(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានប្រកាសថា សម្តេចមិនចុះហត្ថលេខាលើលិខិតលើកលែងឲ្យអ្នកណានោះទេ បើសិនសម្តេចចុះមែន សម្តេចនឹងកាត់ដៃរបស់ខ្លួនឯងចោល។
ការថ្លែងមិនចំឈ្មោះរបស់សម្តេចតេជោ ហ៊ុន សែន នៅពេលនេះ, ប៉ុន្តែអាចដឹងបានថាគឺសំដៅទៅលើលោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ។
សម្តេចតេជោ ហ៊ុន សែន បានប្រកាសយ៉ាងដូច្នេះថា៖ «មានអ្នកខ្លះលេងជាមួយគ្នា ម្តងហើយ ម្តងទៀត ចាក់គ្រឡេកគ្នាពីលិចពីកើត ដល់គេទះ៤-៥កំផ្លៀង លើកើៗ ហើយឥឡូវសូមកុំសង្ឃឹមខ្ញុំប្រកាស បើខ្ញុំចុះហត្ថលេខាលើកលែងទោសឲ្យអ្នកណា ខ្ញុំនឹងកាត់ដៃស្តាំខ្ញុំក្រវាត់ចោល អ្នកឯងចាំ»
ការប្រកាសបែបនេះរបស់សម្តេចតេជោ ហ៊ុន សែន ធ្វើឡើងនៅក្នុងពិធីចែកសញ្ញាបត្រដល់និស្សិត សាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច នៅក្នុងមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ នាព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៥នេះ៕


ផ្ដល់សិទ្ធដោយ៖ ហ្វ្រេសញ៉ូវអាស៊ី