សៀមរាប៖ រូបភាពដ៏ប្រណីតៗ នៃតួប្រាសាទរបស់កម្ពុជា ប្រមាណជា ១០០ប្រសាទ នៅក្នុងទីក្រុងសៀមរាបដ៏រុងរឿង រួមទាំងប្រាសាទអង្គរវត្តផងនោះ បានមានវត្តមាននៅក្នុងទំព័រ Street View (https://www.google.com/maps/views) និងវិទ្យាស្ថានចងក្រងវប្បធម៌ (Google Culture Institute) (https://www.google.com/cultural institute/home ?view=grid) របស់ Google ហើយ។ការដាក់បញ្ចូលប្រាសាទបុរាណរបស់ខ្មែរកម្ពុជា លើទំព័ររបស់ Google ទាំងពីរនេះ ត្រូវបានរំពឹងថា នឹងធ្វើឲ្យមនុស្សជាតិនៅលើពិភពលោក បានស្គាល់កាន់តែច្បាស់ថែមទៀត អំពីប្រាសាទបុរាណដ៏ប្រណីតរបស់ខ្មែរ ហើយអាចនឹងជួយទាក់ទាញ ភ្ញៀវទេសចរអន្តរជាតិកាន់តែច្រើន តាមផ្ទាំងទស្សនីយភាព នៃរូបភាពទាំងអស់នេះ។
ពិធីសម្ពោធដាក់បង្ហាញ និងប្រើប្រាស់ជាផ្លូវការនូវរូបភាពស្ទ្រីតវីយូ (Street View Imagery) នៃតំបន់អង្គរដ៏ល្បីល្បាញ នៅលើផែនទី Google Maps និងនៅក្នុងគម្រោងអច្ឆរិយវត្ថុពិភពលោក (World Wonder Project) របស់វិទ្យាស្ថានចងក្រងវប្បធម៌ (Google Culture Institute) របស់ Googleត្រូវបានធ្វើឡើង នាព្រឹកថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៤ លើទឹកដីអង្គរ ដោយមានការចូលរួមពីក្រុមអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ជាច្រើននាក់។
អ្នកជំនាញការរបស់ Google បានបញ្ជាក់ថា តាមរយៈរូបភាព Street View ដ៏ថ្មីសន្លាងនេះ ប្រជាជនជុំវិញពិភពលោក អាចទស្សនាកម្សាន្តលើ បណ្តាញអ៉ីនធឺណិតនូវតំបន់ប្រាសាទប្រវត្តិសាស្ត្រអង្គរ និង អាចគយគន់តួប្រាសាទ ព្រមទាំងចម្លាក់នានាយ៉ាងជាក់ស្តែង តាមប្រព័ន្ធរូបភាពឌីជីថល ៣៦០ដឺក្រេ។ មិនតែប៉ុណ្ណោះ ប្រជាពលរដ្ឋកម្ពុជា ក៏ដូចជាជាតិសាសន៍ដទៃ ក៏អាចស្វែងយល់បន្ថែមទៀតផងដែរ អំពីបេតិកភណ្ឌប្រវត្តិសាស្ត្រ និង វប្បធម៌ អង្គរ ដ៏សម្បូរបែប តាមរយៈវិចិត្រសាលនិម្មិត លើបណ្តាញអ៉ីនធឺណិតនៅក្នុងគម្រោងអច្ឆរិយវត្ថុរបស់ Google។
លោក មែនិក ហ្គូបតា (Manik Gupta) ប្រធានគ្រប់គ្រងផលិតផល នៃ Google Map (https://www.google.com/maps/preview) បានមានប្រសាសន៍ថា «យើងសង្ឃឹមថា ប្រជាជនកម្ពុជា និងប្រជាជនទូទាំងពិភពលោក អាចស្វែងយល់ពីកេរ្តិ៍មរតកវប្បធម៌ និង កេរ្តិ៍តំណែលបុរាណរបស់ប្រទេសកម្ពុជា តាមវិធីដ៏ថ្មីសន្លាងនេះ។ មិនថាតែការទស្សនាឡើងវិញ នៅតាមតំបន់ប្រសាទ ដ៏ល្បីល្បាញ ដូចជាប្រាសាទបាយ័ននាឱកាសបុណ្យចូលឆ្នាំថ្មីនេះ ឬក៏ការសិក្សាពីចម្លាក់ក្បាច់រាប នៃរឿងរាមកេរ្តិ៍ ក្នុងឈុតឆាកសមរភូមិទីក្រុងលង្ការ នាបរិវេណប្រាសាទ អង្គរវត្តប៉ុណ្ណោះទេ Street View គឺអាចជួយលោកអ្នកឲ្យធ្វើការរុករក និងស្វែងយល់ពីបេតិកភណ្ឌអង្គរ ដ៏សម្បូរបែបនេះ បានយ៉ាងងាយស្រួលជាងមុនផងដែរ»។
រូបភាពដែលជាផ្ទាំងទស្សនីយភាព នៃប្រាសាទបុរាណរបស់ខ្មែរ នឹងមានដាក់តាំងនៅលើគម្រោងអច្ឆរិយវត្ថុពិភពលោក (World Won ders Project) នៃវិទ្យាស្ថានចងក្រងវប្បធម៌របស់ Google ដែលអ្នកប្រើប្រាស់អាចចូល ទៅមើលយ៉ាងលម្អិត ពីចម្លាក់សិល្បៈដ៏ល្បីល្បាញ ដូចចម្លាក់រឿងកូរសមុទ្រទឹកដោះ ឬក៏ចម្លាក់រឿងសមរភូមិកុរុ សេត្រា (Battle of Kuru kshetra)។ អ្នកចូលចិត្តសិល្បៈ នឹងកោតសរសើររូបភាពពិព័រណ៍ ទាក់ទងនឹងប្រាសាទអង្គរវត្តជិត ៣០០ ផ្ទាំង ដែលតាំងនៅក្នុងវិទ្យាស្ថានចងក្រងវប្បធម៌ រួមមានដូចជារូបភាពសខ្មៅ នៃប្រាសាទជាច្រើន ថតតាំងពីទសវត្សរ៍ទី៤០ ក៏ដូចជាស្នាដៃបង្ហាញរបស់សិល្បករនានា ដែលរៀបរាប់ពីជីវិតនាយុគសម័យអង្គរ (https://www.goog le.com/culturalinstitute/entity/%2Fm%2F019xfl)។
លោក អាមិត ស៊ូដ (Amit Sood) អគ្គនាយក នៃវិទ្យាស្ថានចងក្រងវប្បធម៌របស់ Google បានថ្លែងថា «បេសកកម្មរបស់វិទ្យាស្ថានចងក្រងវប្បធម៌ គឹដើម្បីធ្វើឲ្យបេតិកភណ្ឌនានា នៅលើពិភពលោក ងាយស្រួលក្នុងការរុករក ស្វែងយល់ និង ដើម្បីអភិរក្សតាមលក្ខណៈឌីជីថល សម្រាប់បន្សល់ទុកដល់អ្នកជំនាន់ក្រោយ។ តាមរយៈការបង្ហាញលើបណ្តាញអ៉ីនធឺណិត នូវទស្សនីយភាពនៃតំបន់អង្គរ ដែលជានិមិត្តរូប ដ៏អស្ចារ្យបំផុតរបស់ប្រទេសកម្ពុជា យើងសង្ឃឹមថា នឹងអាចទាក់ទាញប្រជាជនទូទាំងពិភពលោក ឲ្យស្វែងយល់បន្ថែមទៀតអំពីពិភពសិល្បៈ និងវប្បធម៌ខ្មែរ ដែលជាទីគាប់ចិត្តនេះ»។
ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម លោក ស៊ុន ចាន់ថុល បានមានប្រសាសន៍ថា បច្ចេកវិទ្យា Street View របស់ Google នឹងជួយជំរុញឲ្យប្រជាជនកម្ពុជាកាន់តែច្រើនឡើង ក៏ដូចជាប្រជាជនទូទាំងពិភពលោក ស្វែងយល់បន្ថែមពីតំបន់វប្បធម៌ និងប្រវត្តិសាស្រ្ត ដ៏អស្ចារ្យជាច្រើនរបស់កម្ពុជា។
លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល ដែលជារដ្ឋមន្រ្តីមួយរូបចូលចិត្តស្វែងយល់ និងសិក្សាពីបច្ចេកវិទ្យាដែរនោះ បានមានប្រសាសន៍បន្តថា «ខ្ញុំជឿជាក់ថា ឆន្ទៈនេះ នឹងរួមចំណែកធ្វើឲ្យមានសន្ទុះកំណើន នៃវិស័យទេសចរណ៍របស់យើង ដែលជាវិស័យមួយកំពុងតែជំរុញកំណើនសេដ្ឋកិច្ច និងការងារ គួរឲ្យកត់សម្គាល់នៅក្នុងប្រទេសកម្ពុជា ។ ខ្ញុំក៏សង្ឃឹមដែរថា គម្រោងស្រ្ទីតវីយូនេះ នឹងលើកទឹកចិត្ត ព្រមទាំងជួយជំរុញយុវជន និងយុវនារីខ្មែរកាន់តែ ច្រើនជាងមុន ឲ្យស្វែងយល់បន្ថែមទៀត ពីបណ្តាញអ៉ីនធឺណិត និងខ្នះខ្នែងអភិវឌ្ឍន៍ជំនាញបច្ចេកទេសរបស់ពួកគេ»។
រដ្ឋមន្រ្តីក្រសួងទេសចរណ៍ លោក ថោង ខុន បានមានប្រសាសន៍ថា តាមរយៈគម្រោងស្ទ្រីតវីយូ លើបណ្តាញអ៉ីនធឺណិត នឹងផ្តល់ឱកាសក្នុងការចែករំលែក នូវអច្ឆរិយវត្តដ៏អស្ចារ្យរបស់កម្ពុជា ជាមួយអ្នកទស្សនាចំនួនច្រើនជាងមុន ដែលពុំធ្លាប់មាន។
លោករដ្ឋមន្រ្តីថ្លែងបន្តថា «ការមើលឃើញបណ្តុំចំនួនជាងរាប់ពាន់រូប ទស្សនីយភាពគ្រប់ជ្រុង និងទំហំធំច្បាស់ នៃតំបន់ដ៏ល្បីល្បាញ និងគួរឲ្យកត់សម្គាល់បំផុតរបស់កម្ពុជា នឹងជួយជំរុញឲ្យភ្ញៀវទេសចរ មកទស្សនាប្រទេសកម្ពុជា កាន់តែច្រើនជាងមុន ព្រមទាំងជួយអ្នកដែលបានទស្សនាហើយ ឲ្យស្គាល់ពីតំបន់ថ្មីៗ ដែលទើបរុករកឃើញ»។
អគ្គនាយកអាជ្ញាធរជាតិអប្សរា លោក ប៊ុន ណារិទ្ធ ដែលដកស្រង់ប្រសាសន៍ដោយក្រុមហ៊ុន Google បានឲ្យដឹងថា អាជ្ញាធរជាតិអប្សរា មានសេចក្តីសោមនស្សរីករាយក្រៃលែង ដែលតំបន់កេរ្តិ៍តំណែលប្រវត្តិសាស្រ្ត និងវប្បធម៌អច្ឆរិយវត្ថុពិភពលោកជាង ១០០កន្លែង នៅអង្គរ ត្រូវបានចងក្រងយ៉ាងទូលំទូលាយតាមបែបឌីជីថល និងមានភាពងាយស្រួលសម្រាប់មនុស្សគ្រប់រូប ស្វែងយល់នៅលើបណ្តាញអ៉ីនធឺណិត។
លោក ប៊ុន ណារិទ្ធ បានបន្តយ៉ាងដូច្នេះ «យើងទន្ទឹងនឹងស្ថាបនាបន្តពីសមិទ្ធិផលនេះ ព្រមទាំងអភិរក្ស និងចែករំលែកឲ្យបានកាន់តែច្រើនជាងមុន នូវបទពិសោធន៍នៃប្រវត្តិសាស្ត្រ និង វប្បធម៌ខ្មែរ ជូនដល់ប្រជាជនកម្ពុជា ក៏ដូចជាប្រជាជនទូទាំងពិភពលោក»។
ក្រុមហ៊ុន Google ក្រុមហ៊ុនដ៏ល្បីលើពិភពលោក ក្នុងការវិនិយោគតាមប្រព័ន្ធអ៉ីនធឺណិតនោះ បានសម្តែងនូវក្តីសង្ឃឹមថា ការនាំមកនូវបច្ចេកវិទ្យា Street View នេះ នឹងផ្តល់ជូនប្រជាជនកម្ពុជានូវសេវាផែនទី តាមរយៈបណ្តាញអ៉ីនធឺណេត ដែលអាចបំពេញតាមតម្រូវការ និងមានអត្ថប្រយោជន៍សម្រាប់ពួកគេ ព្រមទាំងជួយជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ប្រទេសនេះ តាមរយៈផែនទីប្រកបដោយលក្ខណៈល្អប្រសើរជាងមុន និង ជួយបង្កើនភាពល្បីល្បាញរបស់ប្រទេសកម្ពុជា ក្លាយជាគោលដៅទេសចរណ៍ ដ៏លេចធ្លោមួយសម្រាប់ប្រជាជននៅលើពិភពលោក។
សូមបញ្ជាក់ផងដែរថា Street View គឺជាផ្នែកដ៏ពិសេសមួយរបស់ Google Maps ដែលត្រូវបានដាក់ឲ្យប្រើប្រាស់នៅ ៥៥ប្រទេសរួចមកហើយ។ វាអាចជួយឲ្យមនុស្សរាល់គ្នាស្វែងយល់ និងរុករកលើបណ្តាញអ៉ីនធឺណិតនូវតំបន់ ដែលមាននៅលើផែនទីតាមរយៈរូបទស្សនីយភាពដងវិថីគ្រប់ជ្រុងជ្រោយ ពោលគឺ៣៦០ដឺក្រេ។
Google បានបើកបររថយន្តផ្តិតយករូបភាព តាមដងវិថីនានានៅក្នុងប្រទេសកម្ពុជា តាំងពីឆ្នាំ២០១៣ ដើម្បីបញ្ចូលទៅក្នុង Google Map នាពេលអនាគត ហើយក្រុមហ៊ុនដ៏ល្បីល្បាញមួយនេះ ក៏មានគោលបំណងផ្តិតយកគ្រប់រូបភាពទូទាំងប្រទេសកម្ពុជា ក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ។
វិទ្យាស្ថានចងក្រងវប្បធម៌របស់ Google (Google Cultural Institute) មានគោលដៅសំខាន់ក្នុងការបង្កើតនូវបច្ចេកវិទ្យា ដែលអាចជួយឲ្យសហគមន៍ វប្បធម៌នៅក្នុងពិភពលោក នាំយកកេរ្តិ៍មរតកវប្បធម៌ កម្រងសំណុំឯកសារ ទីតាំងបេតិកភ័ណ្ឌនានា និងសម្ភារៈផ្សេងៗទៀតទៅកាន់បណ្តាញអ៉ីនធឺណិត។ គួបផ្សំនឹងវត្ថុពិព័រណ៍ជាង ៣៥៦ ពីសំណាក់ដៃគូចំនួន ៤៥៥ទូទាំងពិភពលោក វិទ្យាស្ថានចងក្រងវប្បធម៌ មានគោលបំណងបង្កើនវិសាលភាព និង បរិមាណ នៃសម្ភារៈពីពិភពវប្បធម៌ ដែលអាចឲ្យមនុស្សគ្រប់រូបរុករកស្វែងយល់ នៅលើបណ្តាញអ៉ីនធឺណិត និង ធ្វើឲ្យកេរ្តិ៍តំណែលទាំងនេះ ងាយស្រួលរកឃើញ និងត្រូវបានអភិរក្សយ៉ាងល្អប្រសើរ សម្រាប់មនុស្សជំនាន់ក្រោយ៕










នេះជាបណ្តុំផ្ទាំងទស្សនីយភាព នៃរូបភាពប្រាសាទបុរាណខ្មែរ ដែលមានអាយុកាលជាច្រើនឆ្នាំ
ទស្សនារូបភាពជាច្រើនផ្សេងទៀតនៅលើទំព័រហ្គូហ្គលសូមចុច៖ Google Culture Institute
ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល