(ភ្នំពេញ)៖ ក្រុមជម្រើសជាតិក្រោមអាយុ ១៤ឆ្នាំកម្ពុជា (U-14) ធ្វើមិនបានល្អឡើយ សម្រាប់ការប្រកួតទី៣របស់ខ្លួន នៅក្នុងពានរង្វាន់យុវជន AFC U-14 Regional Festival Of Football 2016 នាព្រឹកថ្ងៃទី២៩ ខែកក្កដានេះ ក្រោយប្រកួតចាញ់ក្រុមយុវជនម៉ាឡេស៊ី ក្នុងលទ្ធផល ៥-១ មុននេះបន្ដិច នៅលើទឹកដីនៃប្រទេសប្រ៊ុយណេ។
នេះជាការបរាជ័យលើកដំបូងរបស់ក្រុម U-14 កម្ពុជា ក្នុងចំណោម៣ប្រកួត បន្ទាប់ពីយកឈ្នះក្រុមយុវជនហ្វីលីពីន និងទីម័រខាងកើតកាលពីពេលថ្មីៗកន្លងទៅ។ ចំពោះគ្រាប់បាល់១គ្រាប់ ដែលទម្លុះសំណាញ់ក្រុមម៉ាឡេស៊ីនាព្រឹកនេះ គឺធ្វើបានសម្រេចដោយយុវជន រី លាភផេង ប៉ុន្ដែយ៉ាងណាក៏មិនអាចយកឈ្នះក្រុមម៉ាឡេស៊ីបានឡើយ។
យោងតាមកម្មវិធីប្រកួតផ្ដល់ជូនដោយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានបញ្ជាក់ថា U-14 កម្ពុជា គឺនៅសល់១ប្រកួតទៀត មុននឹងបញ្ចប់បេសកកម្មរបស់ខ្លួន ដោយត្រូវជួបក្រុមយុវជនឡាវ នៅព្រឹកថ្ងៃទី៣០ ខែកក្កដាស្អែក។ ប៉ុន្ដែការប្រកួតនេះ គ្រាន់តែជាការប្រកួតផ្លាស់ប្ដូរបទពិសោធន៍ក្នុងពូល មិនតម្រូវឲ្យមានការឡើងទៅវគ្គបន្ដនោះទេ៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង