CamNews

តារា 

រំភើបចិត្ដ! មហាសេដ្ឋីចិត្ដធម៌ទាំង ១០រូប បរិច្ចាគសម្បត្ដិរហូតរាប់ពាន់លានដុល្លារ ដើម្បីមនុស្សជាតិ

អស្ចារ្យណាស់ ៖ ពាណិជ្ជករជោគជ័យភាគច្រើន តែងគិតអំពីការចែករំលែក និងតបស្នងសហគមន៍របស់ខ្លួនវិញ នៅពេលណាមួយក្នុងឆាកជីវិតរបស់ពួកគេ។ មិនថាតាមវិធីណានោះទេ ប្រាក់ ដែលត្រូវបានចំណាយសម្រាប់បុព្វហេតុសប្បុរសធម៌ គឺជាតម្រូវការចាំបាច់ និងមានឥទ្ធិពលដល់ជីវិតមនុស្សមួយចំនួន។ បណ្ដាពាណិជ្ជករ ដែលបានរៀបាប់ខាងក្រោមជឿថា ការចែករំលែក គឺជាការយកចិត្ដទុកដាក់ខ្វល់ដល់មនុស្សជាតិ។ ពួកគេបានបរិច្ចាគទ្រព្យសម្បត្ដិរបស់ខ្លួនសរុបបញ្ចូលគ្នាចំនួន ១០៦,៨ ពាន់លានដុល្លារអាមេរិក នេះបើយោងតាមក្រុមហ៊ុនស្រាវជ្រាវ Wealth-X។

១. លោក Bill Gates

ពេញមួយជីវិយរបស់លោក លោក Bill Gates បានបរិច្ចាគប្រាក់ ២៧ ពាន់លានដុល្លារអាមេរិក។ លោកបានចំណាយពេលវេលារបស់ខ្លួនភាគច្រើនទៅលើការគ្រប់គ្រងគម្រោងជួយដល់មនុស្សជាតិ ក្រោមរូបភាពនៃមូលនិធិ Bill& Melinda Gates Foundation។ លោក Gates ជាសហស្ថាបនិកក្រុមហ៊ុន Microsoft ដែលបានក្លាយជាក្រុមហ៊ុនបង្កើត Software ធំជាងគេបំផុតរបស់ពិភពលោក។



២. លោក Warren Buffett

មានតួនាទីជាប្រធាន និងនាយកប្រតិបត្ដិនៃក្រុមហ៊ុន Berkshire Hathaway លោក Warren Buffett គឺជាមនុស្សម្នាក់ ដែលមានទ្រព្យសម្បត្ដិច្រើន និងមានចិត្ដសប្បុរសជាងគេ នៅក្នុងពិភពលោក។ រហូតមកដល់ពេលបច្ចុប្បន្ននេះ លោកបានបរិច្ចាគប្រាក់ចំនួន ២១,៥ ពាន់លានដុល្លារអាមេរិក។ កាលពីឆ្នាំ ២០០៦ លោកបានសន្យាបរិច្ចាគទ្រព្យសម្បត្ដិរបស់ខ្លួនប្រមាណ ៨៥% ជូនដល់មូលនិធិ Bill& Melinda Gates Foundation និងមូលនិធិដទៃទៀត ដែលបង្កើតឡើងដោយសមាជិកគ្រួសាររបស់លោក។



៣. លោក George Soros

បុគ្គលសេ្នហាមនុស្សជាតិ កវីនិពន្ធ និងអ្នកវិនិយោគ ដែលមានកំណើតកើតជា នៅក្នុងប្រទេសហុងគ្រីរូបនេះ គឺជាប្រធានមូនិធិ ​Soros Fund Management ។ លោក បានបរិច្ចាគប្រាក់របស់ខ្លួន ចំនួន ៨ ពាន់លានដុល្លារអាមេរិកជូនដល់បណ្ដាអង្គការសប្បុរសធម៌ ដើម្បីបុព្វហេតុអភិវឌ្ឍសហគមន៍ សេវាសង្គម សុខភាព និងផ្នែកអប់រំ។



៤. លោក Azim Premji គឺជាអ្នកស្នេហាមនុស្សជាតិ អ្នកវិនិយោគ និងជាមហាសេដ្ឋីឥណ្ឌាម្នាក់។ លោក គឺជាប្រធានក្រុមហ៊ុន Wipro Limited ដែលជាក្រុមហ៊ុនផ្ដល់ប្រឹក្សាផ្នែក IT ។ លោកគឺជាពលរដ្ឋឥណ្ឌាដំបូងគេ ដែលបានចុះហត្ថលេខាលើគម្រោង Giving Pledge។ រហូតមកដល់ពេលនេះ លោកបានបរិចា្ចគទ្រព្យសម្បត្ដិរបស់លោកចំនួន ៨ ពាន់លានដុល្លារអាមេរិក។



៥. លោក​ Charles Francis Feeney

Charles Francis Feeney ជាញឹកត្រូវបានគេហៅគាត់ថា “ James Bond of Philanthropy” ។ លោក បាបបង្កើតទ្រព្យសម្បត្ដិរបស់ខ្លួនតាមរយៈមុខតំណែងជាសហស្ថាបនិកនៃក្រុមហ៊ុន Duty-Free Shoppers Group។ ដោយប្ដេជ្ញាបរិច្ចាគទ្រព្យសម្បត្ដិទាំងអស់ខ្លួន បុគ្គលស្នេហាមនុស្សជាតិ ដែលមានទ្រព្យសម្បត្ដិបច្ចុប្បន្នជាប្រាក់សុទ្ធ ១,៥ លានដុល្លារអាមេរិករូបនេះ បានបរិច្ចាគទ្រព្យសម្បត្ដិរបស់ខ្លួនដល់បណ្ដាអង្គការសប្បុរសធម៌អស់ ៦,៣ ពាន់លានដុល្លារអាមេរិករួចទៅហើយ។ មូលនិធិរបស់លោក គាំទ្រដល់ផ្នែកអប់រំ វិទ្យាសាស្រ្ដ ទំហែទាំសុខភាព និងសិទ្ធិជនស៊ីវិល នៅក្នុងបណ្ដាប្រទេសមួយចំនួនរួមមានទាំង សហរដ្ឋអាមេរិក វៀតណាម និងប្រទេស Bermuda។

 ៦. លោក​ Sulaiman Bin Abdul Aziz Al Rajhi

លោក Sulaiman Bin Abdul Aziz Al Rajhi បានចូលរួមស្ថាប​នា ធនាគារ Al Rajhi នៅក្នុងឆ្នាំ ១៩៥៧ ជាមួយបងប្អូនប្រុសរបស់លោក។  ធនាគារនេះ បានរីកចម្រើនក្លាយជាធនាគារអ៊ីស្លាមដ៏ធំបំផុត នៅក្នុងចំណោមធនាគារផ្សេងទៀត នៅក្នុងពិភពលោក។ គ្រួសារ Al Rajhi ត្រូវបានគេចាត់ទុកថា ជាគ្រួសារសម្បូរទ្រព្យធនបំផុតមួយ ក្នុងចំណោមគ្រួសារមានបំផុត នៅក្នុងប្រទេស Saudi Arabia ដែលមិនមែនជាត្រកូលរាជវង្ស។ នៅក្នុងឆ្នាំ​ ២០០១ លោក Sulaiman Bin Abdul Aziz Al Rajhi  ធ្លាប់បានប្រកាសថា លោកនឹងបរិច្ចាគទ្រព្យសម្បត្ដិរបស់លោកជាបន្ដបន្ទាប់ចំនួន ៧,៧ ពាន់លានដុល្លារអាមេរិក ជូនដល់អង្គការសម្បុរសធម៌។ រហូតមកដល់ពេលនេះ លោក បានបរិច្ចាគទ្រព្យសម្បត្ដិរបស់លោកចំនួន ៥,៧ ពាន់លានដុល្លារអាមេរិករួចទៅហើយ។



៧. លោក Gordon Moore

លោក Gordon Moore គឺជាសហស្ថាបនិកនៃក្រុមហ៊ុន Intel។ លោកបានលាលែងពីតំណែងអាជីវកម្មរបស់លោក ក្នុងឆ្នាំ​២០០៦ ។ ហើយនាពេលបច្ចុប្បន្ន លោកកំពុងលូកដៃចូលយ៉ាងជ្រៅ នៅក្នុងការងារមនុស្សធម៌ ជាមួយភរិយារបស់លោក។ ទាំងពីរនាក់ប្ដីប្រពន្ធ បានដំណើរការមូលនិធិ Gordon and Betty Moore Foundation និងបានបរិច្ចាគទ្រព្យសម្បត្ដិចំនួន ៥ ពាន់លានដុល្លារអាមេរិក ដល់យុទ្ធនាការគាំទ្រដល់ការអភិរក្សបរិស្ថាន ទំហែទាំអ្នកជំងឺ និងផ្នែកវិទ្យាសាស្រ្ដ។

៨. លោក Carlos Slim Helu

លោក Carlos Slim Helu គឺជាមហាសេដ្ឋីដ៏មានបំផុតម្នាក់ នៅលើពិភពលោក ដែលបានខិតខំបង្កើតទ្រព្យសម្បត្ដិដោយខ្លួនឯង។ តាមរយៈមូលនិធិផ្សេងគ្នា ដែលលោកជាប់ពាក់ព័ន្ធ លោកបានបរិច្ចាគទ្រព្យសម្បត្ដិចំនួន ៤ ពាន់លានដុល្លារអាមេរិក ជូនដល់អង្គការសប្បុរសធម៌ រហូតមកដល់ពេលនេះ។



៩.   លោក Eli Broad

លោក Eli Broad គឺជាមនុស្សតែម្នាក់គត់ ដែលបានបង្កើត ក្រុមហ៊ុន Fortune 500 ចំនួនពីរ នៅក្នុងឧស្សាហកម្មពីរផ្សេងគ្នា(KB Home និង SunAmerica)។ លោកបានបើកមូលនិធិចំនួនពីរគឺ The Eli and Edyth Broad Foundation និងមូលនិធិ Broad Art Foundation។ ការបរិច្ចាគពេញមួយជីវិតរបស់លោក Broad គឺមានចំនួនសរុប ៣,៣ ពាន់លានដុល្លារអាមេរិក។  



១០. លោក George Kaiser

លោក George Kaiser គឺជាប្រធានក្រុមហ៊ុន BOK Financial Corporation លោកក៏បានស្ថាបនា មូលនិធិគ្រួសារ George Kaiser Family Foundation ផងដែរ ដែលបានបរិច្ចាគទ្រព្យសម្បត្ដិសម្រាប់បុព្វហេតុអប់រំ សុខាភិបាល សាសនា សង្គមកិច្ច និងបុព្វហេតុផ្សេងៗ ដែលជាប់ទាក់ទងនឹងការអភិវឌ្ឍន៍សហគមន៍។ មកដល់ពេលនេះ លោកបានបរិច្ចាគទ្រព្យសម្បត្ដិរបស់ខ្លួនចំនួន ៣,៣ ពាន់លានដុល្លារអាមេរិក ៕




ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ afrizap


Tags: International news