CamNews

តន្រ្តី 

ចង់​ដឹង​ទេ​ថា​ អ្នក​បញ្ចូល​សំឡេង​ដ៏​ប៉ិន​ប្រសព្វ ក្នុង​វីដេ​អូឃ្លីប​បែប​កំប្លែង​​បទ «រាំញី​កែង​ជើង.

(ភ្នំពេញ)៖ វីដេអូឃ្លីប បញ្ចូលសំឡេងក្នុងរឿងភាគចិនមួយ ប៉ុន្តែត្រូវបានអ្នកបញ្ចូលសំឡេង បានបញ្ចូលទាក់ទងទៅនឹងប្រធានមន្ទីរពេទ្យ បានឃាត់បុគ្គលិកពេទ្យ មិនឲ្យធ្វើដំណើរ ទៅកាន់ស្រុកកំណើត ដើម្បីត្រៀមចាំព្យាបាលរបួស អ្នករាំបទ «រាំញីកែងជើង» កំពុងតែត្រូវបានពេញនិយម ពីសំណាក់អ្នកលេងបណ្ដាញ សង្គម Facebook រហូតដល់​សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា យកទៅចាក់ស្ដាប់ជាសាធារណៈ ក្នុងឱកាសចូលរួមព្រឹត្តិការណ៍អង្គរសង្រ្កាន្ត នៅក្នុងខេត្តសៀមរាបទៀតផង ។

ប្រិយមិត្តអ្នកទស្សនាពិតជាចង់ដឹងណាស់ថា តើអ្នកបញ្ចូលសំឡេងក្នុង វីដេអូឃ្លីបនេះ ថាជានរណាឲ្យពិតប្រាកដ?

លោក អ៊ុយ រិទ្ធី ត្រូវបានគេដឹងថា លោកជាអ្នកមានអាជីពបញ្ចូលសំឡេង ដ៏ប៉ិនប្រសព្វមួយរូប ដែលលោកអ្នកធ្លាប់តែបានឮសំឡេងរបស់លោក ក្នុងរឿងភាគ ឬស្ពតជាណិជ្ជកម្ម ប៉ុន្តែលោកអ្នកមិនដែលបានឃើញ រូបរាងពិតរបស់លោកឡើយ ។ លោក អ៊ុយ រិទ្ធី បានផ្ដល់កិច្ចសម្ភាសន៍ជាមួយ Fresh News ដោយលោកបានបញ្ជាក់ ពីប្រវត្តិផ្ទាល់ខ្លួនខ្លះៗ ឲ្យទស្សនិកជនដឹងថា បច្ចុប្បន្នលោកមានអាយុ ២៦ឆ្នាំ មានស្រុកកំណើត ស្ថិតក្នុងភូមិ ត្រពាំងរាំង ឃុំស្នោរ ស្រុកព្រៃកប្បាស ខេត្តតាកែវ ។ ក្នុងចំណោម​បងប្អូន៥នាក់ (ស្រី២ប្រុស៣) លោកជាកូនពៅគេ ក្នុងគ្រួសារមួយ មានជីវភាពមធ្យម ហើយលោកបានបញ្ចប់ការសិក្សា ត្រឹមតែថ្នាក់ទី៨ នៃវិទ្យាល័យ «ហ៊ុន សែន ព្រៃល្វា» តែប៉ុណ្ណោះ។

ដោយហេតុតែស្រឡាញ់ការងារសិល្បៈ លោក អ៊ុយ រិទ្ធី បានត្រាចរពីស្រុកកំណើត ដើម្បីស្វែងរកទីសំចុះចត ក្រេបយកចំណេះដឹងផ្នែកសិល្បៈ ដោយដំបូងឡើយ ការងារសិល្បៈរបស់លោក គឺគ្រាន់តែជាអ្នកស៊ីឈ្នួល ច្រកស៊ីឌីលក់ឲ្យអតិថិជនតែប៉ុណ្ណោះ ក្នុងអំឡុងឆ្នាំ២០០៨ ។ ប៉ុន្តែដោយមានការណែនាំ និងបង្ហាត់បង្ហាញខ្លះ ពីសំណាក់រៀមច្បង ដែលបានស្គាល់រូបលោកកន្លងមក លោកក៏បានចាប់អាជីព ជាអ្នកបញ្ចូលសំឡេងក្នុងវីដេអូភាគ ដោយមានរឿងភាគថៃ និងចិន ។

លោក អ៊ុយ រិទ្ធី បានបន្ថែមទៀតថា ស្ថិតក្នុងដំណាក់កាលនេះ លោកបានខិតខំប្រឹងប្រែង ក្រេបយកចំណេះដឹងខាងផ្នែកបញ្ចូលសំឡេង ព្រោះគិតថា ជាអាជីពមួយដ៏អស្ចារ្យ ប្រសិនបើលោកចេះស្ទាត់ ណាមួយមិនសូវសម្បូរ អ្នកមានអាជីពបែបនេះទេ។ ទីបំផុតការព្យាយាម បានធ្វើឲ្យបំណងប្រាថ្នា របស់លោកបានសម្រេច រហូតដល់មានគេទទួលស្គាល់ ពីសមត្ថភាព នៃការបញ្ចូលសំឡេង ដ៏ប៉ិនប្រសព្វរបស់លោក។

អ្វីដែលធ្វើឲ្យមហាជនចង់ស្គាល់លោក អ៊ុយ រិទ្ធី កាន់តែច្បាស់ គឺបន្ទាប់ពីលោក បានបញ្ចូលសំឡេងក្នុងវីដេអូឃ្លីមួយ និយាយពីប្រធានមន្ទីរពេទ្យ បានឃាត់បុគ្គលិកពេទ្យ មិនឲ្យធ្វើដំណើរ ទៅកាន់ស្រុកកំណើត ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ដើម្បីត្រៀមចាំព្យាបាលរបួស អ្នករាំបទ «រាំញីកែងជើង» ហើយវីដេអូឃ្លីបនេះ កំពុងតែត្រូវបានពេញនិយម ពីសំណាក់អ្នក​លេងបណ្ដាញ សង្គម Facebook បានបញ្ជូនតៗគ្នា រហូតដល់​សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃប្រទេសកម្ពុជា យកទៅចាក់ឲ្យមន្ត្រីនានា ស្ដាប់ជាសាធារណៈ ក្នុងឱកាសចូលរួមព្រឹត្តិការណ៍ អង្គរសង្រ្កាន្តទៀតផង។

សូមបញ្ជាក់ផងដែរថា ក្រៅពីមានអាជីពជាអ្នកបញ្ចូលសំឡេង ដ៏ប៉ិនប្រសព្វហើយនោះ លោក អ៊ុយ រិទ្ធី ក៏ជា Operator (អ្នកចាក់ផ្សាយ) បម្រើការងារនៅក្នុងស្ថានីយទូរទស្សន៍ ហង្សមាស ​ផងដែរ៕


*បញ្ជាក់ ៖ ចុចទីនេះ ដើម្បីទស្សនាវីដេអូ បញ្ចូលសម្លេងពីហ្វេសប៊ុក



 

 

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី



Tags: pich sophea david HM HMHDTV