CamNews

ព័ត៌មានជាតិ 

រដ្ឋបាលព្រៃឈើក្រចេះ ចាប់ឈើប្រណីត ជាង១០០កំណាត់ ដែលឈ្មួញបម្រុងដឹក ទៅលក់នៅវៀតណាម

ក្រចេះ៖ កម្លាំងសមត្ថកិច្ចចម្រុះ នៃផ្នែករដ្ឋបាលព្រៃឈើក្រចេះ សហការជាមួយកម្លាំងអាវុធហត្ថ យោធារ និង នគរបាល បានចាប់ឈើប្រណីតជាង ១០០កំណាត់ ដែលក្រុមឈ្មួញបានគរស្តុកទុកក្នុងព្រៃ ត្រៀមដឹកទៅលក់ នៅប្រទេសវៀតណាម។

ប្រតិបត្តិការពេញមួយថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៤ នៅក្នុងឃុំរលួសមានជ័យ ស្រុកសំបូរ ខេត្តក្រចេះ នោះសមត្ថ កិច្ច បានរកឃើញប្រណីតដែលមានមុខកាត់ធំៗ ជាង១០០កំណាត់ សុទ្ធសឹងជាប្រភេទឈើធ្នង់។

លោក ព្រាប សុទ្ធារ៉ា នាយផ្នែករដ្ឋបាលព្រៃឈើក្រចេះ បានឲ្យភ្នាក់ងារមជ្ឍមណ្ឌលព័ត៌មានដើមអម្ពិលដឹងថា លោក ឆេង គឹមស៊ុន ប្រតិភូររបស់រាជរដ្ឋាភិបាល ទទួលបន្ទុកផ្នែករដ្ឋបាលព្រៃឈើ តែងតែដាស់តឿន និងចង្អុល បង្ហាញឲ្យបង្ក្រាប និង ទប់ស្កាត់រាល់បទល្មើសព្រៃឈើ។

ដោយទទួលបានការចង្អុលបង្ហាញនេះ លោក ព្រាប សុទ្ធារ៉ា បានប្រើប្រាស់កម្លាំងរដ្ឋបាលព្រៃឈើ សហការជា មួយកងកម្លាំងប្រដាប់អាវុធចម្រុះ ចុះទៅដល់ទីតាំងក្រុមឈ្មួញ បានដឹកឈើមកស្តុកទុក បម្រុងដឹកយកទៅលក់។

ក្រោយរឹបអូសឈើប្រណីតទាំងអស់ ត្រូវបានដឹកយកទៅរក្សាទុកនៅថ្នាលបណ្តុះកូនឈើខ្សារ រីឯក្រុមឈ្មួញ ដែលត្រូវបានគេស្គាល់ថា ជាឈ្មួញជើងចាស់នោះ នៅមិនទាន់ដឹងថា សមត្ថកិច្ចជំនាញពាក់ព័ន្ធ និងចាត់វិធាន ការបន្តរយ៉ាងណានៅឡើយទេ៕

ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល


Tags: national news