ភ្នំពេញ ៖ សាលារាជធានីភ្នំពេញ នៅថ្ងៃ ទី៧ ខែមីនា ឆ្នាំ២០១៥នេះ បានចេញសេចក្ដី ជូនដំណឹង ពីការពង្រីក កំណាត់ វិថីសម្ដេច សុធារស ចាប់ពីចំណុចស្ដុបចំការមន ឬស្ដុប ជលផលដល់ចំណុចផ្លូវកែងខាងជើងជាប់ របងស្ថានទូតរុស្សី និងការសម្រួលដាក់ឱ្យចរាចរណ៍ឯកទិស ជាបណ្ដោះអាសន្ន កំណាត់ផ្លូវមួយចំនួន ។
យោងតាមសេចក្ដីជូនដំណឹងរបស់សាលា រាជធានីភ្នំពេញ ដែលមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ទទួល បាននៅ រសៀល ថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៥ បានឱ្យដឹងថា ការសម្រេចចរាចរណ៍ឯកទិសនៅលើកំណាត់ ផ្លូវមួយនេះ ដើម្បីបញ្ជៀសការកក ស្ទះចរាចរណ៍ ដែលតែងតែកើតមានឡើង ។
សាលារាជធានីភ្នំពេញ បានសម្រេចដាក់ ឱ្យចរាចរណ៍ជាផ្លូវឯកទិសបណ្ដោះអាសន្ន ក្នុងរយៈពេល៣ខែ លើ កំណាត់ផ្លូវមួយ ចំនួន ដូចខាងក្រោម ទី១ កំណាត់វិថីសម្ដេចសុធារស ត្រូវធ្វើដំណើរឯកទិស តាមទិសដៅពី ស្ដុបចំការមន ឬស្ដុបជលផល ទៅចំណុចផ្លូវកែង ខាងជើងជាប់របងស្ថានទូតរុស្សី ទី២ កំណាត់ផ្លូវប្របមាត់ទន្លេ ត្រូវធ្វើដំណើរឯកទិស តាមទិសដៅពីគល់ស្ពានខាងលិចស្ពានតន្ដ្រីនៃកោះពេជ្រ ទៅគល់ស្ពានខាងលិចស្ពានឥន្ធនូ និងទី៣ កំណាត់ផ្លូវលេខ៧៨ ត្រូវធ្វើដំណើរឯកទិស តាមទិសពីចំណុចខាងត្បូង ជាប់របងស្ថានទូតអូស្ដ្រាលី ទៅគល់ស្ពានខាងលិចស្ពានតន្ដ្រី ។
តាមរយៈសេចក្ដីជូនដំណឹងរបស់ខ្លួន សាលារាជធានីភ្នំពេញ សង្ឃឹមថា ប្រជាពលរដ្ឋ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ចូលរួមសហការអនុវត្ដនិងផ្សព្វផ្សាយសេចក្ដីជូនដំណឹងនេះ ឱ្យបានទូលំទូលាយ ដោយចាប់អនុវត្ដពីថ្ងៃចន្ទទី៩ ខែមីនា ឆ្នាំ២០១៥នេះតទៅ។
ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល