(ភ្នំពេញ)៖ សម្រាប់វិញ្ញាសាហែលទឹកចម្ងាយ ១០០ម៉ែត្រសេរីរបស់កីឡាករកម្ពុជា ពូ សុវិជ្ជា នៅក្នុងព្រឹត្តិការណ៍កីឡា Olympic Games លើកទី៣១ នៅទីក្រុង Rio ប្រទេសប្រេស៊ីលកាលពីយប់មិញ គឺគេធ្វើមិនបានល្អនោះទេ បន្ទាប់ពីប្រើថេរៈវេលា ៥៤វិនាទី និង ៥៥ ដូច្នេះគេមិនអាចបន្ដដំណើរទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្របានឡើយ ។
ពូ សុវិជ្ជា គឺបានបញ្ចប់ត្រឹមចំណាត់ថ្នាក់លេខ៧ ក្នុងចំណោមកីឡាករ ៨នាក់ ដែលប្រកួតជុំដំបូង ពោលគឺឈរលើកីឡាករនេប៉ាល់តែម្នាក់គត់ ។ ចំណែកកីឡាករធ្វើបានល្អជាងគេ និងត្រូវឡើងទៅប្រកួតជុំបន្ទាប់លើវិញ្ញាសាហែលចម្ងាយ ១០០ម៉ែត្រសេរីនេះ គឺកីឡាករ Mogne Igor មកពីប្រទេស Mozambique ដែលប្រើថេរៈវេលា ៥០វិនាទី និង ៦៥ ។
ប៉ុន្ដែបើនិយាយពីសមិទ្ធិផល ពូ សុវិច្ចា ធ្វើបានក្នុងការប្រកួតនេះវិញ គឺមានការធ្លាក់ចុះ ព្រោះពីមុនគេធ្វើបានក្នុងថេរៈវេលាជាង ៥៣វិនាទីប៉ុណ្ណោះ ។ ដូច្នេះនេះគឺជាការបរាជ័យមួយ ដែលកីឡាករជនជាតិអាមេរិករូបនេះ ធ្លាប់មានបំណងបង្កើតកំណត់ត្រាថ្មី ប៉ុន្ដែធ្វើមិនបានសម្រេច ។ យ៉ាងណាមិញ ពូ សុវិច្ចា ក៏បានសម្ដែងការខកចិត្ត ចំពោះសមិទ្ធិផលខ្លួនទទួលបាននេះដែរ ។
ក្រោយបញ្ចប់ការប្រកួត ពូ សុវិច្ចា វិបាននិយាយថា ខ្លួនមានការតូចចិត្តចំពោះលទ្ធផលទទួលបាន ប៉ុន្ដែយ៉ាងណាក៏ខ្លួនបានព្យាយាមខំប្រឹង អត់ពីសមត្ថភាពទៅហើយ។ លើសពីនេះគេក៏បានថ្លែងអំណរគុណអ្នកគាំទ្រក្នុងស្រុក និងក្រៅស្រុក ពិសេសគឺប្រតិតភូ និងកីឡាករ-កីឡាការិនី នៅទីក្រុង Rio បានចូលរួមគាំទ្រ និងស្រែកគាំត្រផ្ដល់កម្លាំងចិត្តផ្ទាល់នៅមជ្ឈមណ្ឌលហែលទឹក កីឡាអូឡាំពិកផងដែរ ៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង