(រដ្ឋផ្លរីដា)៖ បុរសអាយុ៤៧ឆ្នាំម្នាក់ ឈ្មោះ Phillip Craft បានបង្កើតគ្លីនិកមួយ នៅទីក្រុង Miami ក៏ព្រោះតែលោកចង់កែសម្ផស្សភរិយា អាយុ៤៣ឆ្នាំ គឺនាង Anna ឲ្យមើលទៅនៅតែមានសម្រស់ស្អាត ទោះបីជាមានកូនពីរនាក់ ទៅហើយក្តី។
ដំបូងស្ត្រីជាប្រពន្ធ ហាក់ស្ទាក់ស្ទើរក្នុងចិត្ត ពេលដែលទទួលការវះកាត់កែសម្ផស្ស ប៉ុន្តែក្រោយពីសម្រាលកូនរួច រាងកាយនាងក៏ចាប់ផ្តើម ផ្លាស់ប្តូរ ទើបនាងចង់ធ្វើយ៉ាងណាឲ្យ មានរាងស្អាតឡើងវិញ ក៏យល់ព្រមតាមការណែនាំរបស់ប្តី ក្នុងការកែច្នៃរូបរាងកាយរាប់ភ្លេច ព្រោះតែចង់ឲ្យមានភាពទាក់ទាញ។
Anna បានពង្រីកដើមទ្រូង ត្រគាក កែច្នៃបបូរមាត់ ចង្ការ ចង្កេះនិងអ្វីៗជាច្រើនទៀត សឹងតែនិយាយបានថា ជាការឌីហ្សាញខ្លួនប្រាណទាំងអស់ទៅហើយ បន្ទាប់ពីនាងសម្រាលកូនប្រុសពីរនាក់ ឈ្មោះ Aston និង Phillip Jr. ដែលពេលនេះ ពួកគេមានអាយុ១១ឆ្នាំនិង១៣ឆ្នាំហើយ។
Anna និយាយថា ប្តីនាងស្រឡាញ់គ្រប់អ្វីៗ ហើយក៏ចង់ធ្វើវាឲ្យទាន់សម័យ ដែលសូម្បីតែរាងកាយនាង ក៏មិនលើកលែងដែរ ហើយស្វាមីតែងប្រាប់អ្នកជំងឺ ឲ្យក្រឡេកមើលប្រពន្ធ និងជឿថានាងស្អាតជាងកាលពីអាយុ២០ឆ្នាំ ទៀតផង៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង