នគរបាលប្រទេសអូទ្រីស បានអនុវត្ដការវាយឆ្នក់បន្ដបន្ទាប់គ្នា និងចាប់ខ្លួនមនុស្ស ១៤ នាក់ ក្រោយពីខ្មាន់កាំភ្លើងម្នាក់ បានបាញ់សម្លាប់មនុស្ស ៤ នាក់ នៅកណ្ដាលទីក្រុងវៀនណា កាលពីថ្ងៃចន្ទ ។
ខ្មាន់កាំភ្លើង ដែលគេស្គាល់ថា ជាភេរវករជាតិឥស្លាមអាយុ ២០ ឆ្នាំ ដែលត្រូវបានដោះលែងអោយមានសេរីភាពពីពន្ធធនាគារ កាលពីខែធ្នូ ឆ្នាំមុន ត្រូវបានប៉ូលិសបាញ់សម្លាប់ ក្រោយពីបុរសនេះ បើកការបាញ់ប្រហារលើអ្នកធ្វើដំណើរឆ្លងកាត់ ។
ផ្នែកសន្ដិសុខត្រូវបានរឹតបន្ដឹង នៅរដ្ឋធានីអូទ្រីស ខណៈដែលប៉ូលីស អនុវត្ដការប្រមាញ់ចាប់ខ្លួនអ្នកវាយប្រហារដទៃទៀត ។ ក៏ប៉ុន្ដែបច្ចុប្បន្ន អាជ្ញាធរ ជឿប្រាកដថា ខ្មាន់កាំភ្លើងនេះ គឺជាឃាតកតែម្នាក់គត់ ដែលបានប្រព្រឹត្ដបទមនុស្សឃាតនេះ ។
ប្រមុខរដ្ឋាភិបាលអូទ្រូសលោក Sebastian Kurz បាននិយាយថា ជនរងគ្រោះ ៤ នាក់ដែលបានស្លាប់បាត់បង់ជីវិត គឺមាន ស្រ្ដីចំណាស់ម្នាក់ បុរសចំណាស់ម្នាក់ បុរសជំទង់ម្នាក់ និងអ្នកបម្រើស្រីម្នាក់ ។ ចំណែកមនុស្ស ២២ នាក់ទៀត រងរបួស ។ ស្រ្ដីម្នាក់ ក្នុងចំណោមជនរងគ្រោះ ដែលបានស្លាប់នោះ គឺជាជនជាតិអាឡឺម៉ង់ នេះបើយោងតាមការអោយដឹងរបស់រដ្ឋមន្រ្ដីការបរទេស អាឡឺម៉ង់ ។
រដ្ឋមន្រ្ដីមហាផ្ទៃ លោក Karl Nehammer បាននិយាយថា ពុំមានការបញ្ជាក់អះអាងថា មានជនទីពីរ ដែលជាប់ពាក់ព័ន្ធនឹងការវាយប្រហារនេះនោះទេ ។ ក្រុមប៉ូលិស នៅតែ ធ្វើការវាយតម្លៃទៅលើ ឃ្លីបវីដេលើទូរសព្ទដៃចំនួន 20,000 វីដេអូ នៃអ្វីដែលបានកើតឡើង ។ អង្គការរដ្ឋឥស្លាម បានអះអាងនៅក្នុងវីដេអូ បង្ហោះ នៅឆាណែលឃោសនាអនឡាញរបស់ខ្លួនថា ពួកគេ គឺជាអ្នកនៅពីក្រោយការវាយប្រហារនោះ ដោយពុំបានភ្ជាប់ភស្ដុតាងមកជាមួយនោះទេ ៕
ប្រែសម្រួល៖ សារ៉ាត
ប្រភព៖ BBC