ភ្នំពេញ៖ក្រោយពីគេហទំព័រ LookingTODAY បានចុះផ្សាយ អត្ថបទព័ត៌មាន ជុំវិញការលេចធ្លាយ ដំណឹង សម្ព័ន្ធភាពស្នេហា ក្រៅឆាក រវាង តារាកំប្លែង ដ៏មានប្រជាប្រិយភាព នាយ គ្រឿន ជាមួយនឹងតារាសម្តែង ស្រីវ័យក្មេងក្នុងស្រុក កាលពីពេលថ្មីៗនេះ រួចមក ត្រូវបានតារាកំប្លែង ស្ងួតរូបនេះ ចេញមុខបដិសេធន៍ ប្រាប់ភ្លាមៗថា ពុំមែនជារឿងពិត ដូចការលើកឡើងនោះទេ។
ផ្តល់សម្ភាសន៍ឲ្យគេហទំព័រ LookingTODAY តាមរយៈទូរស័ព្ទ នាព្រឹកថ្ងៃអង្គារ៍ ទី២៥ ខែកុម្ភៈឆ្នាំ២០១៤ នេះតារាកំប្លែង ដើមកំណើត មកពីទឹកដី ខេត្តស្វាយរៀង នាយ គ្រឿន បានប្រាប់ថា "ខ្ញុំពិតជាធ្លាប់ចេញ ទៅញ៉ាំអាហារ ជាមួយតារាៗស្រី-ប្រុស មែន ប៉ុន្តែរឿងថា ខ្ញុំមានទំនាក់ទំនងស្នេហា ជាមួយ តារាសម្តែងស្រីនោះ គឺអត់មានទេ…(សើច) ! តើមានតារាស្រីឯណាគេ មកស្រឡាញ់ខ្ញុំ គ្រាន់ជាអ្នកកំប្លែងនោះ?"។
នាយ គ្រឿន បាននិយាយដោយ សំណើចទៀតថា "បងឯងគិតមើល..! មិនថាតារាសម្តែង ឬចម្រៀងទេ គឺពួកគេសុទ្ធតែ មានរូបស្រស់ស្អាត ហើយឲ្យគេ មកស្រឡាញ់ខ្ញុំ ជាអ្នកកំប្លែងអ៊ីចឹង ធ្វើម៉េចកើតទៅ? គឺមិនអាចទៅរួចសោះតែម្តង។ ខ្ញុំយល់ថា ដំណឹងលេចឮនេះ គ្រាន់តែជា ការយល់ច្រឡំប៉ុណ្ណោះ ព្រោះពេលខ្លះ ខ្ញុំពិតជាឧស្សាហ៍ ទៅហូបអីជាមួយតារាៗ តែមិនបានដឹងខ្លួនថា ស្និទ្ធស្នាល ជាមួយនណាខ្លះផង..!"។
តារាកំប្លែងក្តាប់ បានឱកាស សាងកេរ្តិ៍ឈ្មោះ ល្បីល្បាញ កាន់តែខ្លាំងឡើងៗ នាយ គ្រឿន បានពោលពាក្យ បែបលេងសើចថា "គេយល់ច្រឡំទេបង …! ស្នេហាជាមួយ អ្នកសិល្បៈគឺគ្មានទេ តែបើខាងក្រៅពីអ្នកសិល្បៈវិញ ប្រហែលអាចមាន..(សើច)។ ធម្មតាទេ មនុស្សប្រុស គឺតែងតែមាន ការលេងសើចខ្លះហើយ ..! ម្យ៉ាងទៀត ក៏មិនលាក់បាំងដែរ បច្ចុប្បន្នពិតជាមានគេ ទាក់ទង រហូតមានអ្នកឲ្យ លេខទូរស័ព្ទ និងខ្លះទៀត តេមកនិយាយ លែបខាយសម្តី បែបស្នេហាដាក់ខ្ញុំក៏មានដែរ..!"។
នៅពេលសួរថា បើមានគេស្រឡាញ់ ពិតមែន តើនាយគិតម៉េចចំពោះរឿងនេះ? ជាចំលើយនាយគ្រឿនឆ្លើយ តបមកវិញ យ៉ាងរហ័ស និង បែបកំប្លែងថា "បើគេស្រឡាញ់ ស្រឡាញ់គេវិញទៅ។ តែបើគេគ្រាន់តែ ញ៉ែយើង ក៏ញ៉ែយកបទពិសោធន៍ វិញទៅ ចប់ហើយ..!"។
ជាមួយគ្នានេះ តារាកំប្លែងនាយ គ្រឿន ក៏បានបញ្ជាក់ ដោយអះអាងថា ទោះបីជាយ៉ាងនេះក្តី លោកមិនបានក្បត់ចិត្ត មាន ស្នេហ៍ថ្មី ចោលប្រពន្ធ និងកូន ដែលកំពុងតែរស់នៅ ឯស្រុកកំណើត ខេត្តស្វាយរៀង នោះឡើយ។ ម្យ៉ាងទៀតប្រពន្ធរបស់នាយ ក៏បានដឹងច្បាស់ហើយ ពីចរិក និងទឹកចិត្ត ដែលនាយបានស្រឡាញ់គ្នា តាំងតែពីដើមមកម្ល៉េះ។
តារាកំប្លែងមុខស្ងួត ក្រម៉ិចក្រមើម ស្ថិតក្នុងក្រុមកំប្លែង របស់នាយ ពាក់មី ហើយក៏ត្រូវជាប្អូនប្រុសបង្កើត គឺនាយ គ្រឿនមុននេះបន្តិច ក៏បានបែកធ្លាយ ព័ត៌មានថា មានទំនាក់ទំនង ផ្អែមល្ហែមជា មួយនារីវ័យក្មេង ជាតារាសម្តែង។ ប៉ុន្តែភ្លាមៗនេះ ត្រូវបានតារាកំប្លែងនាយ គ្រឿន ចេញមុខមកបដិសេធន៍ ច្រានចោលថា ជាព័ត៌មានមិនពិត និងជាការយល់ច្រឡំ។
ការវិវឌ្ឍខ្លួន ជ្រៀតចូលដណ្តើម ទីផ្សារសិល្បៈតាមរយៈការកំប្លែងនេះ ទើបធ្វើឲ្យនាយ គ្រឿន មានឱ កាសលេចឈ្មោះល្បី និងអាចរកលុយ បានពីការសម្តែង ច្រៀង និង កំប្លែង រហូតមកដល់សព្វថ្ងៃនេះ ។ លើសពីនេះ នាយក៏ក្តាប់បានឱកាសថ្មី ជាបន្តបន្ទាប់ ដូចជាការសម្តែងខ្សែភាពយន្ត និងការចូលច្រៀង ឲ្យផលិតកម្មថោន ជាដើម ៕
ទស្សនារូបភាពតារាផ្សេងៗជាច្រើនទៀត
ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល