(ប៉ាគីស្ថាន)៖ ប៉ូលិសប៉ាគីស្ថាន កំពុងតាមរកចាប់ខ្លួន បុរសជាកូនកម្លោះម្នាក់ និងបងប្អូនខាងកូនប្រុស៤នាក់ទៀត បន្ទាប់ពីពួកគេសម្លាប់កូនក្រមុំ នៅយប់ថ្ងៃរៀបការ ក្រោយពីដឹងការពិតថា នារីជាកូនក្រមុំ មិនមែនជាស្រីបរិសុទ្ធ។
ឪពុកកូនក្រមុំ គឺលោក Lal Mohammad Lashari និយាយថា ព្រឹកថ្ងៃបន្ទាប់ពីកូនស្រីរៀបការរួច(ជាថ្ងៃរាត្រីទឹកឃ្មុំ) លោកបានទូរស័ព្ទទាក់ទង ទៅរកនាងជាច្រើនដង តែមិនចូលសោះ និងដោយមា នការសង្ស័យ ទើបដាច់ចិត្តរាយការណ៍ ទៅប៉ូលិសតែម្តង។ តាមការស៊ើបអង្កេត ឲ្យដឹងថា នៅយប់កើតហេតុ កូនកម្លោះ Qalandar Bux Khokhar បានរឹតកកសម្លាប់នាង Khanzadi Lashari ជាកូនក្រមុំ បន្ទាប់ពីដឹងថា នាងមិនមែនជាស្រីបរិសុទ្ធ ដោយគេបានរួមដៃជាមួយ បងប្អូនប្រុស៤នាក់ទៀត។
សមាជិកគ្រួសារ បាននិយាយថា ពួកគេទាំងពីរ គឺជាបងប្អូនជីដូនមួយនឹងគ្នា ហើយការរៀបការនេះ ក៏មិនមានការបង្ខិតបង្ខំដែរ ហើយនៅថ្ងៃកើតហេតុ បងប្រុសនារីរងគ្រោះ បានទៅរកប្តីប្រពន្ធមួយគូនេះ នៅផ្ទះពួកគេដោយគោះទ្វារ គ្មានសំឡេងឆ្លើយតប ក៏ច្រានចូលទៅ ស្រាប់តែឃើញសាកសពប្អូនស្រីដេកស្លាប់ លើឥដ្ឋ តែមិនឃើញបុរសជាប្តីនាងទេ ក៏ប្តឹងប៉ូលិសពីរឿងនេះភ្លាមៗដែរ ។ ពេលនេះជនដៃដល់ និងបក្ខពួកមិនទាន់ត្រូវបានចាប់ខ្លួន នៅឡើយទេ៕
ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី