ក្រុមហ៊ុន Altice USA នឹងបង់ប្រាក់បញ្ចប់ក្ដីយ៉ាងច្រើនសន្ធឹកសន្ធាប់រហូតដល់ ៧២ លានដុល្លារអាមេរិក ជាមួយតុលាការក្រុងញូវយ៉ក ដែលតុលាការរដ្ឋនេះ បានវិនិច្ឆ័យថា ក្រុមហ៊ុនផ្ដល់សេវាទូរគមនាគមន៍មួយនេះ បរាជ័យក្នុងការត្រៀមខ្លួន ឬឆ្លើយតបចំពោះព្យុះត្រូពិក Isaias កាលពីខែ សីហា ជាអំឡុងពេល ដែលអតិថិជនជាង ៤៣៩,០០០ នាក់ ដាច់សេវាអ៊ីនធឺណិត ។
អភិបាលរដ្ឋលោក Andrew Cuomo បាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍មួយថា ៖ “ វាជារឿងមិនអាចទទួលយកបានសោះឡើយ កាលដែលធ្វើឱ្យអតិថិជនរាប់ពាន់នាក់ ពុំអាចបើកអ៊ីនធឺណិតបាន ជាពិសេសនៅអំឡុងពេលមួយ ដែលមនុស្សជាច្រើន ពឹងផ្អែកទៅលើបណ្ដាញអ៊ីនធឺណិតដើម្បីបំពេញកិច្ចការ និងរៀនសូត្រ” ។
លោកបានបន្ថែមទៀតថា ទឹកប្រាក់ដែលត្រូវបង់បញ្ចប់ក្ដី៧២ លានដុល្លារអាមេរិកនេះ គឺជាចំនួនទឹកប្រាក់ច្រើនបំផុតមិនធា្លប់មាន ដែលបង់ដោយក្រុមហ៊ុនមួយនេះ ដែលត្រូវបានគណៈកម្មាធិការសេវាកម្មសាធារណៈរបស់រដ្ឋពិនិត្យឃើញថា បរាជ័យក្នុងការអនុវត្ដតាមនីតិវិធីឆ្លើយចំពោះគ្រោះអាសន្ន ។
ដំណោះស្រាយសងជាប្រាក់ដើម្បីបញ្ចប់ក្ដីនេះ អនុលោមតាមរបាយការណ៍មួយកាលពីខែកុម្ភៈ ចេញដោយគណៈកម្មាធិការសេវាកម្មសាធារណៈ ដោយបានរកឃើញថា ក្រុមហ៊ុន Altice បរាជ័យយ៉ាងច្បាស់ក្រឡែត ក្នុងការអនុវត្ដតាមផ្នែកសំខាន់ៗមួយចំនួននៃផែនការប្រុងជើងការ និងការឆ្លើយបន្ទាន់ចំពោះព្យុះ នៅពេលដែលព្យុះត្រូពិក បោកបក់មកលើក្រុងញូវយ៉ក កាលពីថ្ងៃទី ៤ សីហា ឆ្នាំ ២០២០ ។ របាយការណ៍ខាងលើ បានបញ្ជាក់ពីខបំពានរបស់ក្រុមហ៊ុននេះដូចជា កង្វះការប្រាស្រ័យទាក់ទងជាមួយអតិថិជន មន្រ្ដីរដ្ឋាភិបាល និងស្ថាប័នផ្គត់ផ្គង់អគ្គីសនី និងបរាជ័យក្នុងការអនុវត្ដផែនការប្រុងជើងការ និងស្ដារឡើងវិញឱ្យបានគ្រប់គ្រាន់ ។
របាយការណ៍ដដែល បន្ថែមថា ជាលទ្ធផលនៃការខកខានរបស់ខ្លួន ក្នុងការអនុវត្ដផែនការឱ្យបានដិតដល់ ក្រុមហ៊ុន Altice ពុំអាចភ្ជាប់សេវាឡើងវិញឱ្យបានភ្លាមៗ ឬប្រាស្រ័យទាក់ទងឱ្យមានប្រសិទ្ធភាពជាមួយអតិថិជន ដែលមិនអាចប្រើប្រាស់សេវាបាននោះទេ។
ក្រុមហ៊ុនផ្ដល់សេវាទូរសព្ទ និងទូរទស្សន៍មួយចំនួនទៀត បានរាយការណ៍នូវការដាច់សេវាដូចគ្នានេះដែរ នៅអំឡុងព្យុះបក់បោក ។ របាយការណ៍ខាងលើ ក៏បានរិះគន់ដល់ក្រុមហ៊ុន Frontier Communications ផងដែរសម្រាប់ការឆ្លើយតបមិនបានល្អរបស់ក្រុមហ៊ុននេះ ចំពោះគ្រោះធម្មជាតិមួយនេះ ។
ក្រុមហ៊ុន Altice នឹងចំណាយប្រាក់ ៦៨.៥ លានដុល្លារអាមេរិកដើម្បីអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងបច្ចេកវិទ្យារបស់ខ្លួន រួមទាំងថ្លៃចំណាយឆ្លើយតបចំពោះព្យុះ ដែលមិនតម្រូវឱ្យអតិថិជន ចេញថ្លៃចំណាយនេះឡើយ ។ ក្រុមហ៊ុននេះ ក៏ត្រូវបង់ទឹកប្រាក់ចំនួន ៣.៤ លានដុល្លារដល់អតិថិជន ផងដែរ៕
ប្រែសម្រួល៖ សារ៉ាត
ប្រភព៖ lawyer-monthly