CamNews

ទេសចរណ៍ 

ដំណឹងល្អ ៖ កំណាយស្រាវជ្រាវបង្ហាញថា រោងសិតសំរិទ្ធ នៅសម័យអង្គរ ធំជាងគេបង្អស់នៅអាស៊ីអាគ្នេយ៍

(សៀមរាប)៖ ​គម្រោងស្រាវជ្រាវ «ព្រះរាជរោងសិតសំរិទ្ធក្នុងព្រះបរមរាជវាំងអង្គរធំ» ដែលកំពុងអនុវត្តដោយអាជ្ញាធរជាតិអប្សរា និងសាលាបារាំងចុងបូព៌ា (EFEO) បានបង្ហាញថា ជនជាតិខ្មែរមានរោងស្លលោហកម្មធំ និងប្រណិតជាងគេនៅអាស៊ីអាគ្នេយ៍។ លទ្ធផលបឋមនៃកំណាយស្រាវជ្រាវ នៅក្នុងព្រះបរមរាជវាំងអង្គរធំសម័យអង្គរនេះ ថែមទាំងបង្ហាញថា ទំនៀមនៃការផលិតលោហកម្មរបស់បុព្វបុរសខ្មែរ នៅតែបន្តអាយុជីវិតនៅឡើយសព្វថ្ងៃ។ ការអះអាងបែបនេះ ត្រូវបានធ្វើឡើងរួមគ្នាដោយ លោកបណ្ឌិត Brice VINCENT តំណាងសាលាបារាំងចុងបូព៌ា និងលោក អ៊ឹម សុខរិទ្ធី អ្នកស្រាវជ្រាវបុរាណវិទ្យានៃអាជ្ញាធរជាតិអប្សរា នាព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៦នេះ។

តាមបទបង្ហាញរបស់លោក Brice ដែលប្រែសម្រួលដោយលោក អ៊ឹម សុខរិទ្ធី បញ្ជាក់ថា កំណាយស្រាវជ្រាវលើកនេះ បានរកឃើញចង្ក្រានស្លលោហៈចំនួនពីរ ពុម្ពសម្រាប់ចាក់ជារូបផ្សេងៗ រួមនឹងកម្ទេចកម្ទីលោហៈតូចៗដូចជា ទង់ដែង ដែក និងសំណជាដើម។ សំណាកនៃលោហៈទាំងនេះបញ្ជាក់ថា ខ្មែរចេះវិធីផលិតលោហធាតុ មានសំរិទ្ធជាដើម ទៅជាគ្រឿងអលង្ការ សម្ភារៈប្រើប្រាស់ផ្សេងៗបានយ៉ាងល្អ ខណៈពេលដែលប្រទេសដទៃទៀត នៅអាស៊ីអាគ្នេយ៍មិនទាន់មាន។ បន្ថែមពីនេះ អ្នកស្រាវជ្រាវទាំងពីររូប អះអាងថា តាំងពីបើកកំណាយនៅថ្ងៃទី១១ រហូតដល់ថ្ងៃទី២៧ ខែកក្កដានេះ ក្រុមការងារបានរកឃើញកន្លែងស្លលោហៈ និងកន្លែងសិតលោហៈហើយ តែនៅមិនទាន់ឃើញ កន្លែងច្នៃលោហៈនៅឡើយ ហើយលោកជឿជាក់ថា នឹងប្រទះឃើញ​ក្នុងពេលឆាប់ៗខាងមុខនេះមិនខាន។

បើនិយាយពីទំនៀមនៃការធ្វើរោងទងផលិតលោហៈសម្រាប់ព្រះបរមរាជវាំងនេះវិញ លោក អ៊ឹម សុខរិទ្ធី បញ្ជាក់ថា រោងទងស្លលោហៈដែលក្រុមការងារ កំពុងធ្វើកំណាយនេះ គឺស្ថិតនៅភាគខាងជើងនៃព្រះបរមរាជវាំងសម័យអង្គរ ហើយទំនៀមនេះឃើញនៅបន្តរហូតដល់សម័យលង្វែក ​សម័យឧដុង្គ និងរហូតដល់ព្រះបរមរាជវាំងនៅភ្នំពេញសព្វថ្ងៃ គឺសាលារចនាហ្នឹងឯង។ ដោយឡែកនៅឧដុង្គ និងបន្ទាយលង្វែក ក៏នៅមានសហគមន៍ផលិតលោហៈ នៅខាងក្នុងបរិវេណនៃព្រះបរមរាជវាំងចាស់ នៅតែបន្តមានដល់សព្វថ្ងៃដែរ មិនតែប៉ុណ្ណោះ ព្រះរាជវាំងថៃ ដែលទទួលមរតកពីអង្គរ ក៏មានលំនាំដូចគ្នានេះដែរ ហើយនេះជាការបញ្ជាក់យ៉ាងច្បាស់ថា អាចារ្យធម៌អង្គរ នៅតែបន្តមានជីវិតរហូតដល់សព្វថ្ងៃនៅឡើយ។

ឆ្លើយតបនឹងសំណួរ ដែលចង់ដឹងថា មានហេតុផលអ្វីដែរទេ ដែលរោងទងស្លលោហៈសម្រាប់ព្រះរាជវាំង តែងតែនៅខាងជើងនោះ លោក អ៊ឹម សុខរិទ្ធី ពន្យល់ថា ក្រុមការងារមិនទាន់រកឃើញមូលហេតុ នៅឡើយទេ ​ហើយលោកបាន​លើកឧទាហរណ៍អំពីរោងស្លដែកវិញ ដែលថា ធម្មតារោងស្លដែកសម័យបុរាណ គឺគេធ្វើនៅភាគឥសាននៃភូមិករមនុស្សរស់នៅ ហើយនៅដាច់អំពីភូមិស្រុក នេះជាទំនៀមរបស់ព្រាហ្មណ៍ក្នុងព្រហ្មញ្ញសាសនា ចំណែករឿងរោងទងស្លលោហៈវិញ អ្នកស្រាវជ្រាវមិនទាន់អាចកំណត់ពីហេតុផលបាននៅឡើយ។

​សូមបញ្ជាក់ថា គម្រោងស្រាវជ្រាវ «ព្រះរាជរោងសិតសំរិទ្ធ ក្នុងព្រះបរមរាជវាំងអង្គរធំ» គឺជាគម្រោងសហការរវាងអាជ្ញាធរជាតិអប្សរា និងសាលាបារាំងចុងបូព៌ា (EFEO) ដែលត្រូវធ្វើកំណាយស្រាវជ្រាវរយៈពេល៤ឆ្នាំ ចាប់ពីឆ្នាំ២០១៦ ដល់ឆ្នាំ២០១៩ ហើយគម្រោងនេះ មានក្រុមអនុវត្តការងារ​៣ក្រុមធំៗគឺ ក្រុមអ្នកធ្វើកំណាយ ក្រុមអ្នកសិក្សាវិភាគ នៅសាលាបារាំងចុងបូព៌ា និងក្រុមអ្នកមួយទៀត គឺធ្វើវិភាគវិទ្យាសាស្ត្រកំណត់អាយុកាលនៃបំណែកដែលស្រាវជ្រាវបាននៅសហរដ្ឋអាមេរិក។ គម្រោងនេះ ក៏នឹងមានវគ្គបណ្តុះបណ្តាល ដល់និស្សិតបុរាណវិទ្យា នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រវិល្បៈ និងបុគ្គលិកនៃអាជ្ញាធរអប្សរា តាមរយៈការចុះមកសិក្សាវិភាគ នៅសាលពិសោធន៍សាលាបារាំងចុងបូព៌ា និងនៅទីតាំងកំណាយផ្ទាល់ នៅក្នុងបរិវេណព្រះបរមរាជវាំងបុរាណ ក្រោយព្រះលានស្តេចគម្លង់៕

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី


Tags: Angkor Wat Local news Elephant Siem Reap