(ក្រុងឡុងដ៍)៖ កីឡាករខ្សែប្រយុទ្ធជួរមុខ Jermain Defoe របស់ក្លឹបឆ្មាខ្មៅ Sunderland កំពុងតែតស៊ូគ្រប់យ៉ាង ដើម្បីឲ្យគ្រូបង្វឹកជម្រើសជាតិអង់គ្លេសមើលឃើញរូបគេ និងកោះហៅចូលរួមក្រុមក្នុងព្រឹត្តិការណ៍បាល់ទាត់ Euro 2016 នៅ ប្រទេសបារាំង ដែលចាប់ផ្តើមខែមិថុនាខាងមុខ ។
សារព័ត៌មាន BBC បានផ្សាយថា កីឡាករវ័យ៣៣ឆ្នាំ ដែលកំពុងប្រកបអាជីពលេងនៅក្នុងក្របខណ្ឌ Premier League មួយនេះធ្លាប់លេងឲ្យក្រុមជម្រើសជាតិតោកំណាចអង់គ្លេសបាន៥៥ប្រកួតមកហើយ ដោយស៊ុតបញ្ចូលទីបាន ១៥គ្រាប់នាពេលកន្លង ហើយក៏ទើបតែជួយសង្រ្គោះ Sunderland គេចចេញពីតំបន់កាត់ចោលក្នុងរដូវកាល ឆ្នាំ២០១៥-២០១៦ នេះផងដែរ ដោយសារស៊ុតបញ្ចូលទីបានជាបន្តបន្ទាប់ ។
ចាប់តាំងពីឆ្នាំ២០១៣ មក Defoe មិនត្រូវបានកោះហៅឲ្យចូលរួមលេងក្នុងជម្រើសជាតិនោះឡើយ ហើយរូបគេក៏បាន ទៅលេងឲ្យក្លឹបនៅ Major League Soccer រយៈពេល១ឆ្នាំផងដែរ ស្របពេលដែលគ្រូបង្វឹកឆ្មាខ្មៅលោក Sam Allardyce បានសរសើរ Defoe ថា មានទម្រង់លេងល្អ និងខ្ពស់ជាងគេទៀតផង ។
Defoe បានថ្លែងថា «ខ្ញុំរីករាយណាស់ដែលទម្រង់លេងមានការកើនឡើងក្នុងរដូវកាលនេះ ដែលធ្វើអាចស៊ុតបញ្ចូលទីបានច្រើនគ្រាប់ ប្រសិនបើខ្ញុំមិនបានជាប់ទៅ Euro 2016 ក៏ខ្ញុំសប្បាយចិត្តដែរ» ។
យ៉ាងណាក៏ដោយ Jermain Defoe ក៏នៅមានសង្ឃឹមផងដែរ ខណៈដែលបញ្ជីឈ្មោះកីឡាករទាំង២៣នាក់សម្រាប់លេងនៅ Euro 2016 គ្រូបង្វឹក Roy Hodgson មិនទាន់កោះហៅនោះទេ ដោយលោកសុំពន្យារពេលរហូតដល់ចប់ Premier League ក្នុងសប្តាហ៍នេះសិន ពោលគឺថ្ងៃចន្ទសប្តាហ៍ក្រោយ នឹងបញ្ជូនឈ្មោះទៅហើយ ៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង