអូសឡើងគោក នៅម្តុំខាងត្បូង​សណ្ឋាគារកាំបូឌីយ៉ាណា ។ ដែកកប៉ាល់អេតចាយត្រូវបានកាត់ជាផ្ទាំងៗលក់ទៅប្រទេសវៀតណាម។ ក្រោយពីលក់កប៉ាល់អេតចាយ គ្រួសារអាទិន ចាប់ផ្តើមសល់លុយ ហើយចាប់ផ្តើមដើរទិញដែករថក្រោះ​និងរថយន្តដែល​ឆេះ ឬ ខូចក្នុងសម័យសង្គ្រាមដែលនៅរាយប៉ាយនៅទូទាំងប្រទេស។

ប្រភពបន្តថា បន្ទាប់ពីសល់លុយដ៏ច្រើន គ្រួសារអាទិនបានពង្រីកមុខរបរ ដោយបង្កើតសិប្បកម្មផលិតសាច់ប៉ាត់តេ៩៩៩ នៅអំឡុងឆ្នាំ១៩៩៦ ដែលមានទីតាំងនៅក្នុងសង្កាត់បឹងទំពុន ខណ្ឌមានជ័យ ។ ក្រោយមក​អាទិន​បាន​ចាប់ផ្តើមសង់ផ្ទះល្វែងលក់ដំបូងនៅសង្កាត់បឹងទំពុន ។ ការសង់ផ្ទះល្វែង មានការប៉ះពាល់ដល់ដីប្រជាពលរដ្ឋនៅទីនោះ កើតមានការតវ៉ាជាច្រើនលើក តែត្រូវបានដោះស្រាយតាមរយ:ប្រព័ន្ធតុលាការ​និងអាជ្ញាធរមូលដ្ឋាន ។

នៅអំឡុងឆ្នាំ២០០៦ និង ២០០៧ អាទិន ឬ លោកថោង សារ៉ាត់បានឡើងជាឧកញ៉ា និងមានតួនាទីមួយទៀតជានាយទាហាន នៅអង្គភាពកងពលលេខ៧០។ អ្នកដែលស្គាល់ដំបូងឃើញលោក ថោង សារ៉ាត់ ពាក់ស័ក្តិ៤កន្លះ (វរ:សេនីយ៍ទោ) ។ រយ:ពេល៧ឆ្នាំ លោក ថោង សារ៉ាត់ បានឡើងពាក់ផ្កាយ២ (ឧត្តមសេនីយ៍ទោ)និងមានងារជាឧកញ៉ា។

ចំពោះមុខរបរវិញ លោកឧកញ៉ា ថោង សារ៉ាត់ បានពង្រីកបុរី៩៩៩ចំនួន២កន្លែងធំៗ គឺនៅសង្កាត់បឹងទំពុន និងនៅសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ (ជាប់វត្តចាក់អង្រែក្រោម) នៅបុរីចាក់អង្រែ ក៏មានបណ្តឹងតវ៉ាពី ប្រជាពលរដ្ឋ និងព្រសង្ឃនៅទីនោះដែរ។ លោកថោង សារ៉ាត់ កំពុងតែពង្រីកសាខាបុរី៩៩៩ពីរកន្លែងទៀត នៅសង្កាត់និរោធ ខណ្ឌច្បារអំពៅ តាមផ្លូវជាតិលេខ១ និង ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្តាល ។

ប៉ុន្តែអកុសលឥឡូវនេះ លោកឧកញ៉ា ថោង សារ៉ាត់ បានក្លាយជាជនសង្ស័យថាជាមេខ្លោងក្នុងការបាញ់សម្លាប់លោកឧកញ៉ា អ៊ឹង ម៉េងជឺ ហើយកំពុងរត់គេចខ្លួន  ខណ:អង្គរក្សរបស់លោក៤នាក់ ជាឃាតករបាញ់សម្លាប់លោកឧកញ៉ា អ៉ឹង ម៉េងជឺ ត្រូវតុលាការចោទប្រកាន់ពីបទ «មនុស្សឃាតគិតទុកជាមុន» ។ អង្ករក្សទាំង៤នាក់បានសារភាពថា «ការបាញ់សម្លាប់លោកឧកញ៉ា អ៉ឹង ម៉េងជឺ គឺជាថ្នូរបានផ្ទះម្នាក់មួយល្វែង និងលុយមួយចំនួនពីលោកឧកញ៉ា ថោង សារ៉ាត់ ។

២ថ្ងៃបន្ទាប់មកសមត្ថកិច្ចបាន ឃាត់ខ្លួន អ្នកជាប់ពាក់ពន្ធ៤នាក់ថែមទៀត ក្នុងនោះមានទាំង ឪពុកម្តាយឧកញ៉ា ថោង សារ៉ាត់ ប្អូនប្រុស និងប្រពន្ធ ថោង សារ៉ាត់ ផងដែរ ដោយចោទពីបទ «រារាំងដំណើរការស៊ើប​អង្កេតរបស់សមត្ថកិច្ច» ។ រហូតមកព្រឹកថ្ងៃទី៦ ខែធ្នូ ជនសង្ស័យបានបញ្ជូនទៅតុលាការ។

ចំពោះមូលហេតុនៃការបាញ់សម្លាប់លោកឧកញ៉ា អ៉ឹង ម៉េងជឺ នៅពុំទាន់មានប្រភពច្បាស់ការណ៍ណាបញ្ជាក់ឲ្យដឹងនៅឡើយ។ ប៉ុន្តែបើតាមប្រភពមួយបានបង្ហើបឲ្យដឹងថា ការបាញ់សម្លាប់លោកឧកញ៉ា អ៉ឹង ម៉េងជឺ ដោយសារលោកឧកញ៉ា ថោង សារ៉ាត់ ខឹងលោកឧកញ៉ាអ៊ឹង ម៉េងជឺ ទារលុយជំពាក់មួយលានដុល្លារញឹកញាប់ពេក។ រហូតលោកឧកញ៉ា ថោង សារ៉ាត់ កាត់ដីមួយចំនួននៅខណ្ឌសែនសុខ ឲ្យលោកឧកញ៉ាអ៊ឹង ម៉េងជឺ ដែលគ្រោងធ្វើផ្ទះល្វែងលក់នៅទីនោះ។ ចុងក្រោយនេះគ្រាន់តែជាប្រភពប៉ុណ្ណោះ ការពិតយ៉ាងណាលុះត្រាតែសមត្ថកិច្ចចាប់លោកឧកញ៉ា ថោង សារ៉ាត់បានសម្រេច៕


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh