ប៉ុន្មានថ្ងៃបន្ទាប់ពីការប៉ះទង្គិចព្រំដែនជាមួយចិនក្នុងខែនេះ ដែលទាហានឥណ្ឌា ២០ នាក់ត្រូវបានសម្លាប់ រដ្ឋបាលក្រុងញូវដេលី បានប្រាប់ក្រុមហ៊ុននានាឱ្យរកវិធីកាត់បន្ថយការនាំចូលពីប្រទេសចិន។ ប៉ុន្តែឧស្សាហកម្មធំ ៗ ពីរគឺរថយន្ត និងឱសថនិយាយថា ការនិយាយនេះស្រួលជាងការធ្វើឆ្ងាយណាស់។
ដូចប្រទេសជាច្រើនដែរ ប្រទេសឥណ្ឌា ពឹងផ្អែកលើប្រទេសចិន សម្រាប់ផលិតផលដូចជា គ្រឿងអេឡិចត្រូនិក និងគ្រឿងផ្សំថ្នាំសង្កូវ ពីព្រោះឥណ្ឌា មិនអាចផលិតវា ឬទាញយកប្រភពពីកន្លែងផ្សេងទៀតបាននោះទេ។ ដូច្នេះការផ្លាស់ប្តូរណាមួយ ដើម្បីទប់ស្កាត់ការនាំចូលពីប្រទេសចិន នឹងធ្វើឱ្យប៉ះពាល់ដល់អាជីវកម្មក្នុងស្រុក។
លោក Bhargava ប្រធានក្រុមហ៊ុន Maruti Suzuki India Ltd ដែលជាក្រុមហ៊ុនផលិតរថយន្តធំជាងគេរបស់ប្រទេសបាននិយាយថា ពួកយើងមិនចង់ធ្វើការនាំចូលពីប្រទេសចិននោះទេ តែមកពីយើងមិនមានជម្រើសផ្សេងពីនេះ ។
លោកបានបន្ថែមទៀតថា តើអ្នកដឹងទេថា ដើម្បីទាក់ទាញក្រុមហ៊ុននានា ឲ្យមកផលិតក្នុងស្រុកយើង ត្រូវប្រកួតប្រជែង និងបញ្ចុះថ្លៃដើម បើប្រៀបធៀបជាមួយប្រទេសផ្សេងទៀត។
ឥណ្ឌា បាននាំចូលទំនិញពីប្រទេសចិនប្រមាណ ៧០,៣ ពាន់លានដុល្លារ ក្នុងឆ្នាំសារពើពន្ធដល់ខែ មីនាឆ្នាំ ២០១៩ ហើយបាននាំចេញត្រឹមតែ ១៦,៧ ពាន់លានដុល្លារប៉ុណ្ណោះ ដែលជាឱនភាពពាណិជ្ជកម្មធំបំផុតជាមួយប្រទេសដទៃទៀត។
មន្ត្រីអង្គភាពពាណិជ្ជកម្មមួយរូប បាននិយាយក្នុងលក្ខខណ្ឌអនាមិកថា បច្ចុប្បន្នរដ្ឋាភិបាលកំពុងពិគ្រោះយោបល់ ជាមួយក្រុមហ៊ុននានា ស្តីពីការរឹតបន្តឹងលើផលិតផល ដែលមិនចាំបាច់មួយចំនួនដូចជា ប្រដាប់ប្រដាក្មេងលេង ផ្លាស្ទិចជាដើម ហើយអនុញ្ញាតអោយតែការនាំចូលដែក គ្រឿងអេឡិចត្រូនិក និងគ្រឿងបន្លាស់រថយន្តជាក់លាក់ - ដែលផ្គត់ផ្គង់ដល់ការផលិតរថយន្តតែប៉ុណ្ណោះ។
គួររំលឹកផងដែរថា ជម្លោះព្រំដែនរវាងប្រទេសចិន និងឥណ្ឌា ដែលបានបណ្តាលអោយកងទ័ពស្លាប់ទាំងសងខាងនោះ បានបង្ករអោយមានភាពតានតឹង ដល់ទំនាក់ទំនងការទូត និងពានិជ្ជកម្ម សម្រាប់ប្រទេសទាំងពីរ៕
ប្រែសម្រួល៖ ផាន់ណា
ប្រភព៖ channelnewsasia