(ភ្នំពេញ)៖ បន្ទាប់ពីរស់នៅបែកបាក់គ្នា រវាងគ្រួសារអ្នកសិល្បៈ តារាសម្ដែង និងបង្ហាញម៉ូដ លោក យ៉ែម សំអូន និងភរិយាអ្នកនាង យ៉ាន លីនដា អស់រយៈពេលជាង១ឆ្នាំមកនេះ បានធ្វើឲ្យលោក យ៉ែម សំអូន រស់នៅក្នុងប្រទេសកម្ពុជាតែម្នាក់ឯង ពោរពេញដោយភាពឯកា ខណៈដែលប្រពន្ធរបស់ខ្លួន បានប្រកាសយ៉ាងដាច់អហង្កាថា លែងលះលោកតាមផ្លូវច្បាប់ និងមិនវិលទៅប្រទេសខ្មែរវិញឡើយ។ ដំណើររឿងដ៏គួរឲ្យភ្ញាក់ផ្អើល របស់លោក យ៉ែម សំអូន និង ភរិយា បានធ្វើឲ្យផ្អើលអស់អ្នកសិល្បៈ និងមហាជនទូទៅ ព្រោះតែម្នាក់ៗមិននឹកស្មានដល់ថា ជីវិស្នេហារបស់ពួកគេ ឈានដល់ដំណាក់កាលបែបនេះសោះ ។
ជារឿយៗ លោក យ៉ែម សំអូន តែងតែបង្ហាញសារខូចចិត្ត ស្ដាយក្រោយនូវទង្វើរបស់ខ្លួន ជាសាធារណៈ ជាពិសេសដើម្បីឲ្យបានដឹងដល់ភរិយា និងកូនស្រីបណញដូលចិត្ត ក្នុងចេតនា បានរស់នៅជុំគ្នាវិញ ។ ប៉ុន្តែអ្វីដែលលោកទទួលបាន គឺគ្មានចម្លើយ គ្មានការផ្ដល់ភ្លើងខៀវថា ភរិយាវិលវិញនោះឡើយ។
ដោយអំណាចនៃការនឹករឭកកូនស្រី បណ្ដូលចិត្តពេក លោក យ៉ែម សំអូន នៅតែចិញ្ចឹមចិត្តចាកចេញ ពីប្រទេសកម្ពុជា ទៅកាន់ប្រទេសអូស្រ្តាលី ដើម្បីជួបមុខកូនស្រី បើទោះបីជារូបលោកត្រូវប្រឈមមុខ ឬមើលមុខគ្នាមិនត្រង់ ជាមួយភរិយា គឺអ្នកនាង យ៉ាន លីនដា ក្ដី ។ ជាក់ស្ដែង នៅល្ងាចថ្ងៃទី០៦ ខែមេសា នេះ លោកបានជួបកូនស្រី បណ្ដូលចិត្ត ដូចបំណង នៅក្នុងប្រទេសអូស្រ្តាលី ហើយបានរៀបចំកម្មវិធីខួបកំណើតអាយុ១៥ឆ្នាំ ក្នុងហាងមួយ នាទីក្រុងមែលប៊ល ប្រទេសអូស្រ្តាលី។
លោក យ៉ែម សំអូន បានស្ទុះឱបកូនស្រី ដោយមិនបានគិតពីក្រសែភ្នែក អ្នកជិតខាង ព្រោះតែក្ដីនឹករឭកពក់ពេកក្រៃ ហើយកូនស្រីរបស់លោក ក៏ឱបឪពុកវិញ ដោយក្ដីស្រឡាញ់ មុននឹងពិធីផ្លុំទៀន ខួបកំណើតមកដល់។ លោក យ៉ែម សំអូន បានសរសេរនៅក្នុង Facebook របស់ខ្លួនថា «ស្ថិតនៅក្នុងរង្វង់ដៃ ដែលឱបជាប់ទៅនឹងដើមទ្រូង ហើយខ្យល់ដង្ហើមរបស់ អ្នក បានបង្ហាញនូវអារម្មណ៍ និងភាពកក់ក្ដៅ ដែលសំរាប់ខ្ញុំ បានរង់ចាំមកយ៉ាងយូ អ្នកហាក់មានថាមពល ដ៏អស្ចារ្យ និងជាកំលាំង ដែលបង្ហាញពីភាព អត់ធ្មត់ តស៊ូ តំណក់ទឹកភ្នែករបស់ខ្ញុំ ដែលហូរមក គឺបង្ហាញនូវក្ដីរំភើបហួសនឹងថ្លែង ចង់ប្រាប់អ្នកជាកំលាំងការលើកទឹកចឹត្តខ្ញុំ ឲ្យខ្ញុំតស៊ូបន្តទៀត ខ្ញុំស្បថថា ខ្ញុំស្រឡាញ់ និងថែរក្សាអ្នក អស់មួយជីវិត @ronnyyem ..!»៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង