(ភ្នំពេញ)៖ តារាចម្រៀង សែន កំសត់ ឬលោក រិន សាវេត ជ័យលាភីក្នុងការប្រឡងចម្រៀងរបស់ស្ថានីយ៍កងយុទ្ធពលខេមរភូមិន្ទ បានក្លាយជាតារាចម្រៀងក្នុងផលិតកម្មហង្សមាស ១០ឆ្នាំមកហើយ តែកេរ្តី៍ឈ្មោះតារាចម្រៀងរូបនេះ មិនបានឡើង ឬចុះទៅណាទេ ។
លោកហាក់នៅទ្រឹងរយៈពេល ២ទៅ៣ឆ្នាំ ទើបលោកមានបទចម្រៀងផងម្ដង ឬក៏មានត្រឹមតែក្នុងបុណ្យចូលឆ្នាំប្រពៃណីខ្មែរប៉ុណ្ណោះ ដើម្បីអបអរសាទរក្នុងពិធីប្រពៃណីជាតិមួយនេះ តែក្រោយមានវត្តមានលោក យក់ ដួងតារា ដែលជាតារាចម្រៀងស្រុកកំណើតពីខេត្តបន្ទាយមានជ័យដូចគ្នាមក លោកហាក់រយាលពីបទចម្រៀង ។
ថ្វីដ្បិតតែគ្មានបទចម្រៀងសម្រាប់ច្រៀង ឬខ្សត់បទចម្រៀងតារារូបនេះមិនធ្លាប់ចង់ចាកចេញពីផលិតកម្ម ហង្សមាសឡើយ ព្រោះលោកមានកិច្ចសន្យាជាមួយផលិតកម្ម និងមានប្រាក់បៀរវត្សរ៍ទោះមិនសូវមិនសូវច្រើនក្ដី ក៏លោកមិនបោះបង់ទ្រនំឲ្យកំណើតមួយនេះដែរ ។
តែប៉ុន្មានថ្ងៃកន្លងមកនេះលោក រិន សាវេត បែរជានឹកឃើញចង់រៀបការតាមប្រពៃណី ដែលមានឪពុកម្ដាយផ្សំផ្គំឲ្យទៅវិញលោក រិន សាវេត បាននិយាយក្នុងបណ្ដាញសង្គមផ្ទាល់ខ្លួនលោកថា លោកបានក្លាយជាតារចម្រៀងដូចក្ដីស្រម៉ៃពីក្មេង តែលោកក៏ចង់បានការរៀបការដែលផ្សំផ្គំពីឪពុកម្ដាយលោកផងដែរ តែមើលទៅលោកហាក់គ្មានជំនឿថា លោកនឹងបានរៀបការសោះ ខណៈដែលអាយុលោកកាន់តែក្រែលទៅហើយក្ដី ។
តារាចម្រៀងលោក រិន សាវេត ធ្លាប់មានព័ត៌មានស្រឡាញ់គ្នាជាមួយកញ្ញា សុន ស្រីពេជ្រ ពេលនាងចូលផលិតកម្ម ដ៏ធំមួយនេះដំបូងៗ តែក្រោយមកក៏សាបរលាបទៅវិញ ហើយពេលនេះកញ្ញា សុន ស្រីពេជ្រ ក៏មានគូដណ្ដឹង ត្រឹមត្រូវត្រៀមតែថ្ងៃរៀបការប៉ុណ្ណោះ តែនៅសល់តែលោក រិន សាវេត ហេលហាលម្នាក់ឯង ៕
ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី