CamNews

ព័ត៌មានអន្តរជាតិ 

លោកត្រាំ និយាយថា លោកមិនចង់ធ្វើពាណិជ្ជកម្មជាមួយ Huawei ដោយសារការព្រួយបារម្ភពីសន្ដិសុខជាតិ

ប្រធានាធិបតីអាមេរិក លោក ដូណាល់ត្រាំ បាននិយាយថា លោកមិនចង់ធ្វើពាណិជ្ជកម្មជាមួយក្រុមហ៊ុនបច្ចេកវិទ្យាយក្សចិន Huawei ទេ ក្រោយពីរបាយការណ៍ចុងសប្ដាហ៍នេះ ឱ្យដឹងថា រដ្ឋបាលសហរដ្ឋអាមេរិក គ្រោងនឹងពន្យារពេលអាជ្ញាប័ណ្ណពាណិជ្ជកម្មបន្ដទៀត ដែលអនុញ្ញាតឱ្យក្រុមហ៊ុននេះ អាចទិញគ្រឿងបន្លាស់ ពីក្រុមហ៊ុនអាមេរិក ។



លោកបាននិយាយប្រាប់អ្នកកាសែតថា៖”  ខ្ញុំមិនចង់ធ្វើពាណិជ្ជកម្មអ្វីទាំងអស់ ពីព្រោះវាគឺជាការគំរាមកំហែងសន្ដិសុខជាតិ។ យើងនឹងចាំមើលថា នឹងមានអ្វីកើតឡើង។ ខ្ញុំនឹងធ្វើការសម្រេចចិត្ដនៅថ្ងៃស្អែក” ។

កាសែត The Wall Street Journal និងកាសែត Reuters បានរាយការណ៍ថា  ក្រសួងពាណិជ្ជកម្មអាមេរិក គ្រោងនឹងបន្ដអាជ្ញាប័ណ្ណពាណិជ្ជកម្មចំនួន ៩០ ថ្ងៃបន្ថែមទៀត ដែលនឹងអនុញ្ញាតឱ្យក្រុមហ៊ុន Huawei អាចបន្ដពាណិជ្ជកម្មរបស់ខ្លួនជាមួយបណ្ដាក្រុមហ៊ុនអាមេរិក ដើម្បីផ្ដល់សេវាកម្មជូនអតិថិជន ដែលមានស្រាប់ ។ កិច្ចសន្យាបច្ចុប្បន្ន ត្រូវបានកំណត់បញ្ចប់ នៅថ្ងៃចន្ទនេះ ។

ក្រសួងពាណិជ្ជកម្មអាមេរិក បានដាក់ក្រុមហ៊ុន Huawei ទៅក្នុងបញ្ជីខ្មៅកាលពីខែឧសភា ក្រោយពីលោក ដូណាល់ ត្រាំបានប្រកាសអាសន្នកម្រិតថ្នាក់ជាតិស្ដីពីការគំរាមកំហែងចំពោះបច្ចេកវិទ្យាអាមេរិក។  បញ្ជីខ្មៅនោះ ហាមឃាត់មិនឱ្យក្រុមហ៊ុនអាមេរិកលក់ ឬផ្ទេរបច្ចេកវិទ្យាទៅឱ្យក្រុមហ៊ុន Huawei នោះទេ លុះត្រាតែក្រុមហ៊ុននេះ ទទួលបានអាជ្ញាប័ណ្ណពិសេសណាមួយ ៕

 

អត្ថបទ៖ សារ៉ាត

ប្រភព៖ CNBC