CamNews

ព័ត៌មានអន្តរជាតិ 

ក្រុងហុងកុង៖ ចក្រភពអង់គ្លេស ផ្ដល់សញ្ជាតិដល់ពលរដ្ឋបរទេស ខណៈច្បាប់ថ្មីរបស់ហុងកុង បង្កការប៉ះពាល់ធ្ងន់ធ្

លោកនាយករដ្ឋមន្រ្ដី Boris Johnson បានមានប្រសាសន៍ថា ពលរដ្ឋហុងកុងប្រមាណរហូតដល់ ៣ លាននាក់ត្រូវបានផ្ដល់ឱកាស ឱ្យតាំងទីលំនៅ នៅលើទឹកដីចក្រភពអង់គ្លេស និងចុងក្រោយ អាចដាក់ពាក្យស្នើសុំសញ្ជាតិ ។



លោកនាយករដ្ឋមន្រ្ដី បានបន្ថែមថា សិទ្ធិសេរីភាពរបស់ពលរដ្ឋហុងកុងត្រូវបានរងការប៉ះទង្គិច ដោយច្បាប់សន្ដិសុខថ្មីរបស់ក្រុងហុងកុង ហើយពលរដ្ឋទាំងឡាយ ដែលរងការប៉ះពាល់នេះ នឹងត្រូវបានផ្ដល់ជូននូវសិទ្ធិថ្មីឱ្យរួចផុតពីអតីតអាណានិគមរបស់ចក្រភពអង់គ្លេស ។

អ្នកកាន់លិខិតឆ្លងដែនអង់គ្លេសប្រហែល ៣៥០.០០០ នាក់ និងអ្នកមានសិទ្ធិស្នើសុំលិខិតឆ្លងដែនប្រមាណ ២.៦ លាននាក់ នឹងអាចមករស់នៅ ចក្រភពអង់គ្លេសរយៈពេល ៥ ឆ្នាំ ។ ហើយក្រោយរយៈពេល ១ ឆ្នាំ ពួកគេនឹងមានសិទ្ធិ ដាក់ពាក្យស្នើសុំសញ្ជាតិអង់គ្លេស ។

អ្នកកាន់លិខិតឆ្លងដែនបរទេសអង់គ្លេស(British National Overseas Passport) ត្រូវបានផ្ដល់ឱ្យនូវឋានៈពិសេស អំឡុងទសវត្ដរ៍ឆ្នាំ ១៩៨០​ ប៉ុន្ដែបច្ចុប្បន្នសិទ្ធិទាំងនោះ ត្រូវបានរឹតបន្ដិង និងទទួលបានតែសិទ្ធិប្រើទិដ្ឋាការដោយឥតគិតថ្លៃមកអង់គ្លេសបានតែ ៦ ខែប៉ុណ្ណោះ ។

យោងតាមផែនការរដ្ឋាភិបាលអង់គ្លេស ពលរដ្ឋបរទេសអង់គ្លេស(British Overseas Nationals) និងអ្នកក្នុងបន្ទុករបស់ពួកគេទាំងអស់ ត្រូវបានផ្ដល់សិទ្ធិឱ្យរស់នៅ ក្នុងប្រទេសអង់គ្លេស រួមទាំងសិទ្ធិប្រកបកិច្ចការ និងសិក្សារៀនសូត្រ រយៈពេល ៥ឆ្នាំ ។ ត្រង់ចំណុចនេះ ពួកគេនឹងមានសិទ្ធិដាក់ពាក្យស្នើសុំតាំងទីលំនៅ ហើយក្រោយរយៈពេលមួយឆ្នាំ ពួកគេមានសិទ្ធិស្នើសុំសញ្ជាតិ ។

លោកនាយករដ្ឋមន្រ្ដី បានបន្ថែមទៀតថា ការអនុម័តច្បាប់សន្ដិសុខថ្មីកាលពីថ្ងៃអង្គារ ដោយអាជ្ញាធរក្រុងហុងកុង គឺជាការរំលោភយ៉ាងធ្ងន់ធ្ងរ និងច្បាស់ក្រឡែតចំពោះសេចក្ដីប្រកាសរួមស៊ីណូ-អង់គ្លេស ដែលជាកិច្ចព្រមព្រៀងចងភ្ជាប់កាតព្វកិច្ចតាមផ្លូវច្បាប់មួយ ដែលកំណត់នូវមធ្យោបាយការពារសិទ្ធិសេរីភាពមួយចំនួនរយៈពេល ៥០ ឆ្នាំ ក្រោយពីប្រទេសចិន ទទួលបានអធិបតេយ្យភាព កាលពីឆ្នាំ ១៩៩៧ ៕



ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ BBC