CamNews

តារា 

ព័ត៌​មាន​​ល្ហិច​ល្ហៀង​ ខេម ផ្ដល់​សំណង​២៥០០០​ដុល្លារ ដល់​គ្រួសារ​សព ត្រូវបង​ប្រុស​ជន​រង ចេញមុខបដិសេធ

(ភ្នំពេញ)៖ លោក លី ម៉ាត់លី ត្រូវជាបងប្រុសជន​រងគ្រោះ លី ម៉ាត់រីន ​ស្លាប់ក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ រថយន្តតារាចម្រៀង ខេម ម៉ាក RANGE ROVER បុកជាមួយរថយន្ត Celica កាលពីថ្ងៃទី១៧ខែឧសភា ឆ្នាំ២០១៦នេះ បានធ្វើការបដិសេធ ចំពោះ​​ដំណឹង​លេចឮល្ហិចល្ហៀងមកថា ក្រុមគ្រួសារតារាចម្រៀង ខេម បានចរចាចូលខ្លួន ដោះស្រាយបញ្ចប់រឿង ដោយបានផ្ដល់សំណង​ ចំនួន២៥០០០ដុល្លារ ដោយលោកបានបញ្ជាក់ថា យ៉ាងខ្លីថា រហូតមកដល់ពេលនេះ ពុំមានការចរចា ឬផ្ដល់សំណងអ្វីមួយ ដល់គ្រួសារលោក ដែលជាជនរងគ្រោះ នៅឡើយ ព័ត៌មានខាងលើមិនពិតទេ។

លោក លី ម៉ាត់លី បានប្រាប់ Khmertalking នៅមុននេះបន្តិចថា ដំណឹងដែលថា ក្រុមគ្រួសាររបស់តារាចម្រៀង ខេម បានផ្ដល់សំណង ចំនួន២៥០០០ដុល្លារ ដល់គ្រួសាររបស់លោកនោះ គឺមិនពិតនោះទេ ដោយពេលនេះ លោកកំពុងតែជាប់រវល់ជាមួយ​មេធាវី មិនបានផ្ដល់ចម្លើយអ្វីឲ្យវែងឆ្ងាយនោះឡើយ។ លោកនិយាយយ៉ាងខ្លីថា « អត់ទេបង.. អត់ទាន់មានទេ...សុំទោសបងពេលនេះខ្ញុំ កំពុងរវល់ជាមួយមេធាវីបន្តិច..!»។ រួចក៏ចុចផ្ដាច់ទូរស័ព្ទតែម្ដង។

សូមបញ្ជាក់ថា ​គិតត្រឹមថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៦នេះ ករណីគ្រោះថ្នាក់ចរាចរ ​រវាងរថយន្តរបស់តារាចម្រៀង ខេម បុកជាមួយនឹងរថយន្ត Celica កាលពី​យប់ថ្ងៃទី១៧​ ខែឧសភាកន្លងទៅ បណ្ដាលឲ្យស្លាប់បុរសម្នាក់ គឺមានរយៈពេល៨ ថ្ងៃមកហើយ ប៉ុន្តែអ្វីដែលកំពុងតែទន្ទឹង​រង់ចាំមើល ពីដំណោះស្រាយ ចំពោះក្រុមគ្រួសារជនរងគ្រោះនោះ ហាក់នៅមិនទាន់មានលទ្ធផលអ្វី ជាដុំកំភួន​នៅឡើយទេ ខណៈដែលក្រុមគ្រួសារ ជនរងគ្រោះ កំពុងតែពិចារណាដាក់ពាក្យប្ដឹងតាមផ្លូវច្បាប់ ប្រសិនបើគ្មានដំណោះស្រាយ សមរម្យណាមួយនោះ។​

ប៉ុន្តែទោះបីជាយ៉ាងណា ប្រភព័ត៌មានពីមន្រ្តីចរាចរណ៍ផ្លូវគោក បានបង្ហើបប្រាប់ថា សំណុំរឿងគ្រោះថ្នាក់ចរាចរណ៍ របស់តារាចម្រៀង ខេម បានបញ្ជូនដល់ដៃតុលាការហើយ កាលពីម្សិលមិញនេះ ព្រោះត្រូវបានរៀបចំឡើងតាមផ្លូវច្បាប់ ទោះបីជាភាគីទាំងពីរ បានដោះស្រាយចប់សព្វគ្រប់ក្ដី ព្រោះករណីគ្រោះថ្នាក់ចរាចរណ៍ បណ្ដាលឲ្យមានមនុស្សស្លាប់នេះ គឺតារាចម្រៀង ខេម ត្រូវជាប់បណ្ដឹងអាជ្ញារមួយទៀត ទោះបីក្រុមគ្រួសារជនរងគ្រោះ មិនដាក់ពាក្យប្ដឹងក្ដី។

ក្នុងសំណុំរឿងនេះ ​សាច់ញាតិ​ជនរងគ្រោះ ធ្លាប់បានបញ្ជាក់​ថា ​បងប្អូនគ្រួសារ តារាចម្រៀង​ ខេម រួមនឹងខាងផលិតកម្មផង បានសុំចូលខ្លួនមកចរចារដោះស្រាយ បញ្ហាគ្រោះថ្នាក់ចរាចរណ៍។ ពាក់ព័ន្ធនឹងចំនួនទឹកប្រាក់ នៃការសងសំណង មិនទាន់ត្រូវបាន​បង្ហើបឲ្យដឹង នៅឡើយនោះទេ។ ​​ប៉ុន្តែរហូតមកដល់ពេលនេះ គឺមិនទាន់មានជាលទ្ធផលផ្លែផ្កាអ្វីឡើយ ខណៈដែលដំណោះស្រាយ គឺមិនទាន់មាននោះទេ។

យ៉ាងណាមិញប្រពភព័ត៌មាន ពីក្រុមគ្រួសារជនរងគ្រោះ បានបង្ហើបឲ្យដឹងថា ខ្លួនក៏មិនចង់វែងឆ្ងាយអ្វីតទៅទៀតដែរ ព្រោះបើវែងឆ្ងាយ ក៏មិនអាចឲ្យជីវិត មនុស្សដែលស្លាប់ទៅហើយ រស់មកវិញដែរ ប៉ុន្តែពាក់ព័ន្ធនឹងសំណង ក៏ត្រូវពិចារណាឲ្យបានសមរម្យដែរ ព្រោះជីវិតមនុស្ស មិនអាចកាត់ថ្លៃបានទេ ។ តែយ៉ាងណា ក៏គ្រួសារជនរងគ្រោះ មានការយោគយល់ ចំពោះការចូលខ្លួនមកដោះស្រាយ ពីសំណាក់គ្រួសារ ខេម នៅពេលនេះ​ ព្រោះសំខាន់ស្ថិតនៅលើការជជែកគ្នា ដើម្បីទទួលយកបានទាំងសងខាង តែប៉ុណ្ណោះ៕

 

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: Khem