CamNews

តារា 

ហ៊ុន សត្យា ហួសចិត្តនឹង ព័ត៌មានស្រីស្នេហ៍ ទិញរថយន្ត ផ្គាប់ចិត្ត

ភ្នំពេញៈ កន្លងមកទស្សនិកជន ធ្លាប់តែឮព័ត៌មានថា តារាសម្ដែង តារាចម្រៀងស្រី មានអ្នកសម្បូរទ្រព្យ តាមហួងហែង និងទិញសម្ភារៈទំនើបៗ ផ្គាប់ចិត្ត ដើម្បីយកធ្វើជាស្រីកំណាន់ ឬធ្វើជាស្រីលួចលាក់ក្រោយខ្នងប្រពន្ធ។ ដោយឡែក ពេលនេះព័ត៌មានបែបនោះ បែរជាត្រូវបោកបក់មកប៉ះលើ កំលោះសង្ហា ជាតារាសម្តែង លោក ហ៊ុន សត្យា ដោយលេចឮថាថ្មីៗនេះ លោក ទើបតែត្រូវបានសង្សារបណ្តូលចិត្ត ជាអ្នកមានទ្រព្យ ទិញរថយន្តស៊េរីទំនើប ផ្គាប់ចិត្តលោកទៅវិញ ។

កាលពីពេលថ្មីៗកន្លងទៅ មានព័ត៌មានចចាមអារ៉ាម លេចឮល្ហិចល្ហៀងថា តារាប្រុស ជាអតីត Freshie Boy ប្រចាំឆ្នាំ២០០៨ លោក ហ៊ុន សត្យា លួចមានទំនាក់ទំនងស្នេហា ក្រៅសាច់រឿង ជាមួយនារីអាណិកជនខ្មែរម្នាក់ ដែលគេដឹងថា ជា នារីសម្បូរលុយមានជំនួញរាប់ម៉ឺនដុល្លារ ។ ចំណងស្នេហ៍មួយនេះ បានកើតឡើង ក្នុងរយៈពេលប្រមាណ១-២ឆ្នាំនេះឯង ។ បន្ទាប់ពីលោកចាប់ផ្តើម មានស្នេហាមួយនេះភ្លាម ស្ថានភាពរស់នៅ របស់លោក ក៏កាន់តែមានភាពហ៊ឺហាទ្វេដង ប្រើប្រាស់របស់របរទំនើបៗ ជិះរថយន្តថ្មី សម្ញែងគេឯង ប្លែកខុសពីពេលមុនៗ ។

ពាក់ព័ន្ធនឹងការលេចឮ បែបនេះ លោក ហ៊ុន សត្យា បានប្រាប់ LookingTODAY ឲ្យដឹងតាមទូរស័ព្ទ នៅថ្ងៃទី ០២ ខែមេសា ឆ្នាំ ២០១៤នេះថា លោកពិតជាមានការភ្ញាក់ផ្អើល និងហួសចិត្តខ្លាំងណាស់ នៅពេលមានព័ត៌មានបែបនេះ លេចឮមកលើរូបលោក ទាំងមិនមែនជាពិត។ តែទោះជាយ៉ាងណា លោកក៏ពេញចិត្ត ក្នុងការបកស្រាយការពិត ទៅដល់ទស្សនិកជន ឲ្យបានដឹងដែរ ។

លោក ហ៊ុន សត្យា បានប្រាប់ឲ្យដឹងទៀតថា "ខ្ញុំទទួលស្គាល់ថា កន្លងមកខ្ញុំជិះតែម៉ូតូទេ ព្រោះថាអត់មាន រថយន្តជិះដូចគេ ដោយ សារតែជីវភាពខ្ញុំ មិនសូវល្អ គ្មានភាពហ៊ឺហាអ្វីឡើយ។ តែពេលនេះ ការងារខ្ញុំមមាញឹក និងអាចរកចំណូលបានច្រើន ជាងមុនឆ្ងាយ ដោយសារខ្ញុំមាន ជំនាញមួយទៀត ក្រៅពីសិល្បៈ គឺបង្ហាត់តៃក្វាន់ដូ ដល់សិស្សតាមផ្ទះ។ ដូច្នេះហើយបានជាខ្ញុំ សន្សំលុយទិញ រថយន្តនេះជិះតែម្តងទៅ ហើយវាមានតម្លៃ ជាង១ម៉ឺនដុល្លារ" ។

តារាសម្តែង ហ៊ុន សត្យា បានប្រាប់ឲ្យដឹងបន្ថែមទៀតថា ចំណូលដែលលោករកបាននេះ មិនមែនបានមកពីគូស្នេហ៍ណាម្នាក់ ជួយឧបត្ថម្ភនោះទេ។ ដូច្នេះលោកសង្ឃឹមថា ក្រោយពីធ្វើការបកស្រាយរួច ទស្សនិកជន នឹងលែងយល់ច្រឡំតទៅទៀត ព្រោះថាអ្វីៗដែលលោកមានសព្វថ្ងៃ គឺជាញើសឈាមផ្ទាល់ ហើយក៏មិនទទួលយកការឧបត្ថម្ភ ពីអ្នកណានោះឡើយ ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news Khmer stars Cambodia Ent news