CamNews

ព័ត៌មានជាតិ 

លោក ស៊ូបែឌី នឹងធ្វើសន្និសីទ កាសែតជុំវិញ ដំណើរទស្សនកិច្ច របស់លោកនៅកម្ពុជា នាថ្ងៃព្រហស្បតិ៍នេះ

ភ្នំពេញ៖ ប្រេសិតអង្គការ សហប្រជាជាតិ ទទួលបន្ទុកកិច្ចសិទ្ធិមនុស្ស នៅកម្ពុជា លោក សូរិយា ប្រាសាទ ស៊ូប៊ែឌី នឹងធ្វើសន្និសីទកាសែតមួយ នៅរសៀលថ្ងៃព្រហស្បតិ៍ ស្អែកនេះ ក្នុងដំណើរបំពេញបេសកកម្ម លើកទី១០ របស់លោកនៅកម្ពុជា។

យោងតាមសេចក្តីជូនព័ត៌មាន របស់ការិយាល័យឧត្តមស្នងការ អង្គការសហប្រជាជាតិ ទទួលបន្ទុកផ្នែក សិទ្ធិមនុស្ស ហៅកាត់ថា OHCHR ដែលមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ទទួលបាននៅថ្ងៃពុធ ទី១៥ខែមករា ឆ្នាំ២០១៣ ឱ្យដឹងថា សន្និសីទនេះ នឹងធ្វើនៅការិយាល័យរបស់ OHCHR នាទីក្រុងភ្នំពេញ វេលាម៉ោង ១និង៣០ នាទីរសៀល។

នៅក្នុងសន្និសីទ លោក ស៊ូប៊ែឌី នឹងធ្វើបទបង្ហាញផងដែរ អំពីខ្លឹមសំខាន់ៗ មួយចំនួនដែលត្រូវបានលើកឡើង ក្នុងដំណើរបេសកកម្ម របស់លោក ហើយលោក ក៏នឹងផ្តល់វេទិកាសួរឆ្លើយ ដល់អ្នកកាសែតផងដែរ ទាក់ទងនឹង អណត្តិការងារបស់លោក។

លោក បានមកបំពេញទស្សនកិច្ចនៅកម្ពុជា ចាប់តាំងពីថ្ងៃទី១២ ខែមករា បន្ទាប់ពីលោក កាន់តំណែងនេះ ក្នុង ឆ្នាំ២០០៩។

ក្នុងដំណើរទស្សនកិច្ចនេះ លោកបានជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃ ព្រះរាជាណាចក្រកម្ពុជា និងមន្រ្តីអង្គការសង្គមស៊ីវិល មួយចំនួន ផងដែរ ប៉ុន្តែលោក មិនបានទៅចូលរួម អង្កេតការណ៍ព្រឹត្តិការណ៍ ដែលមេដឹកនាំគណបក្សប្រឆាំង ចូលទៅបំភ្លឺ នៅសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី១៤ ខែមករា ដូចការលើកឡើងរបស់ មេដឹកនាំគណបក្ស ប្រឆាំងនោះទេ ៕

Photo by DAP-News

ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល


Tags: National News