CamNews

ព័ត៌មានជាតិ 

BREAKING NEWS: ចោរមួយក្រុមចូលប្លន់នៅកន្លែងផ្ទេរប្រាក់ Wing នៅស្រុក​កំពង់ស្វាយ យកអស់១៣,​០០០ដុល្លារ

(កំពង់ធំ)៖ មេបញ្ជាការអាវុធហត្ថខេត្តកំពង់ធំ លោកឧត្តមសេនីយ៍ ហង្ស ថុល បានប្រាប់ Fresh News មុននេះថា នៅវេលាម៉ោងជាង៧​យប់ថ្ងៃទី១៥ ខែកុម្ភ: ឆ្នាំ២០១៦នេះ មានចោរមួយក្រុម មានគ្នា៣នាក់ ប្រដាប់ដោយកាំភ្លើង AK មួយដើម និងកាំភ្លើងខ្លីមួយដើម បានចូលទៅភ្ជង់ និងប្លន់ នៅកន្លែងផ្ទេរប្រាក់ Wing យកលុយខ្មែរ និងដុល្លារ ចំនួន១៣,០០០ដុល្លារ ហើយគេចខ្លួនបាត់។ ករណីប្លន់នេះ បានកើតឡើងនៅក្នុងភូមិសានគរ ឃុំសានគរ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

លោក ហង្ស ថុល បានបញ្ជាក់ថា ជនរងគ្រោះមានឈ្មោះ ប៊ួយ សុខលី ភេទប្រុស អាយុ៥០ឆ្នាំ រីឯក្រុមចោរទាំងនេះ បានធ្វើសកម្មភាព ដោយបានចូលមកពីក្រោយផ្ទះ ដែលម្នាក់ៗសុទ្ធតែបិទម៉ាស់ជិត ហើយគំរាមទៅជនរងគ្រោះថា កុំឲ្យមើលមុខ រួចប្រមូលយកលុយដុល្លារ និងលុយខ្មែរ អស់ចំនួន១៣,០០០ដុល្លារ រួមជាមួយនឹង ខ្សែជើងផ្លាកទីន១ខ្សែ បណ្ណបើកបរ​ ១សន្លឹក និង អត្តសញ្ញាណប័ណ្ណ របស់ឈ្មោះ ឈូ វិទ្យា ភេទប្រុស ១សន្លឹក មុនពេលរត់គេចខ្លួនបាត់។

នៅពេលនេះកម្លាំងអាវុធហត្ថរបស់លោក សហការជាមួយនគរបាល កំពុងតាមបង្ក្រាបក្រុមចោរទាំងនេះហើយ ។ យ៉ាងណាក៏ដោយ ជនរងគ្រោះមិនបានរងរបួសធ្ងន់ធ្ងរនោះឡើយ ដោយក្រុមចោរគ្រាន់ភ្ជង់ប៉ុណ្ណោះ មិនបានបាញ់នោះទេ ៕

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី


Tags: National news local news social news Cambodia Khmer Asia Phnom Penh