CamNews

តារា 

នាង Khloe Kardashian ដាក់អង្គ​រក្ស​១១​នាក់ តាម​ការ​ពារ​​ក្រោយ​​កើត ហេតុ​ការណ៍​ប្លន់​បង​ស្រី

(អាមេរិក)៖ នាង Khloe Kardashian ដែលជាប្អូនស្រី របស់តារាចម្រៀង និងជាតារាទូរទស្សន៍ដ៏ល្បី របស់អាមេរិក Kim Kardashian ចេញមុខអះអាងថា ពេលនេះសមា ជិកក្រុមគ្រួសារនាង តែងតែទៅណាមកណា មានអង្គរក្សអមជានិច្ច តាំងតែពីកើតហេតុការណ៍ប្លន់បងស្រីនាង មកធ្វើឲ្យក្រុមគ្រួសារ មិនមានអារម្មណ៍ ថា មានសុវត្ថិភាពឡើយ។ 

អ្វីដែលគួរឲ្យភ្ញាក់ផ្អើល គឺបុរសៗដែលជាអង្គរក្ស របស់នាងមានរហូតដល់ ទៅ១១នាក់ឯណោះ ធ្វើឲ្យមជ្ឈដ្ឋាននានា លើកឡើង ថា ពិតជាពិបាកហើយសម្រាប់ អ្នកគាំទ្រ Khloe Kardashian ព្រោះពួកគេ នឹងមិនអាចទៅក្បែរតារាស្រីរូបនេះ ដើម្បីថតសែលហ្វីឡើយ។

ការដាក់អង្គរក្សតាមខ្លួន២៤ម៉ោង សម្រាប់ក្រុមគ្រួសារ Kardashian ធ្វើឲ្យមនុស្សមួយចំនួន យល់ថា វាជារឿងខ្លាច និងបារម្ភជ្រុលពេក ប៉ុន្តែរឿងនេះត្រូវបាន Khloe Kardashian និយាយថា វាមិនមែនជារឿងកំប្លែងទេ ដរាបណាគេមិនទាន់ជួបហេតុ ការណ៍ដូចដែលបងស្រីនាង ជួបផ្ទាល់ហើយដើម្បីធានាសុវត្ថិភាព គ្រប់គ្រាន់ និងធ្វើឲ្យសមាជិកគ្រួសារមានសេចក្តីសុខ ច្រើនឡើងតម្រូវឲ្យ ធ្វើបែបនេះ។

មុនពេលដែលកើតហេតុការណ៍ប្លន់ ចំពោះបងស្រីនាង Khloe Kardashian ទៅណាមកណាមានត្រឹមតែ អង្គរក្សម្នាក់ប៉ុណ្ណោះឬ ជួនកាលទៅណាតែឯងទៀតផង ប៉ុន្តែក្រោយកើតរឿងមក ធ្វើឲ្យក្រុមគ្រួសារ នាងចេះតែកើតភាពខ្លាចរអា នឹងធ្វើដំណើរទៅណាមកណា តែឯងទៀតហើយ។ កាលពីថ្ងៃទី១៩ តុលា កន្លងទៅនេះ គឺជាថ្ងៃកំណើតរបស់ Kim Kardashian ចូលវ័យ៣៦ឆ្នាំ តែក៏មិនត្រូវបានប្រារព្ធឡើងដែរ ហើយបន្ទាប់ពី ជួបទង្វើអាក្រក់ ពីក្រុមចោរប្លន់មកធ្វើឲ្យ តារាស្រីហូលីវូតរូបនេះ មិនទាន់ទទួលថតរឿងថ្មីតាមការស្នើ របស់ក្រុមហ៊ុនខ្លះនៅឡើយទេ៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង