CamNews

ព័ត៌មានអន្តរជាតិ 

ស្រ្ដីម្នាក់ សន្លប់ក្រោយធ្វើបាក់កងដៃគជ់តម្លៃ ៤៤,០០០ ដុល្លារនៅហាងលក់គ្រឿងអលង្កា

ស្ត្រីជនជាតិចិនម្នាក់ បានដួលសន្លប់ នៅក្នុងហាងលក់គ្រឿងអលង្ការមួយ បន្ទាប់ពីបានធ្វើឱ្យបាក់កងដៃថ្មគជ់បុរាណមួយ ដែលមានតម្លៃ ៤៤,០០០ ដុល្លារ។ អ្នកទេសចរមកពីខេត្ត ជៀងស៊ីភាគខាងកើតម្នាក់នេះ បានពាក់កងដៃនេះសាកមើល នៅក្នុងហាងមួយ នៅតំបន់ Ruili ក្នុងខេត្ត Yunnan ជិតព្រំដែន ជាមួយប្រទេសមីយ៉ាន់ម៉ា ជាទីកន្លែង ដែលគេនាំយកថ្មគជ់ពីប្រទេសចិនទៅលក់ភាគច្រើន។


នៅពេលដែលអ្នកក្នុងហាងប្រាប់គាត់ពីតម្លៃកងដៃនោះ  គាត់ក៏បានដោះកងនោះចេញភ្លាមៗ ប៉ុន្តែដោយគាត់ដោះ ប្រញាប់ប្រញាល់ពេក ក៏បានធ្វើឱ្យកងដៃនោះ ធ្លាក់បែកតែម្ដង។ កិច្ចព្រមព្រៀងសងថ្លៃខូចខាត ចំពោះការធ្វើបែកកងដៃថ្មគជ់បុរាណនេះ មិនទាន់ត្រូវបានធ្វើឡើង នៅឡើយទេ។

បុគ្គលិកក្នុងហាង បានព្យាយាមជួយលួងលោមស្ត្រីម្នាក់នោះឱ្យធ្វើចិត្ដឱ្យស្ងប់ បន្ទាប់ពីធ្វើបាក់កងដៃ ប៉ុន្តែស្រ្ដីនោះ បែរជាមានអាការៈស្លេកស្លាំង បែកញើស ហើយក៏ដួលសន្លប់តែម្ដង នេះបើយោងរបាយការណ៍មួយ ដែលបានចុះផ្សាយ នៅលើគេហទំព័រព័ត៌មាន 163.com ដោយដកស្រង់សម្តីកូនប្រុសរបស់ម្ចាស់ហាងខាងលើ។

កាសែត People's Daily បានរាយការណ៍ថា ស្រ្ដីរូបនោះ បានដឹងខ្លួនវិញ បន្ទាប់ពីអតិថិជនដទៃទៀត ស្ទុះមកជួយសម្រួលការដកដង្ហើមរបស់គាត់។ បុគ្គលិកហាងនោះ បានប្រាប់ស្ត្រីនោះថា ឱ្យបង់ថ្លៃខូចខាតត្រឹមតែ ២៥,០០០ ដុល្លារបានហើយដើម្បីបញ្ចប់រឿង  ប៉ុន្តែគាត់បាននិយាយថា គាត់មានលទ្ធភាពបង់ត្រឹមតែ ១,៥០០ ដុល្លារតែប៉ុណ្ណោះ។

ប៉ូលីស មិនអាចបញ្ចុះបញ្ចូលភាគីណាមួយ ឱ្យឈានដល់កិច្ចព្រមព្រៀងនោះទេ ហើយរឿងនេះប្រហែលជាត្រូវបញ្ជូនទៅតុលាការ។ សមាគមត្បូងមានតម្លៃក្នុងស្រុកមួយ បានប្រាប់គេហទំព័រស៊ីណាថា ខ្សែដៃនេះ មានតម្លៃពិតត្រឹមតែ ២៦,០០០ ដុល្លារប៉ុណ្ណោះ៕

 




ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ BBC