(ភ្នំពេញ)៖ សំពាធត្រូវបានធ្លាក់ទៅលើក្រុមបាល់ទាត់គោព្រៃជំទង់ U-19 កម្ពុជា ត្បិតត្រូវការ៣ពិន្ទុបន្ថែម ពេលប៉ះក្រុម ការពារតំណែងជើងឯកដែលមានរហស្សនាមថា «ដំរី» U-19 របស់ថៃនាម៉ោង ៤ល្ងាចនេះវគ្គសន្សំពិន្ទុក្នុងពូល B នៃពានរង្វាន់ប្រចាំតំបន់អាស៊ីអាគ្នេយ៍ AFF U-19 Youth Championships 2016 ដែលមានវៀតណាមធ្វើម្ចាស់ផ្ទះ។
ការប្រកួតដែលនឹងធ្វើឡើងនៅក្នុងពហុកីឡដ្ឋាន Hay Day ស្ថិតក្នុងទីក្រុងហាណូយនោះ គឺជាការប្រកួតលើកទី៣ របស់ U-19 កម្ពុជា បន្ទាប់ពីចាញ់ U-19 អូស្រ្តាលី ២-០ នៅថ្ងៃបើកឆាក និងរកបាន៣ពិន្ទុឡើងទៅលេខ៣ ក្នុងពូល B បណ្តោះអាសន្នវិញ បន្ទាប់ពីបំបាក់ U-19 ឡាវ ៣-០ កាលពីរាត្រីថ្ងៃពុធ ទី១៤ ខែកញ្ញា។
ទាំងឈុតធំជម្រើសជាតិ ឈុត U-23, U-19 និងឈុត U-16 សុទ្ធតែធ្លាប់ចាញ់ក្រោមថ្វីជើងក្រុមលេខ១ប្រចាំតំបន់ អាស៊ាននេះទាំងអស់ តែ២ប្រកួតរបស់ U-19 ថៃ ក្នុងពូល B ថ្មីៗនេះទទួលបាន ៦ពិន្ទុពេញក៏ពិតមែន ប៉ុន្តែឈ្នះឡាវ ២-១ ប៉ុណ្ណោះមុនមកឈ្នះឥណ្ឌូនេស៊ី ៣-២ ឈរនៅលេខ២ ក្នុងពូល គ្រាដែលអូស្រ្តាលី ឈរនៅលេខ១ កំពូលតារាង៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង