CamNews

ព័ត៌មានអន្តរជាតិ 

WHO: បណ្ដាប្រទេសក្រីក្រ ជួបកង្វះខាតវ៉ាក់ស៊ាំង កូវីដ-១៩ យ៉ាងខ្លាំង

ប្រទេសជាច្រើន ដែលទទួលបានវ៉ាក់ស៊ាំងប្រឆាំងជំងឺកូវីដ-១៩ តាមរយៈគម្រោងចែករំលែកសកល ពុំមានវ៉ាក់ស៊ាំងគ្រប់ដូស ដើម្បីបន្ដកម្មវិធីផ្ដល់វ៉ាក់ស៊ាំងនោះទេ នេះបើយោងតាមការឱ្យដឹងរបស់អង្គការសុខភាពពិភពលោក ។ ទីប្រឹក្សាជាន់ខ្ពស់អង្គការសហប្រជាជាតិលោកវេជ្ជបណ្ឌិត Bruce Aylward បាននិយាយថា កម្មវិធី Covax បានផ្ដល់ជូនវ៉ាក់ស៊ាំងចំនួន ៩០ លានដូស ទៅកាន់ ១៣១ ប្រទេស ។ ប៉ុន្ដែលោកថា មិនមានប្រទេសណាមួយក្នុងចំណោមប្រទេសទាំងនេះ មានវ៉ាក់ស៊ាំងគ្រប់គ្រាន់ ដើម្បីការពារពលរដ្ឋពីវីរុស ដែលកំពុងរីករាលដាលទូទាំងសកលលោកនេះ នោះទេ ។



 ភាពកង្វះខាតនេះ កើតឡើង នៅពេលបណ្ដាប្រទេស នៅអាហ្រ្វីក មើលឃើញនូវរលកទី៣ នៃការឆ្លងវីរុស ។ កាលពីថ្ងៃចន្ទ ប្រធានាធិបតីអាហ្រ្វីកខាងត្បូងលោក Cyril Ramaphosa បានអំពាវនាវឱ្យបញ្ឈប់ការប្រមូលទិញវ៉ាក់ស៊ាំងដើម្បីរក្សាទុកដោយប្រទេសអ្នកមាន ខណៈរដ្ឋាភិបាលរបស់លោក ខិតខំប្រឹងប្រែង ដើម្បីទប់ស្កាត់ការកើនឡើងនូវករណីឆ្លង ។ លោក Ramaphosa និយាយថា គិតត្រឹមកម្រិតទ្វីប មកទល់នឹងពេលនេះ មានវ៉ាក់ស៊ាំងត្រឹម ៤០ លានដូសប៉ុណ្ណោះ ដែលត្រូវបានចាក់ជូនប្រជាពលរដ្ឋ នៅអាហ្វ្រីក ពោលគឺមានចំនួនតិចជាង ២ ភាគរយនៃចំនួនប្រជាជន ។

 ដើម្បីដោះស្រាយបញ្ហានេះ លោកនិយាយថា រដ្ឋាភិបាលរបស់លោក បានធ្វើការជាមួយនឹងកម្មវិធី Covax ដើម្បីបង្កើតមជ្ឈមណ្ឌលក្នុងតំបន់មួយ ដើម្បីផលិតវ៉ាក់ស៊ាំងបន្ថែម នៅអាហ្រ្វីកខាងត្បូង។ កម្មវិធី Covax ត្រូវបានបង្កើតឡើង កាលពីឆ្នាំមុន ដើម្បីធានាឱ្យបានថា វ៉ាក់ស៊ាំងប្រឆាំងនឹងជំងឺកូវីដ-១៩ អាចរកទិញបាន នៅទូទាំងពិភពលោក ដោយប្រទេសអ្នកមាន គួរលក់ក្នុងតម្លៃធូរថ្លៃ សម្រាប់បណ្ដាប្រទេសក្រីក្រ។

 ដឹកនាំដោយអង្គការ WHO និងអង្គការអន្ដរជាតិផ្សេងទៀត កម្មវិធី Covax បានផ្ដួចផ្ដើមកំណត់ទិសដៅ ដើម្បីផ្ដល់ជូនវ៉ាក់ស៊ាំង ២ ពាន់លានដូស ទូទាំងសកលលោក គិតត្រឹមចុងឆ្នាំ ២០២១ ។ វ៉ាក់ស៊ាំងភាគច្រើន ត្រូវបានឧបត្ថម្ភទៅឱ្យបណ្ដាប្រទេសក្រីក្រ ជាតំបន់ ដែលកម្មវិធី Covax សង្ឃឹមថា នឹងផ្ដល់ជូនវ៉ាក់ស៊ាំងគ្រប់គ្រាន់ដើម្បីការពារប្រជាជនយ៉ាងហោច ២០ % នៃចំនួនប្រជាជនសរុប ។

 ទោះជាយ៉ាងណា ការបរិច្ចាគវ៉ាក់សាំងទាំងនេះ ជួបឧបសគ្គ ដោយការពន្យារការផលិត និងភាពរអាក់រអួលសង្វាក់ផ្គត់ផ្គង់ នាំឱ្យបណ្ដាប្រទេស ដែលពឹងផ្អែកទាំងស្រង់លើកម្មវិធី Covax ជួបកង្វះខាត ។  ប្រទេសអ៊ូហ្កង់ដា ហ្ស៊ីមប៉ាវ៉េ បង់ក្លាដេស ទ្រីនីដាដ និងតូបាហ្គោ គឺជាប្រទេស ដែលត្រូវបានគេរាយការណ៍ថា ជួបកង្វះខាតវ៉ាក់សាំង នាពេលបច្ចុប្បន្ននេះ ៕



ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ BBC